Thursday, September 18, 2014

បទអត្ថាធិប្បាយ​​៖ កឹម សុខា កំពុងលេងល្បែងច្រេះស៊ីដែក​ ក្នុង​គណបក្ស​សង្គ្រោះជាតិ​



ដោយ​៖ សួន​ ចំរើន

បើ​ក្រឡេក​មើល​ប្រវត្តិ​របស់​លោក​ កឹម សុខា​ កាល​ពី​អតី​តកាល ចាប់​តាំង​ពី​មាន​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣​មក​​ ប្រជាពលរដ្ឋ​ និង​អ្នក​នយោបាយ​ ​អាចដឹង​​យ៉ាង​ច្បាស់​ថា​ លោក​ កឹម​ សុខា​ ពិត​ជា មនុស្សម្នាក់​ដែល​គ្មាន​ឈ្មោះ​បោះ​សម្លេង​នៅ​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា​នោះ​ឡើយ​។​អាចថា ជា​ប្រផ្នូល​​អកុសល​ជា​ច្រើន​ដែល​នឹង​កើត​ឡើង​ នៅពេល​ដែល​មាន​វត្ត​មាន​របស់​លោក​ កឹម សុខា​ ជាសកម្ម​ជន​​នៅក្នុង​បក្ស​​នយោបាយ​ណា​មួយ​ហើយ​ គឺ​បក្ស​នយោបាយ​នោះ​នឹងបែក​បាក់ រលំ​​រលាយ នាពេល​ខាង​មុខ​ជាក់​ជាមិន​ខាន។

ភស្តុតាង​ជាក់​ស្តែង​ នៅ​ពេល​ដែល​លោក កឹម សុខា​ នៅ​ជាសកម្មជន​របស់​​គណ​បក្ស​ប្រជា​ធិបតេយ្យសេរី​​​និយម​ព្រះ​ពុទ្ធ​​សាសនា របស់​លោកតា​ សឺន​ សាន​ គឺ​គណបក្ស​នេះ​រស់​មិន​បាន​មួយ​ដង្ហើម​​ចង្រឹត​ផង​ ក៏​ត្រូវរលំ​​រលាយ​បាត់​បង់​​ទៅ​វិញ​ ដោយ​សារ​​តែ​ភាព​លោភលន់​ ចង់​បាន​អំណាច​ និង​តួនាទី​ដឹក​នាំ​ជាន់​ខ្ពស់​នៅក្នុង​បក្សនោះ​របស់​លោក កឹម សុខា​​ គឺនៅ​ពេល​ដែល​មិន​បាន​សម្រេច​​តាម​​​បំណង លោក​ កឹម សុខា​ បានបំបែក​គណបក្ស​នោះ​ឲ្យ​ខ្ទេច​​។​ នា​ពេល​នោះ​ ​​​ ​ដើម្បី​​ជំនួស​​តំណែង​​ជា​អនុប្រធាន​​គណបក្ស​​​ ដែល​តំណែង​នេះ​ជា​របស់​លោក​ សឺន ស៊ូបែរ៍ ដែល​ជាកូន​ប្រុស​របស់​លោក​តា​   សឺន​ សាន ​ លោក​ កឹម​ សុខា​ ក៏​បាន​​​​​​ទាម​ទារ​តំណែង ​​​ជា​ប្រធាន​​​គណកម្មការ​សិទ្ធិ​មនុស្ស​​នៅក្នុង​​​​​​​រដ្ឋ​សភា​​​អាណត្តិ​ទី​១​ ជំនួស​វិញ​។​ ចាប់​ពី​​ពេល​នោះ​មក​ ទំនាស់​ផ្ទៃ​ក្នុង​នៅក្នុង​បក្ស​ប្រជាធិបតេយ្យ​​សេរី​និយមព្រះ​ពុទ្ធសាសនា​ កាន់​តែ​មានភាព​​ធ្ងន់​ធ្ងរ​ ដោយ​សារ​ក្រុម​អ្នក​តស៊ូ​នៅ​​ជាយ​ដែន​​មិន​បាន​ទទួល​តំណែង​​ ឬ​តួនា​ទី​អ្វី​ជា​ដុំ​​កំភួន​​ដូច​លោក កឹម សុខា​ ដែល​រង់​ចាំ​តែ​ទទួល​ផល​នៅ​ក្នុង​ស្រុក​ទៅ​វិញ​​​​​​។​ នៅទី​បំផុត​​គណបក្ស​​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះ​ពុទ្ធសាសនា​របស់​លោក​តា សឺន សាន​ ក៏​ត្រូវ​រលំ​រលាយ​ នៅ​ក្នុង​​ការ​​បោះ​ឆ្នោត​​អាណត្តិ​ទី២​ បាត់​ទៅ​។​

នៅឆ្នាំ​២០០២​ លោក កឹម សុខា​ ដោយ​អស់​អាជីព​ជាអ្នក​នយោបាយ​ និង​មិនមាន​គណបក្ស​ណា​ទទួល​យក​ និងដោយសារតែ​គណបក្ស​នានា​ គេ​បាន​ស្គាល់​ក្រយ៉ៅ​ខ្លួន​ច្បាស់​ ​ កឹម សុខា​​ ក៏​បាន​ស្វះ​ស្វែង​បញ្ចុះ​បញ្ចូល​ម្ចាស់​ជំនួយ​លោក​​ខាង​លិច​ និង​បាន​សន្យា​ថា ​ខ្លួន​នឹង​ធ្វើ​ជា​កូន​​ជឹង​​បរទេស​មួយ​នេះ​អស់​មួយ​ជី​វិត​ ឲ្យ​តែ​ប្រទេស​មួយ​នេះ​ព្រមផ្តល់​ជំ​នួយ​ចិញ្ចឹម​ជី​វិត​នយោបាយ​​​ខ្លួន​ឡើង​វិញ។​​ តាម​រយៈ​នេះ​ លោក​ កឹម សុខា​ ក៏​​​បង្កើត​ជា​មជ្ឍមណ្ឌល​​សិទ្ធិ​មនុស្ស​​កម្ពុជា​ ដើម្បី​បោក​ប្រាស់​ប្រជាពលរដ្ឋ ដោយ​ប្រមែរ​​ប្រមូល​កម្លាំង​​ឲ្យ​មក​គាំ​ទ្រ​ខ្លួន​ក្នុង​នាម​ជា​អង្គការ​​ក្រៅ​​រដ្ឋាភិបាលមួយរយៈ​​ពេលសិន​។​ 

ការ​ប្រើ​យុទ្ធ​សាស្ត្រ​ច្រេះ​ស៊ី​ដែក​នេះ​ ពិត​ជាមាន​ប្រសិទ្ធិភាព​​មែន​ មិន​យូរ​ប៉ុន្មាន​ កឹម សុខា​ ក៏​បង្កើត​​ជា​គណបក្ស​​សិទ្ធិ​មនុស្សមួយ​បាន​សម្រេច​ ដូច​​ការ​គូស​វាស​​របស់​ម្ចាស់​ជំនួយ​លោក​ខាង​លិច​មួយ​​នោះ​​ប្រាកដ​មែន​​​​​​ ហើយ​ក៏ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០០៨ ទទួល​បាន​៣អសនៈ​ ដែល​ជាទី​សង្ឃឹម​​របស់​ថៅកែ​ផ្តល់​ជំនួយ​របស់​ខ្លួន​។ ​

ក្រោយ​ពី​ទទួល​បាន​សម្លេង​ដ៏​តិចតួច​នៅ​ក្នុង​ឆាក​នយោបាយ​បែប​នេះ​ ម្ចាស់​ជំនួយ​ក៏​បាន​​ណែ​នាំ​​​ លោក កឹម សុខា ឲ្យ​ប្រើ​យុទ្ធ​វិធី​ អូស​ទាញ​ និង​បញ្ច្រៀប​ចូល​ទៅ​ក្នុងគណបក្ស​​ សម រង្ស៊ី​ វិញ​ម្តង​ ព្រោះ​ពួក​គេ​​​យល់ថា​ មិន​អាច​អូស​ទាញ​​​​ ឬ​បញ្ច្រៀប​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​បានទេ​ ពី​ព្រោះ​គណបក្ស​មួយនេះ​ជាគណបក្ស​ចាស់​ទុំ​ មាន​មង​ ឬសំណាញ់​ក្រឡា​ល្អិត​ខ្លាំង​ណាស់​ ទើប​លោក​ កឹម សុខា​ បាន​ចលនា​ប្រជាពលរដ្ឋ​ ទាម​ទារ​ឲ្យ​គណបក្ស​លោក សម រង្ស៊ី​ មាន​ការ​រួម​បញ្ចូល​គ្នា​​ជាមួយ​ខ្លួន​ ដោយ​ប្រើ​ល្បិច​លាប​ពណ៌​ថា​ គណបក្ស​ សម រង្ស៊ី​ មិន​មែន​ជាគណបក្ស​ប្រជាធិបតេយ្យ​ ឬ​ជាគណបក្ស​ប្រជាធិបតេយ្យ​ក្លែង​ក្លាយ​ ជាដើម​។​ ទី​បំផុត​ គណបក្ស​ សម រង្ស៊ី​ ក៏​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​ លោក កឹម សុខា​ បើ​ទោះ​បី​ជា​គណបក្ស​ សម រង្ស៊ី​ មាន​អាសនៈ​រហូត​​ដល់​២៦​ ​ក្នុង​រដ្ឋ​សភា​ច្រើន​ជាង​ គណបក្ស​សិទ្ធិ​មនុស្ស​ក៏​ដោយ។​ 

ក្រោយ​ពេល​មាន​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​​មនុស្ស​ លោក​ កឹម សុខា​ បាន​ទាម​ទារ​តំណែង​នានា​ ទាំង​ការ​ដឹក​នាំ​​ក្នុងបក្ស​ ក៏​ដូច​ជាតួនាទី​​​​នៅក្នុង​គណៈកម្មការ​នាយក​ រហូត​ដល់​ការ​រៀប​ចំ​លេខ​រៀង​សមាជិក​ឈរ​ឈ្មោះ​តំណាងរាស្ត្រ​ថែម​ទៀត​ ហើយ​ទី​បំផុត​ចំនួន​តំណាង​រាស្ត្រ​ដែល​ជាប់​ឆ្នោត​ក្នុង​អាណត្តិ​ទី​៥​នេះ​ មក​ពី​កូតា​គណបក្ស​​សិទ្ធិ​មនុស្ស​ គឺ​បាន​រហូត​ដល់​២៣​រូប ហើយ​ខ្លួន​ឯង​ក៏​បាន​ក្លាយ​ជា​អនុប្រធាន​ទី​១រដ្ឋ​សភា​ថែម​ទៀត​។​ 

បាន​ទទួល​ជោគ​ជ័យ​ផ្ទួន​ៗដូច្នេះ​ លោក កឹម សុខា​ ក៏បន្ត​នូវ​ល្បិច​ច្រេះ​ស៊ី​ដែក​របស់​ខ្លួន​បន្ត​ទៀត​ តាម​រយៈ​​​ការ​រៀប​ចំ​ក្បាល់​ម៉ាស៊ីន​របស់​ខ្លួន​នៅក្នុង​រដ្ឋ​សភា ដើម្បី​ទប់​អំ​ណាច​ឱ្យ​រឹង​មាំ​។

នៅក្នុងការរៀបចំថ្នាក់ដឹកនាំមួយចំនួន នៅរដ្ឋ​សភាកាលពីថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤​ លោក​ សម រង្ស៊ី មិនមានតំណែងអ្វី​ក្រៅពីមានតួ​នាទីជាសមាជិកសភា​ធម្មតា​ប៉ុណ្ណោះ​​។​ ផ្ទុយ​ទៅវិញ​ ​អនុ​ប្រធាន​គណបក្ស​របស់​ខ្លួន​គឺ លោក​ កឹម សុខា បែរ​ជាទទួល​បាន​នូវ​លាភ​សក្ការៈ​យ៉ាង​​ក្រាស់​ក្រែល​​បន្ទាប់​ពី​បាន​ប្រើ​យុទ្ធ​វិធី​ លួង​លោម ​អូស​ទាញ​ លោក ​សម​ រង្ស៊ី ឲ្យ​មក​រួប​រួម​ជាមួយ​​គណបក្ស​សិទ្ធិមនុស្ស​​ កំប៉ិក​កំប៉ុក​របស់​ខ្លួនដែល​មាន​តែ​៣​អសនៈ​នោះ​។

ការទទួល​តំណែង​ខុសគ្នា​បែបនេះ​ ត្រូវបានអ្នក​គាំទ្រគណបក្ស​សង្គ្រោះ​ជាតិ​មួយ​ភាគធំ​ ចាត់ទុក​ថា លោក​ កឹម សុខា កំពុងលេងល្បិច​ខ្ចីដៃលោក​ សម រង្ស៊ីប្រើ ​ដើម្បី​កេងចំណេញ​យក​ប្រយោជន៍​សម្រាប់​​បក្ស​ពួក​ខ្លួន​ ហើយ​នៅទី​បំ​ផុត​នឹង​លេប​គណបក្ស​នេះ​ទាំង​មូល​តែម្តង​។ ក្រៅពី​កំពុង​លេងល្បិច​​​កង្កែប​​លេប​ពស់​នេះ លោក​ កឹម សុខា ក៏ត្រូវ​មន្ត្រី​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ ​របស់​លោក​ សម រង្ស៊ី​ មើល​ឃើញថា លោក​ កឹម​ សុខា​ កំពុង​​ពង្រីក​អំណាច​របស់​ខ្លួន​ស្រប​ពេល​ដែល​លោក សម រង្ស៊ី​ កំពុង​នៅ​ក្រៅ​ប្រទេស​ តាម​រយៈ​ការ​តែង​តាំង​ទី​ប្រឹក្សា និង​ជំនួយការ​របស់​ខ្លួន​ ក្នុង​តួនាទី​ជាអនុប្រធាន​រដ្ឋ​សភា​ ដោយ​ដាក់​តែ​មនុស្ស​មក​ពី​អតីត​គណបក្ស​សិទ្ធិមនុស្ស ឬ​មនុស្ស​ដែល​ចេះ​អែប​អប​ នៅ​ក្បែរ​ខ្លួន​ និង​សាច់​ញ្ញាតិ​របស់​ខ្លួន​តែប៉ុណ្ណោះ​​។ ជាក់​ស្តែង​ មន្ត្រី​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំគណបក្ស​ បាន​លើក​ជាសំណួរ​ថា​ តើ​លោក​ មុត​ ចន្ថា​ ពី​មុន​បាន​ធ្វើ​អ្វី​ខ្លះ​ក្នុង​ការ​​ចូល​រួម​តវ៉ា​កន្លង​មក​ ហេតុ​អ្វី​បាន​ជាពេល​នេះ​បាន​ក្លាយ​ជា​ប្រធាន​ខុទ្ទកាល័យ​ របស់​លោក កឹម សុខា​ ទៅ​វិញ​?​ តាម​ពិត​ លោក មុត​ ចន្ថា​ មាន​អតីតភាព​ជា​មនុស្ស​របស់​គណបក្ស​ ហ៊ុន​ស៊ីន​ប៉ិច​ តែ​ប៉ុណ្ណោះ​ តែ​ដោយ​សារ​លោកចេះ​វាយ​អែប​ស៊ីអប​ ទើប​ពេល​នេះ​ បាន​ឡើង​តំណែង​យ៉ាង​ឆាប់​រហ័ស​បែប​នេះ​ ចំណែក​អ្នក​ដែល​តស៊ូ​ ប្តូរ​ផ្តាច់​ ហ៊ាន​រង​គ្រោះ​ជំនួស​លោក កឹម សុខា​ គឺ​មិន​បាន​ទទួល​តំណែង​អ្វី​ឡើយ​។​

សរុប​មក​ បើ​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​តែ​បន្ត​គាំ​ទ្រ​សកម្មភាព​របស់​បក្ស​ប្រឆាំង​តទៅ​​ទៀត​ គឺ​ទី​បំផុត​ពួក​គេ​មិន​បាន​ទទួល​ផល​អ្វី​ទាំង​អស់​ គឺ​បាន​ត្រឹម​តែ​រង​គ្រោះ​ខ្លួន​ឯង​​តែប៉ុណ្ណោះ​ តួយ៉ាង​ចំពោះ​និស្សិត​នឹង​បាត់​បង់​ឱកាស​ក្នុង​ការ​រៀន​សូត្រ អាជីវករ​​ខាតបង់​ពេល​វេលា​ក្នុង​ការ​លក់​ដូរ​ ខាតបង់​ប្រាក់​កាក់​ក្នុង​ការ​ចូល​រួម​តវ៉ា​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ កសិករ​ខាត​ពេល​វេលា​ក្នុង​ការ​ធ្វើ​ស្រែ​ចំការ​​ ខាត​បង់​ក្នុង​ការ​មក​ដេក​ហាល​ភ្លៀង​ហាល​ខ្យល់​ តាម​ការ​ញុះ​ញង់​​របស់​បក្ស​ប្រឆាំង​ ខំលក់​មាន់​ លក់​ទា​ និង​ខ្លះ​ទៀត​រហូត​ដល់​លក់​ឆ្កែ​ យក​ប្រាក់​ធ្វើ​សោហ៊ុយ​ មក​ចូល​រួម​បាតុកម្ម​ តែ​ទី​បំ​ផុត​ ការ​សន្យា​របស់​បក្ស​សង្គ្រោះ​ជាតិ​ នៅ​តែ​ជាការ​សន្យា​ខ្យល់​ដដែល​ ចំណែក​ពួក​​មេដឹក​នាំ​ទាំង​នោះ​ ពេល​នេះ​ទទួល​បាន​ផ្លែផ្កា​យ៉ាង​ផ្អែម​មាត់​ ពី​កម្លាំង​ញើស​ឈាម​ប្រជាពលរដ្ឋ​​ ទៅ​វិញ​។​

ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ចាញ់​បោក​ ព្រមទាំង​អ្នកវិភាគមួយចំ​នួន​មាន​​មតិ​យល់​​​ស្របគ្នាថា ល្បិច « ​ច្រេះ​ស៊ី​ដែក ​» ក្នុង​បក្ស​សង្គ្រោះ​ជាតិ​របស់​​លោក កឹម សុខា នឹ​ង​ធ្វើឲ្យ​​បក្ស​សង្គ្រោះ​ជាតិនេះ​រលំ​រលាយ​ បែកបាក់ ដូច​គណបក្ស​លោក​តា សឺន សាន​ កាល​ពី​អតីតកាល​ ជាក់​ជា​​មិនខាន៕

No comments:

Post a Comment