ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានចូលរួមធ្វើជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកអង្គសន្និបាតនេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយយ៉ាងសំខាន់ ដែលគ្រប់តួអង្គពាក់ព័ន្ធបានជួបជុំគ្នា ធ្វើការវាយតម្លៃអំពីសមិទ្ធផលលើគ្រប់វិស័យ ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រេចបានកន្លងទៅ ជាពិសេសក្នុងឆ្នាំ២០២៣ ព្រមទាំងពិនិត្យបញ្ហាប្រឈម កំណត់រកដំណោះស្រាយ និងចាប់យកកាលានុវត្តភាពនានា ដើម្បីបន្តជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
ឯកឧត្តម វង្សី វិស្សុត បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត, ក្រុង-ស្រុក, ឃុំ-សង្កាត់ គ្រប់លំដាប់ថ្នាក់ ដោយរួមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានសហការសាមគ្គីរួមគ្នាជាធ្លុងមួយបានយ៉ាងល្អ ដោយប្រើអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី នៅក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តកំពង់ឆ្នាំង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានលើកឡើងថា រាជរដ្ឋាភិបាលបានអនុវត្តប្រកបដោយជោគជ័យនូវ យុទ្ធសាស្រ្តតី្រកោណ និងយុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាល, ដោយសម្រេចបាននូវសមិទ្ធផលធំៗ លើគ្រប់វិស័យ, ទាំងនយោបាយ, សង្គម, និងសេដ្ឋកិច្ច, ដែលនាំឱ្យកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត, ហើយយើងទាំងអស់នៅទីនេះជាសាក្សីរស់ ក្នុងដំណាក់កាលមួយនៃការកសាងជាតិ ដោយផ្តោតជាសំខាន់លើការស្តារ និង ការកសាងប្រទេស ដែលទើបងើបចេញពីសង្រ្គាម, ការរក្សាសុខសន្តិភាព និង សណ្តាប់ធ្នាប់សង្គម, ការធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងសកល, ការអភិវឌ្ឍ និងការរក្សាស្ថិរភាពសង្គម សេដ្ឋកិច្ច, និងការលើកម្ពស់ជីវភាពប្រជាជន។ ជារួម, ជោគជ័យដ៏ធំធេង និងត្រចះត្រចង់ខាងលើ បានមកពីកិច្ចខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានប្រសាសន៍បន្តទៀតថា ជាទស្សនវិស័យនៃការអភិវឌ្ឍ ដំណើរការកសាងជាតិកម្ពុជាបានឈានដល់ដំណាក់កាលថ្មីមួយនៅក្នុងបរិការណ៍នៃពិភពលោក ដែលកាន់តែប្រែប្រួល លំបាក និងមិនប្រាកដប្រជា។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកអាទិភាពគន្លឹះ៥ គឺមនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ដោយបន្តផ្តោតជាសំខាន់លើរបៀបវារៈធានាបាននូវប្រសិទ្ធភាពសមិទ្ធកម្ម។ ទន្ទឹមនេះ គោលដៅចម្បងនៃយុទ្ធសាស្រ្តនេះរួមមាន, ម៉្យាងរក្សាចលនការនៃសុខសន្តិភាព, កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងម៉្យាងទៀតកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងភាពធន់នៃវិស័យទាំង៥ រួមមាន៖ ភាពធន់នៃវិស័យសាធារណៈ, វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យមូលធនមនុស្ស និងសង្គម, និងភាពធន់នៃវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា ឆ្នាំ២០២៤ នេះ ជាឆ្នាំទី១ នៃការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា, ដែលនឹងរួមគ្នាបំពេញតួនាទីជារបៀបវារៈគោលនយោបាយដ៏សំខាន់ សម្រាប់លើកកម្ពស់ការអភិវឌ្ឍប្រទេសជាតិយើងប្រកបដោយទស្សនវិស័យវែងឆ្ងាយ ច្បាស់លាស់ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត។ ក្នុងបរិការណ៍នៃការកសាងប្រទេសរយៈពេល ២៥ឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំជំនាន់មុនសម្រេចបាននូវសមិទ្ធផលដ៏មហាជោគជ័យ និងជាគុណូបការៈយ៉ាងធំធេង ដែលបានប្រែក្លាយប្រទេសកម្ពុជាជាប្រទេសថ្មីមួយ ដែលមានឯករាជ ឯកភាពជាតិ ការអភិវឌ្ឍ និងមានអធិបតេយ្យភាពពេញលេញ។ ក្នុងបរិការណ៍ ២៥ឆ្នាំទៅមុខ តម្រូវការក្នុងការអភិវឌ្ឍនឹងមានការប្រែប្រួល ដោយម្ខាងត្រូវថែរក្សានូវកេរដំណែលរបស់ថ្នាក់ដឹកនាំជំនាន់មុន និងម្ខាងទៀតបន្តបុកគ្រឹះកសាងជាតិទៅមុខថែមទៀត ដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ដើម្បីធានាស្ថិរភាពក្នុងសង្គម និងការអភិវឌ្ឍយូរអង្វែង។ក្នុងស្មារតីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្ដល់គោលការណ៍ណែនាំលើកិច្ចការអាទិភាពសំខាន់ៗមួយចំនួនសម្រាប់រដ្ឋបាលថ្នាក់ខេត្ត ក្រុង-ស្រុក និង ឃុំ-សង្កាត់ ដើម្បីបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងរួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមមាន ដូចតទៅ៖
ទី១. ការការពារសន្តិភាព និងស្ថិរភាពនយោបាយ,
ទី២.ការធានាសន្តិសុខ និងសុវត្ថិភាពសង្គម,
ទី៣. ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហានៅមូលដ្ឋាន,
ទី៤.ការពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ,
ទី៥. ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងខេត្ត និង
ទី៦. ការចូលរួមអនុវត្តកម្មវិធីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់ការណែនាំដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ និងភាគីពាក់ព័ន្ធទាំងអស់បង្កើនការយកចិត្តទុកដាក់ខ្ពល់លើការចូលរួម ការពង្រឹងអភិបាលកិច្ច, ប្រសិទ្ធភាព និងសមត្ថភាពស្ថាប័ន; ការទ្រទ្រង់កំណើន និងការធ្វើទំនើបកម្មសេដ្ឋកិច្ច; ការបង្កើតការងារ, ការលើកស្ទួយវិស័យឯកជន; ការកសាងមូលធនមនុស្ស ដោយផ្តោតជាពិសេសលើគុណភាពវិស័យអប់រំ និងសេវាសុខាភិបាល; ការលើកស្ទួយសេវាគាំពារសង្គម និងសុខុមាលភាពប្រជាជន, ជាពិសេស សម្រាប់គ្រួសារងាយរងហានិភ័យ និងក្រុមជនងាយរងគ្រោះ; ការពង្រឹងគុណភាពនគរូបនីយកម្ម, ជាពិសេសការកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ; ការពង្រឹងចីរភាពបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការជំរុញធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងសង្គម និងសេដ្ឋកិច្ច។
ក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវត្រៀមសហការជាមួយក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចុះត្រួតពិនិត្យ វាយតម្លៃស្ថានភាពនៃកិរិយាកាន់កាប់ដី និងអាស្រ័យផលជាក់ស្តែងនៅក្នុងតំបន់៣ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការស្នើសុំសម្រួលព្រំតំបន់៣ ឆ្លើយតបនឹងតម្រូវការចាំបាច់ចំពោះមុខ និងដំណើរវិវឌ្ឍន៍របស់សង្គមជាតិ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់ និងអាស្រ័យផលក្នុងតំបន់៣នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកកំពង់លែង បានប្រើប្រាស់អាស្រ័យផលបណ្តោះអាសន្នមួយរដូវ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ ដោយតម្រូវឱ្យធ្វើកិច្ចសន្យាជាមួយអាជ្ញាធរឃុំ ស្រុក ខេត្ត។ បន្ថែមលើនេះឯកឧត្តមជំរុញឱ្យគណៈបញ្ជាការឯកភាពខេត្ត ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ត្រូវបន្តប្រើប្រាស់កម្លាំងសរុបតាមការចាំបាច់ ដោយមានកិច្ចសហការពីគណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះអនុវត្តច្បាប់ចំពោះជនទាំងឡាយណាដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងដីតំបន់ព្រៃលិចទឹកនៃតំបន់ទន្លេសាបផងដែរ៕
No comments:
Post a Comment