Thursday, December 15, 2022

 វិភាគអន្តរជាតិ៖ ទ្រឹស្ដីថ្មីនៃជ័យជម្នះរបស់រុស្ស៉ី


(វ៉ាស៊ីនតោន)៖ ថ្ងៃបុណ្យណូអែលនាពេលខាងមុខ នឹងក្លាយជាថ្ងៃដ៏ក្រៀមក្រំសម្រាប់ប្រជាជនអ៊ុយក្រែន និងជាថ្ងៃដែលសង្រ្គាមរបស់រុស្ស៉ីចូលដល់ខែទី១០ ចាប់តាំងពី កងទ័ពរុស្ស៉ីផ្ដើមការឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ដោយបង្កការបំផ្លិចបំផ្លាញយ៉ាងសម្បើមមិនធ្លាប់មាននៅអឺរ៉ុប តាំងពីសម័យសង្រ្គាមលោកលើកទី២មក។ កងទ័ពអ៊ុយក្រែន បូករួមទាំងប្រជាជនស៊ីវិលរាប់ម៉ឺននាក់បានស្លាប់ ព្រាត់ប្រាស់ប្ដីប្រពន្ធកូន និងមនុស្សជាទីស្រឡាញ់របស់ខ្លួន ហើយរាប់លាននាក់ផ្សេងទៀតក្លាយជា ជនភៀសខ្លួន រីឯទីក្រុងជាច្រើននៅទូទាំងប្រទេសមានទាំងរដ្ឋធានីកៀវ កំពុងគ្មានអគ្គិសនីប្រើប្រាស់ដែលបាន និងកំពុងបង្កឱ្យមានការព្រួយបារម្ភថា ប្រជាជនអ៊ុយក្រែនជាច្រើននឹងរងាដល់ស្លាប់។

ដំបូងឡើយ ផែនការរបស់លោក ពូទីន នោះគឺធ្វើយ៉ាងណាវាយគ្រប់គ្រងរដ្ឋធានីកៀវ ឱ្យបានលឿនរហ័ស។ ប៉ុន្តែផ្ទុយទៅវិញ អ៊ុយក្រែនបានផ្ដល់មេរៀនដ៏ជូរចត់ដល់ កងទ័ពរុស្ស៉ីនៅក្នុងសង្រ្គាមសម័យទំនើប និងកាន់តែមានគំនិតស្នេហាជាតិរឹតតែខ្លាំង ព្រមទាំងនៅតែរក្សាបាននូវការកាត់បន្ថយសមត្ថភាពរបស់កងទ័ពរុស្ស៉ី តាមរយៈ ការវាយបំបាក់កងទ័ពទាំងនោះនៅលើសមរភូមិជាបន្តបន្ទាប់។ ជ័យជម្នះទាំងនេះបានធ្វើឱ្យរុស្ស៉ីបាក់មុខទាំងនៅលើឆាកអន្តរជាតិ និងនៅក្នុងចំណោមកងទ័ព ប្រជាជន និងមេបញ្ជាការរុស្ស៉ីផ្ទាល់។ អ៊ុយក្រែនបានវាយបណ្ដេញកងទ័ពរុស្ស៉ីចេញពីរដ្ឋធានីកៀវ ដណ្ដើមយកតំបន់ខាកៀវមកវិញ និងថ្មីចុងក្រោយបំផុត នោះគឺរំដោះបាន ទីក្រុងខឺសុនមកវិញ។

តែទោះជាបែបនេះក្ដី វាហាក់ដូចជាលឿនពេកដែលត្រូវនិយាយថារុស្ស៉ីបានចាញ់នៅក្នុងសង្រ្គាម។ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានតែងតាំងមេបញ្ជាការថ្មី សម្រាប់ដឹកនាំសង្រ្គាមនៅអ៊ុយក្រែន លោកឧត្តមសេនីយ៍ លោក សឺហ្គៃ ស៊ូរ៉ូវីគីន (Sergei Surovikin) ដែលត្រូវបានគេមើលឃើញថាមានសមត្ថភាពល្អប្រសើរជាង ឧត្តមសេនីយ៍រុស្ស៉ីមុនៗ។ នៅក្រោមយុទ្ធសាស្ត្រដំបូងដៃបំផុត លោក ស៊ូរ៉ូវីគីន បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល អ៊ុយក្រែន ហើយនេះជាតាក់ទិកដែលលោកធ្លាប់បានប្រើដោយទទួលបានជោគជ័យលើគូសត្រូវនៅក្នុងប្រទេសស៊ីរី។ លោក ស៊ូរ៉ូវីគីន ជាអ្នកទទួលខុសត្រូវលើការដក កងទ័ពរុស្ស៉ីចេញពីទីក្រុងខឺសុន ប៉ុន្តែខុសប្លែកពីពេលរុស្ស៉ីដកចេញពីរដ្ឋធានីកៀវ និងតំបន់ខាកៀវ ការដកទ័ពរបស់ឧត្ដមសេនីយ៍ដៃឆាវរូបនេះមានភាពល្អប្រសើរ ដែលជាទូទៅគេហៅថាជាការដកទ័ពដោយយុទ្ធសាស្ត្រ។ មិនតែប៉ុណ្ណោះ ការមកដល់របស់លោក ស៊ូរ៉ូវីគីន ក៏បានបង្ហាញដែរពីការសម្របខ្លួននៃយុទ្ធសាស្ត្រថ្មីរបស់រុស្ស៉ី នៅអ៊ុយក្រែន។ ម្យ៉ាងវិញទៀត ទោះបីជាលោក ពូទីនប្រហែលជាគិតថាមិនអាចគ្រប់គ្រងរដ្ឋធានីកៀវបានក៏ដោយ តែលោកនៅតែជឿជាក់ថាអាចនឹងដណ្ដើមបានទឹកដី ទាំងស្រុង ឬមួយផ្នែកធំនៃខេត្តចំនួន៤ ដូចជា Donetsk, Kherson, Luhansk និង Zaporizhzhia ដែលលោកផ្ទាល់បានកាត់បញ្ចូលជាឧបសម្ព័ន្ធរុស្ស៉ី។

លោក ស៊ូរ៉ូវីគីនជាមនុស្សសំខាន់ម្នាក់ដែលលោក ពូទីនយល់ថាអាចជួយសម្រេចផែនការរបស់លោក។ លោក ពូទីនសង្ឃឹមថាខណៈសង្រ្គាមបន្តអូសបន្លាយចូលរដូវរងា អឺរ៉ុបនឹងបញ្ឈប់ការផ្ដល់ការគាំទ្រដល់អ៊ុយក្រែនមួយភាគធំ ដោយប្រើឧស្ម័នជាអាវុធសម្លុតគំរាម ដ្បិតលោក ពូទីន នៅតែគិតថាការថយចុះនៃការគាំទ្រនេះនឹងក្លាយជា ការត្រួសត្រាយផ្លូវមួយដល់ជោគជ័យនៃប្រតិបត្តិការវាយលុកថ្មីមួយ។

* ដួលមែន តែមិនទាន់ចាញ់

សម្រាប់មនុស្សដែលបានតាមដានស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែន អ្វីដែលគេនឹងបានស្ដាប់ឮពីរុស្ស៉ីនៅក្នុងឆ្នាំ២០២៣ នឹងក្លាយជារឿងសុំាដដែលៗ។ ជាឧទាហរណ៍ ទីក្រុងមូស្គូនឹងនៅតែបន្តឃោសនាពីការឈ្លានពាន ឬទង្វើបង្កហេតុរបស់បក្សសម័្ពន្ធ NATO ជាមធ្យោបាយបញ្ចុះបញ្ចូលឱ្យឥណ្ឌា ចិន និងបណ្ដាប្រទេសដទៃនៅជុំវិញ ពិភពលោកបន្តប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រឹត ជាជាងចូលរួមជាមួយលោកខាងលិចដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី។ លោក ពូទីន ក៏នឹងបន្តផងដែរនូវសង្រ្គាមឧស្ម័ន ប្រឆាំងនឹងអឺរ៉ុប ក្នុងក្ដីរំពឹងថាបណ្ដាប្រទេសអឺរ៉ុបនឹងបង្ខំឱ្យទីក្រុងកៀវយល់ព្រមទទួលយកបទឈប់បាញ់ នៅចំពោះមុខស៊ីតុណ្ហភាពកាន់តែចុះត្រជាក់ និងលើកទឹកចិត្ត ដល់ការវាយប្រហារលើបណ្ដាញផ្គត់ផ្គង់ថាមពលអ៊ុយក្រែន។

នៅក្នុងការគណនារបស់លោក ពូទីន ការវាយប្រហារតាមផ្លូវអាកាសលើស្ថានីយ៍ថាមពល មិនត្រឹមតែនឹងបង្កកប្រជាជនអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងកាត់ផ្ដាច់ជំនួយ ឬក៏ចំណូលពីខាងក្រៅរបស់អ៊ុយក្រែនដែរ ពោលគឺបើការវាយប្រហារបំផ្លិចបំផ្លាញនៅតែបន្ត តើមានអ្នកវិនិយោគបរទេសឯណាហ៊ានបោះទុនរកស៊ីនៅអ៊ុយក្រែន? ហើយ បើទោះជាការវាយប្រហារទាំងនេះមិនអាចខ្ទប់ជំនួយ ឬចំណូលពីខាងក្រៅបានក៏ដោយ ក៏លោក ពូទីន នៅតែជឿដដែលថាការវាយប្រហារបំផ្លិចបំផ្លាញនឹងធ្វើឱ្យអ៊ុយក្រែន ខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយមិនអាចនាំចេញថាមពលទៅក្រៅប្រទេស ដែលបានចាប់ផ្ដើមឡើងកាលពីខែកក្កដា ឆ្នាំ២០២២ មកម្ល៉េះ។

លោក ស៊ូរ៉ូវីគីន កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្លាស់ប្ដូរយុទ្ធសាស្ត្រសង្រ្គាមរបស់រុស្ស៉ី ហើយលោកជាឧត្ដមសេនីយ៍រុស្ស៉ីដំបូងបំផុតដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងពីលោក ពូទីន។ បើតាមនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោកស្រី Avril Haines លោក ពូទីន ទទួលបានព័ត៌មានពីសមរភូមិ យ៉ាងច្បាស់លាស់ ក្រោមការដឹកនាំប្រតិបត្តិការយោធាដោយលោក ស៊ូរ៉ូវីគីន។ ក្នុងន័យនេះប្រសិនបើលោកពូទីន មានទំនុកចិត្តថាលោកទទួលបានព័ត៌មានច្បាស់លាស់ ពីសមរភូមិល្អប្រសើរជាងកាលពីមុនខែតុលា នោះលោកអាចនឹងបង្វែរការផ្ដោតអារម្មណ៍ទៅដោះស្រាយបញ្ហាប្រឈមផ្សេងទៀតដែលរុស្ស៉ីកំពុងប្រឈម និងបើកដៃឱ្យ លោក ស៊ូរ៉ូវីគីន មានស្វ័យភាពរឹតតែខ្លាំងក្នុងការដឹកនាំការធ្វើសង្រ្គាម។

លោក ស៊ូរ៉ូវីគីន អាចនឹងប្រើប្រាស់ស្វ័យភាពទាំងនេះ ដើម្បីបង្រួបបង្រួមកងកម្លាំងរុស្ស៉ី និងទាហានស៊ីឈ្នួលឱ្យមកនៅក្រោមការគ្រប់គ្រងរួមមួយរបស់លោក ក៏ដូចជាធ្វើ សមាហរណកម្មប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស និងជើងគោក ដើម្បីធានាឱ្យបាននូវភាពស៊ីសង្វាក់គ្នារវាងសកម្មភាព និងព័ត៌មាននៅសមរភូមិ។ មានភស្ដុតាង ជាច្រើនបង្ហាញថាកងទ័ពរុស្ស៉ីត្រូវបានកែនសំដៅជំនួសកងទ័ពដែលបានស្លាប់ និងរងរបួស។ ដូច្នេះនៅអំឡុងរដូវរងា លោក ស៊ូរ៉ូវីគីន នឹងដឹកនាំកងទ័ពរុស្ស៉ីក្នុង ជំហរការពារ ហើយនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលលោកអាចធ្វើទៅបានក្នុងការការពារកងកម្លាំងរបស់លោកនៅចំពោះមុខការវាយប្រហារពីអ៊ុយក្រែន។

ប៉ុន្តែ លោកក៏នឹងត្រៀមលក្ខណៈផងដែរដើម្បីរៀបចំកងទ័ពសម្រាប់ប្រតិបត្តិការថ្មី ដាក់ពង្រាយកងទ័ពថ្មីទៅកាន់អ៊ុយក្រែន ដំឡើងប្រព័ន្ធអាវុធការពារផ្លូវផ្គត់ផ្គង់សំខាន់ៗ កសាងបណ្ដាញភស្ដុភារដែលមានលក្ខណៈធន់ជាងមុន ស្ដុកគ្រាប់រំសេវ និងការផ្គត់ផ្គង់សម្រាប់ប្រតិបត្តិការវាយលុកនៅពេលអនាគត។ កាន់តែសំខាន់ជាងនេះទៅទៀត លោក ស៊ូរ៉ូវីគីន នឹងបន្តដឹកនាំយុទ្ធនាការទម្លាក់គ្រាប់បែកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ព្រមទាំងដាក់ពង្រាយកងទ័ពរុស្ស៉ីមួយក្រុមតូចនៅលើទឹកដីបេឡារុស ដែលនេះជាតាក់ទិកមួយក្នុងគោលបំណងបង្ខំឱ្យអ៊ុយក្រែនដកកងទ័ព និងអាវុធមួយចំនួនចេញពីសមរភូមិមុខ មកការពាររដ្ឋធានីកៀវ និងទីក្រុងច្រើនទៀត។ 

ការវាយប្រហារតាមផ្លូវអាកាស ត្រូវបានអ្នកជំនាញជាច្រើន តួយ៉ាងដូចជា លោក Lawrence Freedman យល់ថារុស្ស៉ីមានប្រៀបជាង។ លោក Lawrence Freedman បានកត់សម្គាល់ថាអ៊ុយក្រែនមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទឹកដីរុស្ស៉ី ដូចដែលលោក ពូទីន កំពុងធ្វើនៅអ៊ុយក្រែននោះទេ បើទោះជា មានសេចក្ដីរាយការណ៍ថាយន្ដហោះដ្រូនអ៊ុយក្រែនបានវាយប្រហារលើទឹកដីរុស្ស៉ីក៏ដោយ។ «កងទ័ពអ៊ុយក្រែនកំពុងទទួលជ័យជម្នះនៅលើសមរភូមិ ប៉ុន្តែពួកគេមិនអាច វាយបកប្រឆាំងនឹងរុស្ស៉ីដូចដែលរុស្ស៉ីកំពុងធ្វើនោះឡើយ»។ នេះការបញ្ជាក់បន្ថែមរបស់លោក Lawrence Freedman។

តែជាការពិតណាស់ លោក ស៊ូរ៉ូវីគីន ដឹងច្បាស់ថាអ៊ុយក្រែនអាចនឹងព្យាយាមសាជាថ្មីក្នុងការវាយបកដណ្ដើមទឹកដីដែលខ្លួនបាត់បង់មកវិញ។ ដូច្នេះហើយទើបលោក បានបញ្ជាឱ្យកងទ័ពរុស្ស៉ីពង្រឹងខ្សែការពារនានានៅក្នុងទឹកដីដែលរុស្ស៉ីកំពុងគ្រប់គ្រង។ ឧត្ដមសេនីយ៍រុស្ស៉ីរូបនេះក៏ទំនងជាដឹកនាំសកម្មភាពនយោបាយដោយ «ការធ្វើជាតិតូបនីយកម្មរុស្ស៉ី» នៅលើទឹកដីអ៊ុយក្រែនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។


យ៉ាងណាក៏ដោយ បើតាមអ្នកជំនាញយុទ្ធសាស្ត្រយោធាដូចជា លោក MICK RYAN បច្ចុប្បន្ន កងទ័ពអ៊ុយក្រែននៅតែរក្សាបាននូវឧត្ដមភាពយោធា ហើយដើម្បីបន្តអាចធ្វើ បែបនេះបាន អ៊ុយក្រែនត្រូវតែវាយតម្លៃឱ្យបានហ្មត់ចត់ពីយុទ្ធសាស្ត្ររបស់លោក ស៊ូរ៉ូវីគីន បង្កើនការស៊ើបការណ៍សម្ងាត់របស់ខ្លួនលើសមរភូមិមុខ លើមជ្ឈមណ្ឌលភស្ដុភារ និងទីបញ្ជាការចល័តរបស់រុស្ស៉ី ដែលអាចនឹងជួយឱ្យទីក្រុងកៀវស្វែងរកចំណុចខ្សោយរបស់សត្រូវ និងបញ្ជូនកងទ័ពទៅបណ្ដុះបណ្ដាលបន្ថែមនៅអឺរ៉ុប។ អ៊ុយក្រែនក៏ ចាំបាច់ដែរត្រូវតែរក្សាឱ្យបាននូវការគាំទ្រពីលោកខាងលិច តាមរយៈការបន្តការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមព័ត៌មានរបស់រុស្ស៉ី។ បើអាចរក្សាការគំាទ្រពីលោកខាងលិចបាន នោះអ៊ុយក្រែនអាចបង្ហាញថា «ទ្រឹស្ដីថ្មីនៃជ័យជម្នះ» របស់លោក ពូទីន គ្រាន់តែជាការគណនាខុសមួយតែប៉ុណ្ណោះ៕ Fresh News

No comments:

Post a Comment