Thursday, December 15, 2022

 ទស្សនៈអ្នកអាន៖ ភាពស្និទ្ធស្នាលដ៏ពិសេសរវាងលោកម៉ាក្រុងនិងសម្តេច ហ៊ុន សែន ទំនងជាមានលក្ខណៈស៊ីជម្រៅជាងអ្វីដែលយើងមើលឃើញទៅទៀត!


(ភ្នំពេញ)៖ ក្នុងពិធីបដិសណ្ឋាការកិច្ចទទួលសម្តេច ហ៊ុន សែន នៅវិមានអេលីហ្សេ កាលពីថ្ងៃទី ១៣ ធ្នូ ឆ្នាំ ២០២២ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានបង្ហាញភាពស្និទ្ធស្នាលដ៏ពិសេសទៅកាន់ប្រមុខដឹកនាំកម្ពុជាដែលគេកម្រឃើញមានក្នុងប្រវត្តិនៃការទទួលថ្នាក់ដឹកនាំបរទេសកន្លងទៅ។

បើយើងសង្កេតឲ្យបានដិតដល់ ទាំងកាយវិការ ទាំងទឹកមុខ និងទាំងពាក្យសម្តី ដែលលោកប្រធានាធិបតីម៉ាក្រុងបានបង្ហាញគឺជាភាពស្និទ្ធស្នាលចេញពីបេះដូងពិតៗដែលមិនមែនជាការសម្តែងនោះឡើយ។ ចំណែកសម្តេច ហ៊ុន សែន វិញក៏បានបង្ហាញភាពស្និទ្ធស្នាលចេញពីបេះដូងទៅកាន់លោកម៉ាក្រុងដូចគ្នាដែរ។

ប្រភពពីទីក្រុងប៉ារីសបានឲ្យដឹងថា លោកម៉ាក្រុងក្រៅពីទទួលសម្តេច ហ៊ុន សែន ក្នុងនាមជាភ្ញៀវដែលទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ លោកក៏បានបង្ហាញឲ្យឃើញថា សម្តេច ហ៊ុន សែន គឺជាភ្ញៀវដ៏ពិសេសម្នាក់របស់ខ្លួនថែមទៀត។ ជាក់ស្តែង ក្រៅពីជជែកពិភាក្សារឿងការងារ លោក ម៉ាក្រុងបានជូនសម្តេច ហ៊ុន សែន ដើរមើលគ្រប់កន្លែងនៅក្នុងវិមានអេលីហ្សេ ដែលប្រៀបដូចជាមិ ត្តភក្តិដ៏ជិតស្និទ្ធនិងដ៏គួរឲ្យទុកចិត្តម្នាក់។

ប្រភពពីគណៈប្រតិភូជាន់ខ្ពស់កម្ពុជាក៏បានឲ្យដឹងទៀតថា សម្តេច ហ៊ុន សែន និងលោក អេម៉ានុយអែល ម៉ាក្រុងបានទំនាក់ទំនងគ្នាក្នុងភាពស្និទ្ធស្នាលយ៉ាងចម្លែក។ ប្រធានាធិបតីបារាំងបានសម្តែងមនោសញ្ចេតនាគោរពស្រឡាញ់ រាប់អានសម្តេច ហ៊ុន សែន ប្រៀបដូចបងប្អូន។

តាមរយៈសកម្មភាព និងកាយវិការទាំងនោះ គេជឿជាក់ថា ប្រមុខដឹកនាំកម្ពុជានិងបារាំងអាចនឹងមានទំនាក់ទំនងផ្ទាល់ខ្លួនជិតស្និទ្ធជាមួយគ្នាយ៉ាងស៊ីជម្រៅ​លើសពីអ្វីដែលបានបង្ហាញជាសាធារណៈទៅទៀតពោលគឺជាទំនាក់ទំនងលើសពីក្នុងនាមប្រមុខរដ្ឋនិងប្រមុខរាជរដ្ឋាភិបាលធម្មតា។ 

សកម្មភាពនិងកាយវិការដ៏ស្និទ្ធស្នាលរបស់មេដឹកនាំទាំងពីរ អាចឲ្យគេសន្និដ្ឋានបានថា ចំណងទាក់ទងរវាងលោក ម៉ាក្រុង និងសម្តេច ហ៊ុន សែន មានលក្ខណៈជ្រាលជ្រៅខ្លាំងណាស់។ ទាំងរូបភាពដែលបានបង្ហាញឲ្យឃើញជាសាធារណៈ ទាំងមនោសញ្ចេតនាដែលកប់ជ្រៅទៅក្នុងជំរៅបេះដូងរវាងអ្នកទាំងពីរ គេសង្ឃឹមថា ទំនាក់ទំនងកម្ពុជានិងបារាំងពិតជាមានលក្ខណៈជ្រាលជ្រៅខ្លាំងឡើងនៅក្រោយដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់អេលីហ្សេ។

ទំនាក់ទំនងស្និទ្ធស្នាលដ៏ពិសេសនេះទៀតសោតគឺជាសញ្ញាល្អមួយសម្រាប់កម្ពុជានិងប្រជាពលរដ្ឋខ្មែរទាំងមូល។

ជាការពិត សម្តេចហ៊ុន សែន គឺជាប្រមុខដឹកនាំកម្ពុជាដ៏មានបទពិសោធន៍ការទូតខ្លាំងម្នាក់ក្នុងតំបន់រហូតដល់អ្នកកាសែតថៃបានហៅសម្តេចថា ជា«ព្រឹទ្ធាចារ្យការទូត»។ បទពិសោធន៍នេះគឺជាតម្លៃដែលមេដឹកនាំក្នុងតំបន់និងពិភពលោកគោរពនិងទទួលស្គាល់។ សម្តេច ហ៊ុន សែន ក៏ជាអ្នកនយោបាយដែលមានទេពកោសល្យខ្ពស់ខាងផ្នែកទំនាក់ទំនងដែលធ្វើឲ្យដៃគូងាយទទួលបានសញ្ញាវិជ្ជមាននិងបោះដៃទៅវិញប្រកបដោយភាពស្និទ្ធស្នាល។

ជាការកត់សម្គាល់នៅពេលជួបដៃគូសន្ទនា ប្រមុខដឹកនាំកម្ពុជាតែងតែលើកឡើងពីចំណុចពិសេសៗរបស់ដៃគូសន្ទនាឬចំណុចពិសេស​នៃប្រទេសរបស់ដៃគូសន្ទនាមកនិយាយ។ នេះជាសិល្បៈនៃទំនាក់ទំនងការទូតដែលសម្តេច ហ៊ុន សែន មិនដែលមើលរំលង។

ចំណុចពិសេសលើសពីនេះ គឺជំហរនយោបាយការទូតប្រកបដោយការវៃឆ្លាតរបស់សម្តេច ហ៊ុន សែន ដែលជាចំណុចទាក់ទាញមួយទៀត។ ជាក់ស្តែង ជំហរច្បាស់លាស់របស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែនគឺជាចំណុចទាក់ទាញបំផុតមួយពីសំណាក់មេដឹកនាំពិភពលោក។ កម្ពុជាបានបង្ហាញជំហរឥតស្ទាក់ស្ទើរក្នុងការប្រឆាំងនឹងការឈ្លានបានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងការប្រើកម្លាំងពីសំណាក់ប្រទេសខ្លាំងទៅលើប្រទេសទន់ខ្សោយ។

ជំហរនេះពិតជាសំខាន់ណាស់ដែលធ្វើឲ្យមេដឹកនាំពិភពលោកជាពិសេសគឺក្រុមប្រទេសលោកខាងលិចចាប់អារម្មណ៍មកលើប្រមុខដឹកនាំកម្ពុជាយ៉ាងខ្លាំង។ វាក៏ជាជំហរនយោបាយការទូតដែលផ្តល់ផលចំណេញដល់កម្ពុជាខ្លួនឯងដែរក្នុងនាមជាប្រទេសតូចដែលមិនឈ្លានបានអ្នកដទៃ តែក៏មិនចង់ឲ្យប្រទេសដទៃបំពានលើអធិបតេយ្យជាតិរបស់ខ្លួនដែរ។

សរុបមកវិញ ប្រទេសកម្ពុជាដែលមានសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំតែងតែទទួលបានផលចំណេញគ្រប់យ៉ាង គឺចំណេញទាំងការទទួលបានសន្តិភាព ទាំងនយោបាយការទូត នយោបាយសេដ្ឋកិច្ចនិងការផ្លាស់ប្តូររូបភាពកម្ពុជានៅលើឆាកអន្តរជាតិ។

ជាក់ស្តែង កិត្យានុភាពរបស់កម្ពុជាបានលេចត្រដែតកាន់តែខ្លាំងនៅលើឆាកអន្តរជាតិរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេច ហ៊ុន សែន។ ការដោះស្រាយវិបត្តិមនុស្សធម៌តាមរយៈការទទួលនាវា Westerdam ឲ្យចូលចត, ការគ្រប់គ្រងបានល្អនូវជំងឺកូវីដ ១៩, ការរៀបចំដោយជោគជ័យល្បីរន្ធឺនូវកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងវត្តមានរបស់សម្តេច ហ៊ុន សែន នៅទីក្រុងញូវយ៉កដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោកប្រធានាធិបតី ចូ បៃឌិន សុទ្ធសឹងជាព្រឹត្តិការណ៍លេចធ្លោដែលធ្វើឲ្យកម្ពុជាទទួលបានការចាប់អារម្មណ៍នៅលលើឆាកអន្តរជាតិ។

ចុងក្រោយនេះ សម្តេច ហ៊ុន សែន ទទួលបានការផ្តល់កិត្តយសយ៉ាងធំធេងពីសំណាក់ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង តាមរយៈការទទួលបដិសណ្ឋាកិច្ចយ៉ាងអធិកអធមប្រកបដោយកិត្តិយស នៅក្នុងវិមានអេលីហ្សេ។ នេះគឺជាកិត្តយសដ៏ធំធេងសម្រាប់ប្រជាជាតិខ្មែរទាំងមូល។ កិត្តិយសនេះបានធ្វើឲ្យក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី បាក់មុខនិងអស់តម្លៃពីក្នុងក្រសែភ្នែកប្រជាពលរដ្ឋខ្មែរក៏ដូចជាសាធារណៈមតិអន្តរជាតិ។

គេរំពឹងថា ទំនាក់ទំនងដ៏ពិសេសរវាងសម្តេច ហ៊ុន សែន និងប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុង នឹងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជានិងបារាំងឲ្យខ្ពស់ជាងមុនមួយកម្រិតថែមទៀតដើម្បីផលប្រយោជន៍ប្រទេសនិងប្រជាជនទាំងពីរ។ សូមកុំភ្លេចថា បារាំងគឺជាប្រទេសដ៏មានឥទ្ធិពលនៅអឺរ៉ុបដែលគេតែងនិយមហៅថា ជាបងធំនៅអឺរ៉ុប៕ 

ដោយ បញ្ញវន្តខ្មែរ

No comments:

Post a Comment