Thursday, January 11, 2024

សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍សមាគមជប៉ុន-កម្ពុជា ដែលចង់បើកការិយាល័យនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជា


(តូក្យូ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសស្វាគមន៍សមាគមជប៉ុន-កម្ពុជា ដែលចង់បើកការិយាល័យនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត។

ការស្វាគមន៍របស់សម្តេចតេជោ បានធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ម្សិលមិញ ពេលអនុញ្ញាតឱ្យលោក តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងចូលជួបសម្តែងការគួរសម ក្នុងពិធីពិសារអាហារពេលល្ងាច នៅសណ្ឋាគារ New Otani Tokyo ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

នាឱកាសនោះ លោក តាកាហាសី ហ៊្វូមីអាគី បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានចំណាយពេលទទួលជួបលោក និងគណៈប្រតិភូបន្ទាប់ពីការធ្វើដំណើរនឿយហត់ពីកម្ពុជា។ លោក តាកាហាសី ហ៊្វូមីអាគី ក៏បានសម្តែងនូវការកោតសរសើរពីតួនាទីដ៏សំខាន់របស់ សម្ដេចតេជោ ដែលជាស្ថាបនិកក្នុងការស្វែងរកសន្ដិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេស ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងពេលជាងបីទសវត្សកន្លងមកនេះ។

ជំនួបនេះផ្តោតជាសំខាន់លើការទាក់ទាញវិនិយោគថែមទៀត ពីជប៉ុនមកកម្ពុជា ដោយមានការចូលរួមខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា។ ជាក់ស្តែង លោកបានបញ្ជាក់ថា សមាគមនឹងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដែលការិយាល័យនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដល់ក្រុមហ៊ុនជប៉ុន ជាពិសេសសហគ្រាសធុនតូចនិងមធ្យម (SMEs) ដែលមានចំនួន ប្រមាណ ៤លានក្រុមហ៊ុននៅប្រទេសជប៉ុន។

លោក តាកាហាសី ហ៊្វូមីអាគី បានបន្តថា ហេតុនេះប្រសិនបើយើងអាចទាក់ទាញបានត្រឹមតែ ០.១% នោះ ក៏មានប្រហែល ៤.០០០ក្រុមហ៊ុន SMEs របស់ជប៉ុនដែរ ដែលអាចនឹងមកវិនិយោគនៅកម្ពុជា។

នៅក្នុងជំនួបនេះដែរ ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនខ្លះ ដែលកំពុងមានដំណើរការផលិតកម្មនៅកម្ពុជារួចហើយ និងមានក្រុមហ៊ុនខ្លះទៀតក៏បានបង្ហាញឆន្ទៈ ក្នុងការបើកសាលាបណ្ដុះបណ្ដាលជួសជុលរថយន្ដ និងសាលាបណ្ដុះបណ្ដាលអំពីសហគ្រិនភាពសម្រាប់ធុរជនស្រ្ដី នៅប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា និងរីករាយស្វាគមន៍ចំពោះការបើកការិយាល័យរបស់សមាគមនៅកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា SMEs ជប៉ុននឹងដើរតួនាទីសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជា ក៏ដូចជាលទ្ធភាពនៃការផ្ទេរចំណេះដឹងតាមរយៈការវិនិយោគនៅកម្ពុជា។

ជាងនេះទៀត ក្រុមហ៊ុនក៏អាចស្វែងរកសក្ដានុពលវិនិយោគនៅកម្ពុជា ដោយមានការជួយសម្របសម្រួលពីសមាគមជប៉ុន-កម្ពុជា ក៏ដូចជាការទទួលបាននូវអត្ថប្រយោជន៍នានាពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែវិនិយោគិនជប៉ុន ដែលសម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្ដី បានលើកឡើងក្នុងកិច្ចពិភាក្សាជាមួយលោក គីស៉ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្រ្ដីជប៉ុន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ជប៉ុន លើកទី៥០ នៅទីក្រុងតូក្យូ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ៕






No comments:

Post a Comment