Thursday, September 18, 2014

ទស្សនៈ ក្រុម​សម្ព័ន្ធ​មិត្រ​ដែលមាន​ជំ​នាញ​ក្នុងការបំ​ភ្លៃ​របាយការណ៍​


-   ជន​ដែល​ក្លែង​ឯកសារ អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់
ក្នុង​ការ​អធិប្បាយ​ថ្ងៃនេះ អស់​លោក​អ្នក​នឹង​បាន​ដឹង​អំពី​ការ​ពិត​នៃ​ ( ជំ​នាញ​ដ៏​ប៉ិន​ប្រសប់​រវាង​គណបក្ស​​​ប្រឆាំង ជា​មួយ​អង្គការ​សង្គម​ស៊ី​វិល​ខិល​ខូច​មួយ​ចំ​នួន ដែល​បាន​សហការ​គ្នា​ក្នុង​ការប្រឌិត​នូវ​របាយ​ការណ៍​ និង​ព័ត៌មាន​ភូត​កុហកនានា ដើម្បី​សម្អុយ​កិត្តិយស​ កេរ្តិ៍ឈ្មោះ​កម្ពុជា!)

វាគ្មាន​អ្វី​ជា​អាថ៌កំ​បាំង​នោះ​ទេ បើ​គេនិយាយអំ​ពី​សម្ព័ន្ធ​មិត្រ​របស់​ក្រុម​ប្រឆាំងនឹង​រាជរដ្ឋាភិ​បាល គឺគេនឹង​បានឃើញ​ភ្លាមនូវ​ការទំ​នាក់​ទំ​នង និង​កិច្ចសហការ​គ្នា​យ៉ាង​ស្អិត​រមួត តាមរយៈការ​ផ្លាស់​ប្តូរ​របាយការណ៍គ្នាទៅ​វិញ​ទៅ​មក បាន​លឿន ឆាប់​រហ័ស  ប៉ុន្តែ វាអាចគ្រាន់​តែជា​របាយការណ៍បំ​ពុល​បរិយាកាសសង្គម ​និង​ខ្វះ​នូវ​សុចរិត​ភាពប៉ុណ្ណោះ។​ 

ក្នុង​ដំ​ណើរការ​ផ្លាស់ប្តូរឯកសារក្លែង​បន្លំ​ និង​ភាព​ជិត​ស្និទ្ធប្រកប​ដោយ​គ្រោះ​ថ្នាក់​ គឺគណបក្ស​ប្រឆាំង ដែល​ជាតួឯង​ក្នុង​សាច់​រឿង​នេះ គឺ​ប្រធាន​គណៈកម្មការទី១០ នៃរដ្ឋសភា ​​ជាមួយ​អង្គការ​តម្លា​ភាព​​កម្ពុជា ដែល​មាន​លោក ព្រាប​ កុល​ ជា​ក្បាលម៉ាស៊ីន​ដឹក​នាំ​ បាន​ផ្តល់​ឱកាសឲ្យ​គ្នា​យ៉ាង​ស៊ី​សង្វា​ក់ ដោយ​ម្ខាង​ធ្វើ​ជា​អ្នក​ហុច និង​ម្ខាង​ទៀត​ធ្វើជា​អ្នក​រង់​ចាំ​ទទួល​ ​ ចោទ​សួរ និង​យក​ទៅ​កែច្នៃ។

ភាព​ប្រទាក់ក្រឡាគ្នា​ និង​ទេពកោសលដ៏​​ប៉ិន​ប្រសប់​នៃឧបាយកលទុច្ចរិត​របស់​ក្រុម​ប្រឆាំង​ក្នុង​បរិបទ​នេះ ខ្ញុំ​មាន​កាតព្វកិច្ច​បង្ហាញនូវ​ការ​ពិត​ជុំ​វិញ​ការប្រឌិត​ បំ​ភ្លៃរបាយការណ៍​ និង​ការ​ចោទ​ប្រកាន់​នានា​ក្នុង​រឿងអំ​ពើ​ពុក​រលួយ​នៅ​កម្ពុជា ដែល​អង្គការ​តម្លាភាព​កម្ពុជា​ទើប​នឹង​ប្រឌិត​ឡើងនិង​ផ្សព្វ​ផ្សាយ​ ដើម្បី​​បន្ទាប​បន្ថោក​ការខិត​ខំ​ប្រឹង​ប្រែង​របស់​អង្គភាព​មានសមត្ថកិច្ច ​ដែល​បាន​និង​កំ​ពុង​អនុវត្ត ទប់​ស្កាត់ប្រយុទ្ធប្រឆាំង​យ៉ាង​ខ្លាំង​ក្លានឹង​អំ​ពើពុក​រលួយ​នៅ​កម្ពុជា។

ក្នុង​លិខិតឆ្លើយ​តប​គ្នា​ទៅ​វិញ​ទៅ​មក​រវាង ប្រធានគណៈកម្មការទី១០ នៃ​រដ្ឋសភា ជា​មួយ​ ប្រធាន​អង្គការតម្លាភាពកម្ពុជា សមភាគី​ទាំង​ពីរបាន​កំ​ណត់​​យក​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ ​ដើម្បី​ជួប​គ្នានៅ​ក្នុង​បន្ទប់​របស់​អ្នកតំណាង​រាស្ត្រ​ ហូរ វ៉ាន់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មន្ទីររដ្ឋសភា។ លិខិតចុះ​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤ ផ្ញើជូនគណៈកម្មការអង្កេត និងបោស​សម្អាត​ប្រឆាំង​អំពើ​ពុករលួយ នៃរដ្ឋសភា​ លោក ព្រាប កុល   បាន​ឆ្លើយ​តប​ទៅ​សម្ព័ន្ធ​មិត្ររបស់​ខ្លួន​វិញ  ​​ថា « អង្គការ​តម្លា​ភាពកម្ពុជា ត្រៀម​ខ្លួន​ជានិច្ច ដើម្បីផ្ដល់ការគាំទ្រ ផ្ដល់ព័ត៌មាន និងជំនួយ​បច្ចេកទេស ទៅ​តាម​លទ្ធភាព និង​បេសកកម្មរបស់ខ្លួន........»។

វាអាច​ជា​ការ​ពេញ​ចិត្ត​បំ​ផុត​ នៅ​ពេលដែល​អ្នក​ស្នើ​សុំ បាន​ទទួល​ចម្លើយ​វិជ្ជមាន​នូវ​អ្វី​ដែល​ខ្លួន​គេ​ចង់​បាន ប៉ុន្តែ ប្រសិន​ការ​ចូលរួម​របស់​លោក ព្រាប​ កុល មិន​ជាប់​ពាក់​ព័ន្ធ  ឬក៏ជា​ឆ្នួន​បំ​រើ​នយោបាយបក្ស​ប្រឆាំងទេនោះ យុទ្ធ​នាការ​របស់​លោក ព្រាប​ កុល នឹង​ត្រូវ​បាន​គេកត់​ត្រា​ទុកថា ជា​បេសកកម្ម​ដ៏ល្អ​ឧត្តុង​ឧត្តម និង​មាន​ផល​ប្រយោជន៍ចំ​​ពោះ​ជាតិ មាតុភូមិ ក្នុងការប្រយុទ្ធ​ប្រឆាំងអំពើ​ពុក​រលួយ និង​ការកសាងសុចរិតភាពសង្គម ។ ប៉ុន្តែ ឆាក​ល្ខោន​របស់​លោក ព្រាប​ កុល និង​ដៃ​គូ លោក ហូរ វ៉ាន់ បាន​​នាំ​​ឲ្យ​មហាជន​មាន​ការ​មន្ទិល​សង្ស័យ​ជាច្រើន ដោយ​សារ​សកម្មភាព​នាពេ​ល​កន្លង​មក​របស់​អ្នក​ទាំង​ពីររូប​នេះ មាន​ចរិតនយោបាយ​ប្រឆាំងជាមួយ​រាជរដ្ឋាភិបាល​ប្រហាក់​ប្រហែល​​គ្នា​ និង​ក៏​ធ្លាប់​បាន​ផ្សព្វ​ផ្សាយ​នូវ​ព័ត៌មាន​ ក៏​ដូចជា​របាយការណ៍​ភូត​កុហក​ជាច្រើនផង​ដែរ​។

អញ្ចឹង​ ការ​ជួប​គ្នា​រវាង​ក្រុម​ការងាររបស់​​អ្នក​​ទាំង​ពីរូប​ ដែល​ម្នាក់​ជា​មនុស្សខូច និងម្នាក់​ទៀតជា​​ជន​ទុច្ចរិត គឺគេអាច​សន្និដ្ឋាន​បាន​ថា « គ្មាន​អ្វី​ក្រៅ​តែ​ពី​ជួបគ្នា​ ​ដើម្បីរៀប​ចំ​ផែន​ការ ផ្គុំ​គំ​និត​ ប្រមូល​ ចងក្រង​ ច្នៃប្រឌិត មួល​ព័ត៌មាន​ និង​ក្លែង​របាយការណ៍​មួយចំនួនពាក់ព័ន្ធនឹងអ្វី​ដែល​គេហៅ​ថា ដើម្បី​តម្លាភាព ហើយនឹង​ការ​អង្កេត​ប្រឆាំងអំពើពុករលួយ ឲ្យ​ក្លាយ​ទៅជា​កម្រង​ឯកសារថ្មី​មួយ​ ក្នុង​យុទ្ធ​នាការ​សម្អុយ​ និង​លាប​ពណ៌​មក​លើ​រាជ​រដ្ឋាភិបាល​នោះ​ឡើយ​។ ក្នុងសាច់រឿង​នេះ បើ​លោក ហូរ វ៉ាន់​ សហការផ្សំ​គំ​និត​គ្នា​ដោយ​មិន​ឈរលើ​គោល​ការណ៍​ច្បាប់​ទេនោះ តម្លៃ និង​សេចក្តី​ថ្លៃថ្នូរក្នុង​ឋានៈជា​អ្នក​តំ​ណាង​រាស្ត្រ​ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឆាំង​អំ​ពើ​ពុក​រលួយ​នៃរដ្ឋសភា​ នឹង​ត្រូវ​បាត់​បង់​នីត្យានុកូល​ភាព​របស់​ខ្លួន​ ហើយ​ជា​ជំ​នួស​ លោកអាច​ត្រូវ​ប្រឈម​នឹង​ផ្លូវ​ច្បាប់​។

            របាយ​ការណ៍ខ្មៅកខ្វក់របស់​អង្គការ​តម្លាភាព​កម្ពុជា បាន​ចោទ​ថា នៅ​កម្ពុជាខ្វះ​នូវ​សុចរិត​ភាព​ និង​ថា មាន​ភាព​ងាយស្រួលក្នុង​ការ​ប្រព្រឹត្តអំពើ​ពុករលួយ​ ជា​ពិសេស កើត​មាន​ក្នុង​ស្ថាប័ន​តុលាការ និងភ្នាក់​ងារ​​អនុវត្តច្បាប់។ លោក ព្រាប កុល បាន​និយាយថា អង្គការ​តម្លាភាព​កម្ពុ​ជា ​ត្រៀម​ផ្ដល់​បច្ចេកទេស ​និង​ឯកសារ​ពុករលួយ​នៅ​តាម​ស្ថាប័ន​រដ្ឋនានា ដាក់​ជូន​រដ្ឋ​សភាក្នុង​ពេល​ជួប​ជា​មួយ​លោក ហូរ វ៉ាន់។

ភាព​ចចេះ​មានៈ រឹង​រូស មិន​ទទួល​យកការពិត​ មិន​ត្រូវ​បាន​លោក ហូរ វ៉ាន់ និង​លោក ព្រាប​ កុល ទម្លាក់​ចុះ​នូវ​ការ​ចោទ​ប្រកាន់​របស់​ខ្លួនឡើយ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ក្រុម​សម្ព័ន្ធ​មិត្រ​នេះ បាន​បង្កើន​ល្បឿនវាយ​ប្រហារ​កាន់​តែ​ខ្លាំង តាម​រយៈការ​ផ្តល់​នូវ​កិច្ច​សម្ភាសន៍​ជា​មួយ​ក្បាល​ម៉ាស៊ីន​ឃោស​​​នា​​​មួយ​ចំ​នួនដែល​​មិន​គោរព​ក្រម​វិជ្ជាជី​វៈ  គឺ​វាហាក់​ដូច​ជា​ពួក​គេ មាន​ផែនការច្បាស់លាស់ ក្នុង​ការ​បង្កើត​ជម្លោះ​ដ៏​តឹង​តែង ជា​មួយ​ស្ថាប័នអនុវត្ត​ច្បាប់ ​លើ​សមរភូមិប្រយុទ្ធប្រឆាំង​អំ​ពើ​ពុក​រលួយ​។ ​
 
របាយការណ៍​ ដែល​គេគិត​ថា​ខ្វះ​មូល​ដ្ឋាន​ស្រាវ​ជ្រាវ​ច្បាស់​លាស់​នោះ ត្រូវ​បាន​ទាត់​ចោល​ភ្លាម​ៗ​​ដោយ​លោក ឱម យ៉ីនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​ ។ លោក បាន​ចាត់​ទុក​របាយការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា ថា ​មាន​លក្ខណៈ​នយោបាយ និង​មា​ន​ឧបាយកល​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទៀត​ផង ជា​មួយ​គ្នា​នេះ​ លោក ឱម យ៉ីន​ទៀង បាន​ស្តី​បន្ទោស​ចំ​ៗថា « លោក ព្រាប​ កុល  គឺ​ជា​មេ​បាតុកម្ម​មួយ​មាន​ល្បិចកល​ច្រើន ក្នុង​ពេល​ដែល​គេ​ធ្វើ​បាតុកម្ម​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​» ក្នុង​ន័យ​នេះ ចង់​បញ្ជាក់​ថា លោក ព្រាប កុល ជា​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល ជា​​ស្ថាប័ន​អព្យាក្រឹត មិនគួរ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​បំ​រើ​ផល​ប្រយោជន៍​នយោ​បាយឡើយ ប៉ុន្តែ​ គាត់​បែរជាចាប់​ដៃគ្នា​យ៉ាង​ស្អិត​រមួត​ជាមួយ​គណបក្ស​ប្រឆាំង​ ដោយ​យក​ទី​តាំង​រដ្ឋស​ភា​ធ្វើ​ជា​លេណដ្ឋាន ដើម្បី​វ៉ៃប្រហារមកលើគណបក្ស​ដទៃ ជា​ពិសេស​មកលើ​របស់​រាជ​រដ្ឋាភិបាល​ទៅ​វិញ​។
 
          មាត្រា៤១ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​នឹង​អំ​ពើ​ពុក​រលួយ ចែង​ថា ការប្តឹង​បរិហារ និង​ផ្សព្វផ្សាយ​របាយការណ៍​ដោយភូតកុហក ដល់​អង្គភាព​ប្រឆាំង​អំ​ពើពុក​រលួយ​ ឬ​តុលាការនូវ​អង្គ​ហេតុ​បទ​ល្មើស​ពុក​រលួយ​ ហើយ​សមត្ថកិច្ចអនុវត្តច្បាប់​ស្រាវ​ជ្រាវ​ឃើញ​ថា បាន​ភូតកុហក ជន​នោះ​នឹង​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារពី​១ខែ​ទៅ​៦ខែ និង​ពិន័យ​ជា​ប្រាក់។ ដោយ​ឡែក​ ក្រម​ព្រហ្មទណ្ឌ មាត្រា​៦២៧ ដល់​៦៣១ ក៏បាន​ចែង​ផង​ដែរថា ការ​ប្រើប្រាស់​លិខិត​ ឯកសារ​ក្លែង​ក្លាយ ការក្លែង​បន្លំ​ឯកសារ​សាធារណៈ និង​ផ្តល់​ឯកសារ​ដោយ​ទុច្ចរិត ត្រូវ​ផ្តន្ទាទោស ពី​៥ឆ្នាំ ទៅ​១០ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ពី​៤លាន​ ទៅ​១០​លាន​រៀល។

តាម​រយៈការ​ចាត់​វិធាន​ការ​បក​ស្បែក​​​មិន​រើសមុខទៅ​លើ​ជន​ល្មើសច្បាប់​ ជាច្រើន​​ករណី​ដែល​ពាក់​ព័ន្ធ​នឹងការ​ប្រព្រឹត្តអំ​ពើ​ពុក​រលួយ ​អង្គភាពប្រឆាំង​អំ​ពើ​ពុករលួយ អាច​នឹង​វែក​មុខជន​ទុច្ចរិត ក៏​ដូច​ជា​បន្ត​បេសក​កម្ម​​របួស​ខ្លួន​ដោយ​អនុវត្តតាម​ច្បាប់​ បទ​ដ្ឋាន​គតិយុត្តិនានា ក្នុង​ការ​ប្រមូល​ ស្រាវ​ជ្រាវ​ ស្វែង​រក​ភស្តុ​តាង​ដ៏រឹង​មាំ​ និង​បន្ត​ចាត់​វិធាន​ការ​ដ៏​ក្តៅ​គគុគ​លើ​​ជន​ពាក់​ព័ន្ធ​ក្នុង​រឿង​ពុក​រលួយ​ ដើម្បី​យក​មកផ្តន្ទាទោសតាម​ច្បាប់។ 

គេនៅ​រង់​ចាំមើលឆាកល្ខោន​​ក្នុង​សាច់រឿង​នេះ​ ដែល​តួឯក​ជា​អ្នក​តំ​ណាង​រាស្ត្រ​គណបក្ស​ប្រឆាំង និង​​លោក ព្រាប កុល ជា​សម្ព័ន្ធ​មិត្រ តើអាចមាន​ផល​វិបាក​ត្រឡប់​មកខ្លួន​វិញ​យ៉ាង​ណា​ នៅ​ពេល​ដែល​​ការ​ភូត​កុហកត្រូវ​បាន​លាត​ត្រដាង?៕
អត្ថបទ​ដោយ៖ បណ្ឌិត ជុន ច័ន្ទ​ចំ​រើន

No comments:

Post a Comment