Thursday, September 18, 2014

សម្តេច​​តេជោ​គាំទ្រ​​ការ​​ប្រយុទ្ធ​​​ប្រឆាំង​អំពើ​ភេរ​វកម្ម​របស់​ពួក ISIS និ​ង​​គាំទ្រ​​រដ្ឋ​សភា​ក្នុង​​ការ​​កោះ​​ហៅ​​រដ្ឋមន្ត្រី​​ទៅ​សួរ​

សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បាន​ប្រកាស​ពី​ជំហរ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ជា​ពិសេស​ក្រុមភេរវកម្មISIS ជាមួយ​បណ្តា​ប្រទេស​នានា ដែល​ជំហរ​នេះ​ត្រូវ​បានរក្សា​តាំង​ពីដើម​រហូត​ដល់​បច្ចុប្បន្ន​ ថ្វីត្បិត​តែ​កម្ពុជា​ពុំ​មាន​កម្លាំង​បញ្ជូន​ទៅ​ប្រយុទ្ធ​ផ្ទាល់​ក៏ដោយ​។

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជាផ្លូវការ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​(ផយអជ) ២០១៤-២០១៨ នៅ​សណ្ឋាគារ​សូហ្វី​តែល​ភ្នំពេញ​ភូគីត្រា នា​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ​២០១៤ ​សម្ដេចតេជោ​មាន​ប្រសាសន៍​ថា កម្ពុជា​ខ្លួន​ឯង​បាន​ចូលរួម​សហការ​ជាមួយ ប្រទេស​ជាច្រើន​នៅ​ក្នុង​តំបន់ និង​ពិភព​លោក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ហើយ​យើង​មិន​យោគ​យល់ មិន​អត់​ឱន​ចំពោះ​ភេរវកម្ម​ណា​មួយ​ឡើយ។ ក្រៅ​ពី​កិច្ច​សហ​ប្រតិបត្តិការ​នៅ​ក្រៅ​ប្រទេស យើង​ក៏​ធ្វើ​សហប្រតិបត្តិការ​សំខាន់​បំផុត ក្នុង​ការ​ការពារ​លើដែន​ដី​របស់​ខ្លួន​ឱ្យ​បាន​កុំឱ្យ​មាន​អំពើ​ភេរវកម្ម​កើត​ឡើង​។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ថា ពិត​មែន​តែ​កម្ពុជា​មិន​មែន​ជាគោល​ដៅ​នៃ​ការវាយ​ប្រហារ​របស់​ពួក​ភេរវកម្ម ប៉ុន្តែ​យើង​មិន​ត្រូវ​ភ្លេច​ថា ក្នុង​១ឆ្នាំ​មាន​ជនបរទេស​ជាង​៤លាន​នាក់​មកទស្សន​កិច្ច​ទេសចរណ៍​នៅ​កម្ពុជា និង​មាន​ក្រុមហ៊ុន​មក​ពី​បរទេស​ជា​ច្រើន បាន​មក​ធ្វើ​សកម្មភាព​រកស៊ី​នៅ​កម្ពុជា រាប់​ទាំង​អ្នកការ​ទូត​ជាច្រើន​ផង​ដែរ ។ ដូច្នេះ​កម្ពុជា​ខ្លួន​ឯង ត្រូវ​ធ្វើ​កិច្ចការ​ឱ្យល្អបំផុត​ធ្វើ​យ៉ាងណា​កុំ​ឱ្យកម្ពុជា​ក្លាយទៅ​ជាជម្រក​របស់​ពួកភេរវ​កម្ម ក្លាយ​ទៅ​ជាជម្រក​នៃ​ភេរវករ ឬ​កន្លែងនេះ​ទៅ​ជាកន្លែង​លាង​សម្អាត​ប្រាក់​ភេរវកម្ម នោះ​ទេ​យើង​បាន​ប្រឹង​ប្រែង​ណាស់​ជាមួយ​កិច្ចការ​អស់​ទាំង​នេះ។

សម្ដេច​តេជោបាន​មាន​ប្រសាសន៍​រំលឹក​អំពី​គោល​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រឆាំង​ក្រុម​ភេវរកម្ម​ថា សម្រាប់​គោល​ជំហរ​របស់​យើង​ចំពោះ​ពួក ISIS កន្លង​ទៅ​យើង​បាន​ថ្កោល​ទោស​ជាបន្ត​បន្ទាប់​ចំពោះ​ការ​សម្លាប់​អ្នក​កាសែត ដែល​ជាជន​ជាតិ​អាមេរិក និង​ជន​ជាតិ​អង់គ្លេស យើង​បន្ត​នូវ​ការថ្កោលទោស​នូវ​ឧក្រិដ្ឋកម្ម​អំពើ​ព្រៃផ្សៃ​បែប​នេះ ហើយ​យុទ្ធនា​ការ​ដែល​កំពុង​ធ្វើ​ក្នុង​ការ​ទប់​ស្កាត់ និង​បំផ្លាញ​ក្រុមពួក ISIS។ ទោះ​បី​យ៉ាង​ណា​លើ​សកម្ម​ភាព​ជាក់​ស្តែង​របស់​កម្ពុជា​ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ពន្យល់​ថា យើង​គ្មានលទ្ធភាព ទៅ​ចូលរួម​ផ្ទាល់​នៅ​ទីនោះ​ទេ ក៏​ប៉ុន្តែ​ជា​ផ្លូវ​ចិត្ត​យើង​ផ្ដល់​នូវ​ការគាំទ្រ​ចំពោះ​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​បំផ្លាញ​ដល់​ពួក​ភេរវកម្ម​មិន​ត្រឹម​តែ​ពួក ISIS មួយ​ទេ មាន​ក្រុម​អាល់កៃដា និង​ក្រុម​ភេរវកម្ម​ផ្សេងៗ​ទៀត។ យើង​មាន​កម្លាំង​បញ្ជូន​ទៅ​ស៊ូដង់​ខាង​ត្បូង យើង​មាន​កម្លាំង​បញ្ជូន​ទៅ​លីបង់ យើង​មាន​កម្លាំង​បញ្ជូន​ទៅ​ម៉ាលី ឥឡូវ​យើង​កំពុង​តែបញ្ជូន​កម្លាំងឈាន​មុខ​ទៅ​អាហ្វ្រិក​កណ្ដាល និង​ត្រៀម​បញ្ចេញ​កម្លាំង​ជាង ២០០​នាក់ ដើម្បី​ទៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ក៏​ប៉ុន្តែ​យើង​ពុំមាន​លទ្ធភាព​បញ្ជូន​កម្លាំង ដើម្បី​ទៅប្រយុទ្ធ​ផ្ទាល់​ជាមួយ​នឹងពួក ISIS នៅ​អ៊ីរ៉ាក់​នោះ​ទេ តែ​ជាផ្លូវ​ចិត្ត ផ្លូវ​នយោបាយ យើង​គាំទ្រ​នឹង​ការ​ប្រយុទ្ធប្រ​ឆាំងចំ​ពោះអំពើភេ​រវកម្ម ក្នុង​នោះ​មាន​ទាំង​ក្រុម ISIS ដែល​គេហៅ​ថា រដ្ឋអ៊ីស្លាម​នៅ​អ៊ីរ៉ាក់​នោះ។

ដោយ​ឡែក​ក្រៅ​ពីការ​ប្រកាស​ជំហរ​នយោបាយ​ប្រឆាំង​ភេវរកម្ម​ សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ផង​ដែរ​ថា សម្តេច​គាំទ្រ​ចំពោះ​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ ដែល​កោះ​ហៅ​សមាជិក​រាជរដ្ឋាភិបាលទៅ​សួរ​នាំ ដោយ​ចាត់​ទុក​ថា វា​ជា​ដំណើរ​ការ​ត្រឹម​ត្រូវ​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋ​សភា ដោយ​សម្តេច​មិនចង់​ឃើញការ​ប្រើ​ប្រាស់​វេទិកា​តាម​ចិញ្ចើម​ថ្នល់ ធ្វើ​ជា​ការ​ឃោសនា​នោះ​ឡើយ។​

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា «ប៉ុន្មាន​​ថ្ងៃ​នេះយើង​ឃើញ​ថា គណៈ​កម្មការ​នានា​របស់​សភា បាន​អញ្ជើញ​រដ្ឋមន្ត្រី​ទៅសួរ ដែល​ក្នុង​នោះ រដ្ឋមន្ត្រី​សុខា​ភិ​បាល រដ្ឋមន្ត្រី​អប់រំ ត្រូវ​បាន​សភា​អញ្ជើញ​ទៅ​សួរ ដែល​នេះ​ហើយ​ទើប​ហៅថា ការ​ធ្វើ​ការ គឺ​គេ​ធ្វើ​អញ្ចឹង! ខ្ញុំ​ចង់​ឱ្យ​សភាពការណ៍​បែប​នេះ មាន​ធ្វើ​ជា​បន្ត គឺ​គេអត់​ទៅ​និយាយ​នៅ​តាម​ចិញ្ចើម​ផ្លូវ ឃោសនា​ទេ»។

ទាក់​ទង​នឹង​បញ្ហា​នេះ សម្តេចតេជោ​ក៏បាន​ណែនាំ​ដល់​ឯកឧត្តម​ លោក​ជុំ​ទាវ ជា​រដ្ឋ​មន្រ្តី​ទាំង​អស់ ដែល​ត្រូវ​គណៈ​កម្មការ​រដ្ឋសភា​ហៅសួរ​នាំត្រូវ​ចូល​ទៅឆ្លើយ​បំភ្លឺ​គ្រប់​គ្នា ដោយ​មិន​ត្រូវ​សួរ​ទៅ​សម្តេច​ថា ចូល ឬមិន​ចូល​នោះ​ទេ។

សម្តេចតេជោ​បាន​មាន​ប្រសាសន៍​ថា «ឯកឧត្តម លោក​ជំទាវ​ជារដ្ឋមន្ត្រី​នានា កុំចាំ​បាច់​មក​សួរ​នាយក​រដ្ឋ​មន្ត្រីថា ខ្ញុំ​ទៅ​ឆ្លើយ ឬអត់ ? បាន​សេចក្តី​ថា ឱ្យ​តែគណៈកម្មការ​នានា របស់​រដ្ឋសភា​កោះ​ហៅ​ទៅ​សួរ គឺ​ត្រូវ​តែ​ទៅ ហើយ​ក៏កុំ​មកសួរ​នាយករដ្ឋមន្ត្រី​ថា ខ្ញុំ​គួរ​តែឆ្លើយ​បែប​ណា? ត្រូវ​មើល​ក្នុង​រដ្ឋធម្មនុញ្ញ មើល​ក្នុង​ច្បាប់​ឱ្យ​ច្បាស់ គឺ​រដ្ឋមន្ត្រី​ទទួល​ខុស​ត្រូវ ចំពោះ​មុខ​នាយក​រដ្ឋមន្ត្រី និង​សភា»។

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​សម្តែង​ការ​អបអរ​សាទរ ជាមួយ​នឹង​ការ​រួមគ្នា​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​ក្រប​ខណ្ឌ​សភា ដោយ​សម្តេច​បញ្ជាក់​ថា ដំណើរការ​លទ្ធិប្រជាធិប​តេយ្យ សេរី ពហុបក្ស គឺ​ដំណើរការ​នៅ​ក្នុង​សភា។

សម្តេច​បាន​បន្ត​ថា «ទោះ​បីជា​នយោបាយ​យើង​ខុស​គ្នា ប៉ុន្តែ​តម្រូវ​ការរបស់​យើង​ពិត​ជាដូច​គ្នា គឺ​ចង់​ឱ្យ​ប្រទេស​មានសេចក្តី​សុខ មាន​សន្តិភាព មាន​ការ​អភិវឌ្ឍ មាន​ការគោរព​សិទ្ធិ​មនុស្ស និង​មាន​អ្វីៗ ដែល​ជាតម្រូវ​ការ​របស់​មនុស្ស។ ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​ការ​បន្ត​នៅ​លើ​ផ្លូវនេះ​ត​ទៅ​ទៀត ហើយ​ក៏សង្ឃឹមដែរ​ថា មនុស្ស​មួយ​ចំនួន​ដែល​បាននិយាយក​ន្លង​ទៅ​ថា លោក ហ៊ុន​សែន បាន​និយាយ​ដល់​សភា គឺ​ជាការ​ជ្រៀត​ជ្រែក​កិច្ចការ​របស់​សភា​នោះ សុំ​ឱ្យ​រៀន​សូត្រ​ឱ្យ​បាន​ចេះ​ដឹងជ្រៅ​ជ្រះ​បន្តិច មុន​នឹង​និយាយ​ថា លោក ហ៊ុន សែន ធ្វើ​អន្តរាគមន៍​រំលោភ​លើ​សភា»។

ជាមួយ​នឹង​ការ​រំលឹកឡើង​វិញថា រដូវ​បុណ្យភ្ជុំ​កាលពី​ឆ្នាំទៅ សភាព​ការណ៍​នយោបាយ កំពុង​ច្របូក​ច្របល់​នៅក្នុងរាជធានី​ភ្នំពេញ បន្ទាប់​ពីការ​ចរចា​ផ្នែក​នយោ​បាយ​បរាជ័យ សម្តេចបាន​គួស​បញ្ជាក់​ថា បើសិន​ជា​សភាពការណ៍​វិវឌ្ឍ​ល្អប្រសើរ​បែបនេះ​បន្ត​ទៅ​ទៀត បាន​សេច​ក្តីថា កម្ពុជា​ដំណើរការ​ទៅ​តាម​គន្លង​នៃ​សន្តិភាព ស្ថេរភាព​នយោបាយ និង​ការអនុវត្ត​យ៉ាងខ្ជាប់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ។

ដោយ​ឡែក​សម្រាប់​ការ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​របស់​ប្រជា​ពលរដ្ឋ​ សម្តេចតេជោ​នាយករដ្ឋមន្ត្រី​អំពាវ​នាវ​សូម​ឲ្យ​ព្រះសង្ឃ នឹង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​នានា​នៅទូទាំង​ប្រទេស​ត្រូវ​រួម​គ្នា ធ្វើ​បុណ្យ​ដោយ​សុខ​សន្តិភាព សុវត្ថិភាព ហើយ​ជាពិសេស​ការ​ធ្វើ​ដំណើរ ទៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន​ត្រូវ​ប្រុងប្រយ័ត្ន​ទាំង​អស់​គ្នា ជៀស​វាង​កុំឲ្យ​មាន​បញ្ហា​កើត​មាន​ឡើង​ជាយថា​ហេតុ។

សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា «កុំ​ឲ្យ​រដូវ​បុណ្យភ្ជុំ​បិណ្ឌ​បញ្ចប់​ទៅ​ដោយ​បូក​សរុប​លទ្ធផល​មាន​អ្នក​ស្លាប់​ប៉ុននេះ ប៉ុននោះ និង​អ្នក​រងរបួស ខូច​ឡាន ខូច​ម៉ូតូ។ ជាពិសេស​កុំ​ឲ្យ​ម្ចាស់​រថយន្តឈ្នួល​ទាំង​តូច​ទាំងធំ និង​តាក់ស៊ី កុំ​តម្លើង​ថ្លៃ ព្រោះ​ប្រជាពលរដ្ឋ ជា​ពិសេស​កម្មករ-កម្មការិនី ធ្វើ​ដំណើរ​ទៅស្រុក​ច្រើនណាស់​ក្នុង​រដូវភ្ជុំ​សូម​កុំតម្លើង​ថ្លៃ ហើយឲ្យ​តែ​បុណ្យ​ទាន​ធំ​ៗ​ម្តង​ៗ ឡើង​ថ្លៃខុស​ពី​ថ្ងៃ​ធម្មតា»៕

No comments:

Post a Comment