Thursday, October 05, 2017

ប្រជាពលរដ្ឋដែលធ្វើដំណើរតាមស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅផ្លូវជាតិលេខ៥ នឹងមិនបាច់បង់ថ្លៃឆ្លងកាត់ទៀតទេ

នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា ដើម្បីដោះស្រាយនូវការលំបាក និងជួយលើកកម្ពស់ជីវភាពប្រជាជនពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ចាប់ពីម៉ោង០០:០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះតទៅ ស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅផ្លូវជាតិលេខ៥ ( ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ ) នឹងត្រូវធ្វើដំណើរដោយមិនបាច់បង់ថ្លៃឆ្លងកាត់ទៀតទេ រាជរដ្ឋាភិបាលនឹងទិញយកមកគ្រប់គ្រងវិញ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសាធារណការ និងដឹកជញ្ជូន, សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីពិនិត្យដោះស្រាយបញ្ហាមួយចំនួន ដែលនៅសេសសល់។ សង្ឃឹមថាប្រជាពលរដ្ឋយើងនឹងទទួលបានផលប្រយោជន៍ពីការសម្រេចនេះ៕


រដ្ឋបាលខេត្តសៀមរាប បើកសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការបង្កើតយន្ដការច្រកចេញចូលតែមួយ

សៀមរាប៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាងលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធ នឹងការបង្កើតយន្ដការច្រកចេញចូលតែមួយ សម្រាប់ការផ្ដល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងការបង្កើតការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ ។

ថ្លែងក្នុងអង្គសិក្ខាសាលា លោកបានមានប្រសាសន៍ថា ការរៀបចំបង្កើតឲ្យមានយន្ដការច្រកចេញចូលតែមួយ នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗចំនួន៥ដូចខាងក្រោម៖
១-ពង្រឹងការទទួលខុសត្រូវ និងគណនេយ្យភាពរបស់រដ្ឋបាលនីមួយៗ ក្នុងការគ្រប់គ្រង ការចាត់ចែង និងការផ្ដល់សេវារដ្ឋបាលនានាប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការ និងសំណើសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់រៀបចំអង្គការ។
២-បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកទទួលសេវារដ្ឋបាលនៅកន្លែងតែមួយ។ មានន័យថា ប្រជាពលរដ្ឋដែលមានតម្រូវការសេវារដ្ឋបាល អាចដាក់ពាក្យស្នើសុំសេវា និងទទួលសេវានៅកន្លែងតែមួយ បើទោះបីសេវាទាំងនោះតម្រូវឲ្យពិនិត្យ និងបញ្ជាក់ដោយអង្គភាពមាន សមត្ថកិច្ចជាច្រើនក៏ដោយ។
៣-មានលទ្ធភាពងាយស្រួលក្នុងការរៀបចំការផ្ដល់សេវារដ្ឋបាលទាំងនេះ តាមប្រព័ន្ធពត័មានវិទ្យា ឬប្រព័ន្ធស្វ័យប្រវត្ដិកម្ម (អនឡាញ) ដែលធានាឲ្យការផ្ដល់សេវាកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងតម្លាភាព។
៤-តាមរយៈការប្រមូលផ្ដុំការផ្ដល់សេវានៅតែមួយកន្លែងរបៀបនេះ នឹងបង្កលក្ខណៈងាយ ស្រួលក្នុងការរៀបចំឲ្យមានយន្ដការច្បាស់លាស់ មួយសម្រាប់តាមដានត្រួតពិនិត្យលើកិច្ច ដំណើរការនៃការផ្ដល់សេវារដ្ឋបាល របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសម្រាប់ទទួល និងសម្រុះ សម្រួលដោះស្រាយពាក្យបណ្ដឹងតវ៉ានានា របស់ប្រជាពលរដ្ឋដែលមិនពេញចិត្ត ឬមានបញ្ហាពាក់ ព័ន្ធនឹងការផ្ដល់សេវា ឫការគ្រប់គ្រងរដ្ឋបាល
៥-ពង្រឹងការប្រមូលចំណូលពីការផ្ដល់សេវារដ្ឋបាលទាំងនេះ ប្រកបដោយតម្លាភាព និងទប់ស្កាត់នូវអំពើពុករលួយ៕








រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកម្មវិធី “អាហារូបករណ៍ SmartEdu”

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកម្មវិធី “អាហារូបករណ៍ SmartEdu” ដើម្បីគាំទ្រដល់យុវជនកម្ពុជាដែលមានទេពកោសល្យក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT)។

អនុស្សារណៈនេះត្រូវបានចុះហត្ថលេខារួមគ្នា ដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាមួយក្រុមហ៊ុនស្មាតអាស្យាតា ដោយក្រុមហ៊ុនបានសន្យាថា នឹងផ្ដល់មូលនិធិផ្គត់ផ្គង់ពេញលេញសម្រាប់ការសិក្សារបស់និស្សិតចំនួន១០នាក់ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញទាក់ទង នឹង ICT នៅវិទ្យាស្ថាន (NIPTICT)។
ក្នុងពិធីនេះ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានអបអរសាទរ និងកោតសរសើរ ដល់ភាពជាដៃគូររវាងក្រុមហ៊ុនស្មាត និងវិទ្យាស្ថាន NIPTICT ដែលបានបង្កើតឲ្យចេញជាសមិទ្ធិផលថ្មីនេះឡើង ក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេសការកសាងមូលដ្ឋានគ្រិះនៃសង្គម ឌីជីថល។

លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានស្នើឲ្យក្រុមហ៊ុនស្មាតបន្តជម្រុញ និងបង្កើតឲ្យមានការបណ្ដុះបណ្ដាល នៅក្នុងផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននេះបន្តទៅទៀត ដើម្បីជម្រុញធ្វើយ៉ាងណាបង្កើនធនធានមនុស្សនៅក្នុងវិស័យ ICT សម្រាប់ទ្រទ្រង់ និងវិវឌ្ឍន៍សង្គមកម្ពុជាឲ្យទៅជាសង្គមឌីជីថលនាពេលខាងមុខ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ផ្តោតសំខាន់ទៅលើវិស័យអប់រំ ទាំងរដ្ឋនិងឯកជន

នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ផ្តោតសំខាន់ទៅលើវិស័យអប់រំ គឺរួមទាំងរដ្ឋ និងឯកជន ដែលបានបង្កើតសាលារៀនរាប់ពាន់ ដែលកំពុងបម្រើលើវិស័យនេះនៅទូទាំងប្រទេស ហើយកំពុងបណ្តុះបណ្តាលបុត្រាបុត្រីខ្មែរប្រមាណជាង ៣លាននាក់។

លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនឆ្នាំ២០១៧ ក្រោមប្រធានបទ «គ្រូបង្រៀនជាវិស្វករព្រលឹងនៃយុវជនជំនាន់ក្រោយ» ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ទិវាគ្រូបង្រៀននេះពិតជាមានតម្លៃយ៉ាងខ្លាំង ចំពោះលោកគ្រូអ្នកគ្រូទូទាំងប្រទេស ដើម្បីរំលឹកដល់គុណូបការៈគុណដ៏ថ្លៃថ្លារបស់គ្រូបង្រៀន ដែលបានផ្តល់នូវចំណេះដឹងដល់អ្នកជំនាន់ក្រោយ។ ហើយតាមប្រធានបទនេះ គឺពិតជាមានតម្លៃសម្រាប់គ្រូបង្រៀន ដែលជាមនុស្សដ៏សំខាន់ ជាព្រលឹងមនុស្សជំនាន់ក្រោយ។ រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ផ្តោតសំខាន់ទៅលើវិស័យអប់រំ គឺរួមទាំងវិស័យរដ្ឋ និងវិស័យឯកជន ដែលបានបង្កើតសាលារៀនរាប់ពាន់ ដែលកំពុងបម្រើលើវិស័យនេះនៅទូទាំងប្រទេស ហើយកំពុងបណ្តុះបណ្តាលបុត្រាបុត្រីខ្មែរប្រមាណជាង ៣លាននាក់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា វិស័យអប់រំជាវិស័យអាទិភាពដ៏សំខាន់បំផុតមួយ ក្នុងនៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានមនុស្ស ផ្លូវ ទឹក និងភ្លើង ដែលពេលនេះគឺធនធានមនុស្ស កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្ថិតក្នុងរង្វង់ ៧ % និងកំពុងកើនឡើងថែមទៀតផង។ រាជរដ្ឋាភិបាលតែងតែគិតគូយកចិត្តទុកដាក់ ក្នុងការតម្លើងប្រាក់ខែជាបន្តបន្ទាប់ដល់គ្រូបង្រៀន ដែលនៅក្នុងឆ្នាំ២០១៧នេះ ប្រាក់ខែអតិប្បរមាគឺ៩៥ម៉ឺនរៀល ហើយនៅឆ្នាំ២០១៨ខាងមុខនេះ នឹងកើនឡើងដល់ជាង១លានរៀល ជាអប្បបរមា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសម្តែងសេចក្តីរីករាយយ៉ាងខ្លាំងចំពោះទិវាគ្រូបង្រៀនក្នុងថ្ងៃនេះ ដែលមានការចួលរួមពីគ្រូបង្រៀនគ្រប់ខេត្តក្រុង។ លោកក៏បានអរគុណដល់ក្រសួងអប់រំយុវជន និងកីឡាដែលបានខិតខំជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើនឡើង។ ទន្ទឹមនឹងនោះ លោក ក៏រម្លឹកផងដែរ អំពីការបង្កើតទិវាគ្រូបង្រៀងមុនដំបូងនៅថ្ងៃទី០៣ កញ្ញា ឆ្នាំ១៩៩៧មក ដែលរហូតមកដល់ពេលនេះគឺមានរយៈពេល២០ឆ្នាំហើយ៕












រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកទឹកចិត្តសិស្សានុសិស្សស្វ័យសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យា

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ បានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្សដែលទទួលបានជ័យលាភីឆ្នើម ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧នៅរាជធានីភ្នំពេញ។

ពិធីនេះធ្វើឡើងដោយមានការចូលរួមពីសិស្សានុសិស្សប្រមាណ៣០០នាក់ ដែលជាសិស្សឆ្នើមទាំង៣៤វិទ្យាល័យក្នុងរាជធានីភ្នំពេញ នាយកវិទ្យាល័យ និងអាណាព្យាបាល។
ថ្លែងទៅកាន់អ្នកចូលរួមនៅទីស្តីការក្រសួង លោក សាយ សំអាល់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ របស់សិស្សានុសិស្សទាំងអស់ ដែលបានទទួលជ័យលាភីឆ្នើមក្នុងការប្រឡងឆ្នាំ២០១៧ ហើយលោករដ្ឋមន្ត្រី ក៏បានថ្លែងអំគុណដល់លោកគ្រូអ្នកគ្រូ និងអរគុណដល់ឪពុកម្តាយដែលជាសសរទ្រូង ជាក្បូនដ៏រ៉ឹងមាំ និងជាថ្នាលក្នុងការបណ្តុះសិស្សានុសិស្ស។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងពីការស្វ័យសិក្សារៀនសូត្រ តាមបច្ចេកវិទ្យាដែលសិស្សានុសិស្សអាចសិក្សាស្រាវជ្រាវបានតាមរយៈ ហ្គូហ្គល (Google) ឬក៏យូធូប (Youtube) ដែលនឹងផ្តល់ចំណេះដឹងទូលំទូលាយ ហើយអាចឱ្យស្វែងយល់ពីបញ្ហាជាច្រើន ដែលកើនជុំវិញខ្លួនរបស់យើងទាំងក្នុងប្រទេស ឬក្នុងពិភពលោកទាំងមូល។

លោកបានលើកឡើង ពីភាពជោគជ័យ របស់អ្នកសិក្សាជាច្រើននៅលើសកលលោក ដែលបានចំណាយពេលសិក្សារៀនសូត្រ ដោយខ្លួនឯងតាមរយៈការស្រាវជ្រាវ និងស្វែងយល់ ហើយទទួលបានជោគជ័យក្នុងការសិក្សានិងអាជីព។
បន្ថែមពីនេះលោក បានលើកទឹកចិត្តរបស់សិស្សានុសិស្សទាំងអស់ ដែលនឹងចូលសិក្សានៅថ្នាក់មហាវិទ្យាល័យ គួរតែរកការងារធ្វើទន្ទឹមនឹងការសិក្សារៀនសូត្រ ដែលនឹងឱ្យសិស្សានុសិស្សស្គាល់គ្នាក្នុងសង្គម និងអាចធ្វើការនិងប្រាស្រ័យទាក់ទងក្នុងការងារ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តាំផ្ញើរឱ្យសិស្សានុសិស្ស និងអង្គពិធីទាំងមូល ត្រូវចេះប្រែក្លាយឧបសគ្គទៅជាឱកាស ហើយថា ភាពរ៉ឹងមាំរបស់កម្ពុជា គឺមិនមែនពឹងអាស្រ័យលើកម្លាំងបាយនោះទេ គឺកម្លាំងខួរក្បាល។ នៅចុងបញ្ចប់នៃកម្មវិធីសំណេះសំណាល លោករដ្ឋមន្ត្រី បានផ្តល់ជូនរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សជ័យលាភីឆ្នើម និងសម្ភារៈការិយាល័យដល់វិទ្យាល័យ ដែលមានសិស្សទទួលពិន្ទុខ្ពស់ជាងគេបង្អស់ផងដែរ៕





អភិបាលខេត្តកណ្តាល អញ្ជើញជួបសំណេះសំណាល​ជាមួយកីឡាករ​ កីឡាការិនី​ ​ប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ

កណ្តាល៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល រួមជាមួយ​លោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល​ជាមួយកីឡាករ​ កីឡា​ការិនី​​អុំទូក​ ទស្សនាស្តង់តាំងពិពណ៌​ និងបើកការប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង​ខេត្តលោកអភិបាលក្រុង ស្រុក  ប្រធានមន្ទីរ អង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋ ជាច្រើនម៉ឺននាក់។

អភិបាលខេត្ត​បានបញ្ជាក់ថា​ គោលបំណងនៃការប្រារព្ធពិធីអុំទូកនេះឡើងគឺ៖

១-អបអរសាទរ និងផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនី ត្រៀមខ្លួន និងដកបទពិសោធន៍ សម្រាប់ប្រកួតប្រជែងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខែវិច្ឆិកា ខាងមុខ

២-អបអរសាទរព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ ដែលនឹងចូលមកដល់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ខាងមុខ

៣-អបអរសាទរពិធីបុណ្យចេញព្រះវស្សាដែលនឹងចូលមកដល់ថ្ងៃទី០៥ ខែតុលា ស្អែកនេះ

៤-បង្កើតបរិយាកាសសប្បាយរីករាយជូនដល់មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ​នៅក្នុងខេត្ត​កណ្តាល​ទាំងមូល។

គួរបញ្ជាក់ផងដែរថា កីឡាករ កីឡាការិនីអុំទូកមានចំនួនសរុប ២៨៣១នាក់ ដែលមាន​ទូកចូល​រួម​ប្រកួតប្រជែងសរុបចំនួន ៦៤ទូក ក្នុងនោះ ទូកខ្នាតអន្តរជាតិមានចំនួន ១៧ទូក (ទូកនារី ០២ទូក), ទូកផ្កាចារ ២០ទូក (ទូកនារី ០៤ទូក) និងទូកអុំបុរស ចំនួន ២៧ទូក។ ទូកចូលរួមទាំងនេះមកពី​ក្រុងតា​ខ្មៅ ២៦ទូក, ស្រុកកោះធំ ០២ទូក, កៀនស្វាយ ០២ទូក, ល្វាឯម ០៥ទូក, ស្អាង ០៤ទូក, មុខកំពូល ០៦ទូក, ខ្សាច់កណ្តាល ០៦ទូក, ពញាឮ ០៤ទូក, ស្អាង ០៤ទូក និងមកពីខេត្តកំពង់ចាម ០៣ទូក, រាជធានីភ្នំពេញ ០៣ទូក, ក្រសួងការងារ ០២ទូក, កងទ័ពជើងទឹក ០១ទូក៕

​លោក ម៉ៅ ភិរុណ បានផ្តល់អាវ​ និងមួក​ ដល់កីឡាករ​ កីឡាការី​ ទាំងអស់ដែល​បានមកចូលរួម​ប្រណាំង​ទូកនេះផងដែរ៕









លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀននៅវិទ្យាស្ថានជាតិអប់រំ

នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនឆ្នាំ២០១៧ ក្រោមប្រធានបទ «គ្រូបង្រៀនជាវិស្វករព្រលឹងនៃយុវជនជំនាន់ក្រោយ» ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ។ ពិធីនេះគឺមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡាគ្រប់លំដាប់ថ្នាក់ តំណាងអង្គការជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ និងសាស្រ្តាចារ្យសាកលវិទ្យាល័យ រាជធានីខេត្ត ក្រុងជាច្រើនរូបផងដែរ។

ការប្រារព្ធជាទិវានេះឡើង គឺដើម្បីបង្ហាញពីការដឹងគុណដល់គ្រូបង្រៀននៅកម្ពុជាដែលជាគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាំងពីឆ្នាំ១៩៩៧មកម៉្លេះ ដើម្បីបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លាចំពោះគ្រូបង្រៀននៅទូទាំងប្រទេស៕