សន្និសីទពិភពលោកលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ បានប្រារព្វពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៤មីនា និងបន្តរបៀបវារៈរបស់ខ្លួនរហូតដល់ថ្ងៃទី១៨ មីនា។
សន្និសីទដ៏មានសារៈសំខាន់នេះ បានប្រារព្វធ្វើឡើងនៅទីក្រុងសេនដាយ (Sendai) ដែលជាទីក្រុង គំរូ របស់ខេត្តមិយ៉ាហ្គិ(Miyagi) ប្រទេសជប៉ុន។
សន្និសីទពិភពលោកលើកទី៣នេះ ត្រូវបានការយាងចូលរួមពីព្រះចៅអធិរាជ ព្រះចៅអធិរាជនីជប៉ុន ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ រួមទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្រ្តី តំណាងរាស្រ្ត បណ្ឌិតសភា អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល និងបានទាក់ទាញអ្នកចូលរួមប្រមាណ៨ពាន់នាក់ អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនឹងសាធារណៈ ដែលភ្ជាប់ទៅនិងសន្និសីទពិភពលោកនេះ។ ប្រទេសជប៉ុននិងអង្គការសហប្រជាជាតិ បានរៀបចំសន្និសីទពិភពលោកចំនួនពីរលើករួចមកហើយ នៅក្នុងប្រទេសជប៉ុន ក្នុងនោះលើកទី១ សន្និសីទពិភពលោកស្តីពីការកាត់បន្ថយគ្រោះមហន្តរាយ នៅទីក្រុងយូកូហាម៉ា (Yukohama) ក្នុងឆ្នាំ១៩៩៤ និងលើកទី២នៅខេត្តយ៉ូហ្គូ(Hyogo)ក្នុងឆ្នាំ២០០៥ និងពេលនេះ គឺជាលើកទី៣ ដែលជប៉ុនបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំនូវសន្និសីទពិភពលោកដ៏មានសារៈសំខាន់នេះ។
ថ្លែងនៅក្នុងពីធីបើកសន្និសីទពិភពលោកលើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្ត រាយ ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ មានប្រសាសន៍ថា មានប្រសាសន៍ថា ពេលនេះ គឺដល់ពេលដែលយើងទាំងអស់គ្នា ធ្វើការផ្លាស់ប្តូរបទពិសោធន៍និងយោបល់ពីគ្នាទៅវិញទៅមក ជុំវិញការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ មានប្រសាសន៍ចាត់ទុកថា ការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយ គឺជាបញ្ហាប្រឈមដែលយើងទាំងគ្នាត្រូវតែរួមគ្នា រិករកវិធានការសមស្របណាមួយក្នុងការទប់ស្កាត់ និងការបន្ថយនូវហានិភ័យ ដែល បាននិងកំពុងកើតមានឡើងនៅលើពិភពលោកយើងនេះ។ ឯកឧត្តមអគ្គលេខាធិការក៏បានស្នើឲ្យមានការ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស ក្នុងការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ពិសេសការ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងប្រព័ន្ធបច្ចេកវិទ្យា ដែលបន្សាំទៅនិងបម្រែបម្រួលអាកាសធាតុ និងការខិតខំ តស៊ួទប់ទល់និងគ្រោះមហន្តរាយ។ ឯកឧត្តមអគ្គលេខាធិការក៏បានគូសបញ្ជាក់ដែរថា នេះគឺជាការប្រកាស អាសន្នមួយដល់បណ្តាប្រទេសទាំងអស់លើពិភពលោក ពិសេសបណ្តាប្រទេសនៅតាមបណ្តាកោះឲ្យបន្តការយកចិត្តទុកដាក់រួមគ្នាក្នុងការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ដែលនឹងកើតមានឡើងនៅចំពោះមុខ។
ក្នុងពីធីបើកសន្និសីទនោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បានប្រកាស់នូវការបង្កើតគំនិត ផ្តួចផ្តើមកិច្ចសហប្រតិបត្តិការសេនដាយ ដោយផ្តោតលើការយកចិត្តទុកដាក់លើចំណុចសំខាន់ៗចំនួន៣ គឺការផ្តល់ជំនួយមិនមែនជាវត្តុ ជំនួយជាវត្តុ និងការលើកស្ទួយកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ។ នៅក្នុងគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន បានប្រសាសន៍អំពីជំនួយគិតជាទឹក ប្រាក់ចំនួន៤ពាន់លានដុល្លា ក្នុងការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ រួមទាំងការជួយបណ្តុះបណ្តាលដល់មន្រ្តី បុគ្គលិកចំនួន៤ម៉ឺននាក់ផ្សេងទៀត ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងសុន្ទរកថាគន្លឹៈនោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ក៏បានគូសបញ្ជាក់ពីការកសាងឡើងវិញបី គឺការកសាងឡើងវិញ ការកសាងឲ្យមានផ្អប្រសើរជាងមុន និងការកសាងនូវជំនឿទុកចិត្ត។ ជាមួយគ្នានេះឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យមានការផ្លាស់ប្តូរនូវបទពិសោធន៍ក្នុងចំណោមបណ្តាប្រទេស ដែលបានអញ្ជើញចូលរួមទាំងអស់។ ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានផ្តល់នូវសារៈសំខាន់ខ្លាំងណាស់ ដល់បណ្តាមេដឹកនាំពិភពលោកទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាននេះ។
កម្មវត្ថុចំនួន៥ នឹងត្រូវលើកយកមកពិភាក្សានៅក្នុងសន្និសីទដ៏មានសារៈសំខាន់នេះ ក្នុងនោះទី១ ‑ បញ្ចប់ការវាយតម្លៃ និងពិនិត្យឡើងវិញ នូវការអនុវត្តផែនការសកម្មភាពខេត្ត Hyogo ដើម្បីកាត់បន្ថយហានិ ភ័យ នៃគ្រោះមហន្តរាយឆ្នាំ២០០៥-២០១៥ (Hyogo Framework for Action-HFA) ។ ទី២‑ ពិនិត្យ ពិចារណាទៅលើបទពិសោធន៍ទាំងឡាយដែលទទួលបាន តាមរយៈការអនុវត្តយុទ្ធសាស្រ្ត និងផែនការដែលមានគោលដៅកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ដែលបានអនុវត្តដោយស្ថាប័ននៅថ្នាក់ជាតិ និងនៅថ្នាក់តំបន់ និងពិនិត្យពិចារណារាល់អនុសាសន៍ដែលលើកឡើងដោយស្ថាប័នទាំងអស់នេះ ហើយក៏មានការពិនិត្យពិចាណាទៅលើកិច្ចព្រមព្រៀងនៅថ្នាក់តំបន់ ដែលជាកិច្ចព្រមព្រៀងសមស្របនៅក្នុងក្រប ខណ្ឌនៃផែនការសកម្មភាពHFA។ ទី៣‑ អនុម័តផែនការសកម្មភាពសម្រាប់ការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយនៅក្រោយឆ្នាំ២០១៥។ ៤កំណត់រកឲ្យឃើញនូវបែបបទ នៃការធ្វើកិច្ចសហប្រតិបត្តិការដោយ ផ្អែកលើការប្តេជ្ញាចិត្ត ថានឹងអនុវត្តផែនការសកម្មភាពក្រោយឆ្នាំ២០១៥ ដើម្បីកាត់បន្ថយហានិភ័យ នៃ គ្រោះមហន្តរាយ និង៥កំណត់យកបែបបទនានាសម្រាប់ការត្រួតពិនិត្យឡើងវិញ ដោយទៀងទាត់ចំពោះ ការអនុវត្តនូវផែនការសកម្មភាពនៅក្រោយឆ្នាំ២០១៥ ដើម្បីកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ។
គណៈប្រតិភូទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទពិភពលោកលើកទី៣នេះ នឹងធ្វើការពិភាក្សា លម្អិតអំពីក្របខណ្ឌការងារថ្មី របស់អង្គការសហប្រជាជាតិសម្រាប់យកទៅជំនួសឲ្យ HFA ដែល បានអនុម័តកាលពី១០ឆ្នាំមុន។ សេចក្តីព្រាងបឋមនៃក្របខណ្ឌការងារថ្មីនៅក្រោយឆ្នាំ២០១៥ ស្តីពីការកាត់ បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ដែលព្រាងឡើងដោយសហប្រធាន នៃគណៈកម្មាធិការរៀបចំអង្គសន្និសីទពិភពលោកលើកទី៣នេះ នឹងក្លាយជាឯកសារគន្លឹៈនៃការពិភាក្សានៅក្នុងសន្និសីទរយៈពេល៤ថ្ងៃនេះ។ សេចក្តីព្រាងបឋមនោះ នឹងកំណត់នូវការងារអាទិភាពចំនួន៤ គឺ១ការយល់ដឹងអំពីហានិភ័យនៃគ្រោះមហន្តរាយ ទី២‑ ការពង្រឹងអភិបាលកិច្ច និងស្ថាប័ននានា ដើម្បីគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយ ទី៣‑ ការដាក់ទុនវិនិយោគលើភាពអាចធន់បាន នៅក្នុងវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន និង៤ការលើក កម្ពស់ការត្រៀមខ្លួនដើម្បីឆ្លើយតបឲ្យមានប្រសិទ្ធភាព និងការត្រឡប់ទៅស្ថាបនាឲ្យមានលក្ខណៈល្អប្រសើរ នៅក្នុងការស្តារនិងការកសាងឡើងវិញ។
គ្រោះមហន្តរាយមានពីរប្រភេទ គឺគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ និងគ្រោះមហន្តរាយដែលបង្កឡើងដោយមនុស្ស។ គ្រោះមហន្តរាយទាំងពីរប្រទេសនេះ អាចបង្កហានិភ័យដ៏ធំធេងដូចគ្នា ប្រសិនបើគ្មានវិធានការត្រឹមត្រូវសម្រាប់ទប់ស្កាត់នោះទេ។ ហេតុដូច្នេះទើបបានជាពិភពលោកខិតខំប្រឹងប្រែងដាក់ចេញជាវិធានការ HFA សម្រាប់ឆ្នាំ២០០៥-២០១៥ ហើយនឹងកំពុងត្រៀមអនុម័តវិធានការថ្មី ឬ ហៅក្រមខណ្ឌការងារដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដំណាក់កាលទី២ (HFA2) សម្រាប់ទប់ ស្កាត់គ្រោះមហន្តរាយនៅក្នុងអំឡុងពី១០ទៅ១៥ឆ្នាំខងមុខ។
គ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ គ្រោះធម្មជាតិមានដូចជាខ្យល់ព្យុះ ទឹកជំនន់ រាំងស្ងួត ព្យុះព្រិល សុទ្ធតែមានការកើនឡើងយ៉ាងខ្លាំងក្លា រហូតធ្វើឲ្យពិភពលោកមានការព្រួយបារម្ភ។ នៅក្នុងចន្លោះពីឆ្នាំ ២០០២ដល់ឆ្នាំ២០១១ គ្រោះមហន្តរាយចំនួន៤១៣០ ត្រូវបានកត់ត្រាដែលបង្កឡើងដោយធម្មជាតិនៅ ជុំវិញពិភពលោក ឲ្យបានបណ្តាឲ្យមនុស្សជាង១លាន១សែន១ម៉ឺននាក់ស្លាប់បាត់បង់ជីវិត និងខាតបង់ទ្រព្យសម្បត្តិជាង១ពាន់១៩៥ពាន់លានដុល្លាអាមេរិក។ សូមបញ្ជាក់ដែរថា សន្និសីទពិភពលោកលើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយនេះ និងបន្តកិច្ចពិភាក្សាការងាររបស់ខ្លួននៅក្នុងរយៈពេល៣ថ្ងៃបន្តទៀត ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៨មីនា។ ជាមួយគ្នានេះប្រធានសន្និសីទនិងចេញសេចក្តីប្រ កាសរួមស្តីពីលទ្ធផល នៃសន្និសីទពិភពលោកលើកទី៣នេះផងដែរ។
សូមបញ្ជាក់ដែរថា នៅក្នុងសន្និសីទ ពិភពលោកលើកទី៣នេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងសុន្ទរកថាគន្លឹៈដោយរូបសម្តេចយល់ឃើញ ថា យើងទាំងអស់គ្នាត្រូវផ្តោតអាទិភាពទៅលើការអនុវត្តកិច្ចការសំខាន់ៗ មួយចំនួនរួមមាន ទី១ការពង្រឹងស្ថាប័ន និងការបង្កើនក្របខណ្ឌច្បាប់ បទបញ្ញាត្តិ និងយន្តការគ្រប់គ្រងគ្រោះមហន្តរាយនៅគ្រប់កម្រិតទាំងអស់ ដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់ប្រទេសនីមួយៗ ក៏ដូចជាការផ្តល់នូវការគាំទ្របន្ថែមទៀតដល់ ការខិតខំធ្វើសមាហរណកម្មទាំងក្នុងកម្រិតតំបន់ និងពិភពលោក ទី២ការបង្កើននិងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឥតព្រំដែន ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ពិសេសការបន្តជំរុញធ្វើការផ្លាស់ប្តូរព័ត៌មានឲ្យកាន់តែស៊ីជំរៅ ព្រមទាំងបង្កើតកម្មវិធីចែករំលែកចំណេះដឹងទាក់ទិននឹងការទប់ស្កាត់ និងកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយទាំងក្នុងកម្រិតសហគមន៍ កម្រិតជាតិ កម្រិតតំបន់ និងអន្តរជាតិ ទី៣ ការលើកកម្ពស់ភាពជាដៃគូ ព្រមទាំងការបង្កនិងធានានូវបរិយាកាសដែលបើកទូលាយ និងមានលក្ខណៈអនុគ្រោះ ដើម្បីជំរុញការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់នៅគ្រប់កម្រិត រួមទាំងក្រុមជនងាយរង គ្រោះផង ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ពិសេសតាមរយៈការគាំទ្រនូវភាពជាអ្នកដឹកនាំ និងការពង្រឹង សមត្ថភាពអនុវត្តនៅតាមសហគមន៍ ទី៤ការបញ្ចូលនូវការទប់ស្កាត់និងការកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយ ទៅក្នុងផែនការអភិវឌ្ឍន៍នៅគ្រប់គ្រប់កម្រិតទាំងអស់ ដោយផ្អែកលើអភិក្រមនៃការរៀបចំ និងអនុវត្តផែនការសកម្មភាពតាមតំបន់នីមួយៗ ដែលយកសហគមន៍ជាស្នូលនៃការធ្វើផែនការ និងដោយសហការជាមួយនិងគ្រប់ភាគីពាក់ព័ន្ធ ទី៥ការពង្រឹងផែនការត្រៀមបំរុងឆ្លើយតបនិងគ្រោះមហន្តរាយ ដែលមានយន្តការត្រឹមត្រូវដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តផែនការ ព្រមទាំងការបន្តពង្រឹងយន្តការជួយគាំពារ ដល់ប្រជាជនងាយរងគ្រោះទាំងក្នុងពេល និងក្រោយពេលមានគ្រោះមហន្តរាយ តាមរយៈការពង្រឹងស្ថាប័ន និងយន្តការពាក់ព័ន្ធ ជាពិសេសគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនីមួយៗ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនិងគ្រប់ដៃគូពាក់ព័ន្ធ ទី៦ការវិភាជន៍ថវិកាឲ្យបានគ្រប់គ្រាន់ទៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបញ្រ្ជាបផែនការសកម្មភាពសម្រាប់កាត់បន្ថយហានិភ័យ ពីគ្រោះមហន្តរាយ ក៏ដូចជាសម្រាប់រៀបចំ និងអនុវត្តសំណាញ់សុវត្ថិភាពសង្គម និងកម្មវិធីគាំពារសង្គម សំដៅកាត់បន្ថយហានិភ័យ បង្កើនភាពធ្ងន់ និងរក្សាសន្តិសុខស្បៀង ។ ការពង្រឹង និងពង្រីកប្រព័ន្ធធានារ៉ាប់រង រួមទាំងការបន្តខិតខំបង្កើនផលិតផលធានារ៉ាប់រងថ្មីៗបន្ថែមទៀតផងដែរ ដើម្បីឆ្លើយតបនឹងហានិភ័យគ្រោះមហន្តរាយ ជាពិសេសការធានារ៉ាប់រងអាយុជីវិត និងការធានារ៉ាប់រងខ្នាតតូច ។
នៅថ្ងៃត្រង់ថ្ងៃដដែលនោះដែរ ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានប្រារព្វរៀបចំពិធី ទទួលទានអាហារថ្ងៃត្រង់ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងបណ្តាគណៈប្រតិភូទាំងអស់ដែលមានវត្តមានអញ្ជើញ មកចូលរួមសន្និសីទពិភពលោកលើកទី ៣ របស់អង្គការសហប្រជាជាតិ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅទីក្រុងសេនដាយ ប្រទេសជប៉ុន។
ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេស នានាលើពិភពលោក ដែលបានចំណាយពេលវេលាដ៏មានតំលៃបំផុត អញ្ជើញមកចូលរួមក្នុងពិធីសន្និសីទ ពិភពលោកលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅ ទីក្រុងសេនដាយ ប្រទេសជប៉ុន។ ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនិងគណៈប្រតិភូទាំងអស់ នៅទីក្រុងសេនដាយប្រទេសជប៉ុន នៅពេលនេះ គឺពិតជាតំលៃមិនអាចកាតថ្លៃបាន និងគឺជាការធ្វើពលីកម្មយ៉ាងធំធេងសំរាប់សន្តិភាព ស្ថេរភាព និង ការអភិវឌ្ឍក្នុងតំបន់ ពិសេសការរួមគ្នារិៈរកគ្រប់មធ្យោបាយ ក្នុងការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ដែលបង្កឡើងដោយការបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយ ដែលបាន និងកំពុងកើតមានឡើងនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។
នៅក្នុងសុន្ទរកថាខ្លីនោះឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ក្នុងនាមព្រះចៅអធិរាជ និងព្រះអធិរាជនី ក៏ដូចជាភរិយា និងប្រជាជនជប៉ុនទាំងអស់ ឯកឧត្តមបានប្រសិទ្ធពរដល់ការស្នាក់នៅទីក្រុងសេនដាយ ប្រកបដោយសុវត្តិភាពបំផុត ដើម្បីជានិម្មិតរូបដល់ចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រជាជាតិទាំងអស់ក្នុងតំបន និងពិភពលោក៕
No comments:
Post a Comment