Thursday, December 15, 2022

វិភាគអន្តរជាតិ៖ រាត្រីទឹកឃ្មុំសហភាពអឺរ៉ុប-អាស៊ាន នៅក្នុងការប្រជែងឥទ្ធិពលអាមេរិក-ចិន


(តូក្យូ)៖ ទោះជាបីជាស្ថិតនៅឆ្ងាយពីគ្នារាប់ពាន់យោជន៍ក៏ដោយ និងនៅចំពោះមុខសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន សហភាពអឺរ៉ុប (EU) និងអាស៊ាន បានបង្កើនភាពស្និទ្ធស្នាលនឹងគ្នា អមជាមួយបំណងប្រាថ្នាអនុវត្តយុទ្ធសាស្ត្រស្វ័យភាពដូចគ្នា ព្រមទាំងចូលរួមចំណែកនៅក្នុងយុគសម័យពិភពលោកពហុប៉ូល ក្នុងការបរិបទនៃការប្រជែងឥទ្ធិពលរវាងសហរដ្ឋអាមេរិក និងចិន។

កិច្ចប្រជុំកំពូលក្នុងទីក្រុងព្រុចសែល នៅថ្ងៃពុធ ទី១៤ ខែធ្នូនេះ ដើម្បីរំឮកខួបលើកទី៤៥ នៃទំនាក់ទំនងការទូតបានបើកឱកាសឱ្យមេដឹកនាំនៃប្លុកទាំង២ ពិភាក្សាគ្នាពី ការពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅនៅពេលអនាគត ក្នុងពេលបច្ចុប្បន្នដែលទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងអាស៊ានបានប្រែក្លាយពីម្ចាស់ជំនួយ និងអ្នកទទួលជំនួយ ទៅជាដៃគូពាណិជ្ជកម្មស្មើមុខស្មើមាត់។ សម្រាប់សហភាពអឺរ៉ុប ការកើនឡើងនៃប្រជាជនអាស៊ានជិត ៧០០លាននាក់ដែលសម្បូរទៅដោយ យុវជន និងការកើនឡើងនៃប្រជាជនមានប្រាក់ចំណូលមធ្យម គឺជា «កាលានុវត្តភាពសេដ្ឋកិច្ចមួយ» ហើយផ្ទុយពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុបមានភាពបើកចំហ ខ្លាំងជាង លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន។

កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងអាស៊ានបានកើនឡើងដល់ជិត ២៧០ពាន់លានដុល្លារ និងនៅក្នុងឆ្នាំដដែលនេះដែរ សហភាពអឺរ៉ុបក៏បាន ក្លាយជាប្រភពលំហូរចូលនៃវិនិយោគបរទេសដោយផ្ទាល់ធំលំដាប់ទី២ របស់អាស៊ានផងដែរ ដោយតាមពីក្រោយសហរដ្ឋអាមេរិក។ ជាងនេះទៅទៀត បញ្ហាបន្ទាន់របស់សហភាពអឺរ៉ុបសព្វថ្ងៃ នោះគឺការស្វែងរកប្រភពផ្គត់ផ្គង់ថាមពលថ្មី ក្នុងបរិបទបណ្ដាប្រទេសអឺរ៉ុបនាំគ្នាកាត់បន្ថយការទិញប្រេង និងឧស្ម័នពីរុស្ស៉ី ដោយសារតែសង្រ្គាមឈ្លានពានអ៊ុយក្រែន ក្នុងនោះអាល្លឺម៉ង់ដែលជាប្រទេសពឹងផ្អែកខ្លាំងជាងគេលើថាមពលរុស្ស៉ី ត្រូវបានគេរំពឹងថានឹងក្លាយជាប្រទេសនាំចូល ធ្យូងថ្មធំលំដាប់ទី៣ ពីប្រទេសឥណ្ឌូណេស៊ី នៅឆ្នាំ២០២៣។

ដូច្នេះថានៅក្នុងកិច្ចប្រជុំកំពូលនៅព្រុចសែល សហភាពអឺរ៉ុប នឹងជំរុញការរីកចម្រើនបន្ថែមលើកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌូណេស៊ី ប្រសិនបើជម្លោះលើការរឹតត្បិតរបស់ឥណ្ឌូណេស៊ី ក្នុងការនាំចេញរ៉ែនីកែលត្រូវបានដោះស្រាយ។ សហភាពអឺរ៉ុប ក៏រំពឹងដែរថាអាចនឹងចាប់ផ្ដើមកិច្ចចរចាឡើងវិញ ជាមួយហ្វីលីពីន និងម៉ាឡេស៊ីដែលសុទ្ធសឹងតែ ទើបតែមានរដ្ឋាភិបាលថ្មី និងបណ្ដាប្រទេសជាសមាជិកអាស៊ានដទៃទៀត។ របៀបវារៈសំខាន់នៃកិច្ចប្រជុំកំពូល ក៏មាន ផងដែរ ភាពជាដៃគូបៃតង ការផ្សារភ្ជាប់ និងខែ្សចង្វាក់ផ្គត់ផ្គង់។ កាលពីខែតុលាកន្លងទៅ សហភាពអឺរ៉ុប និងអាស៊ានសម្រេចបាននូវកិច្ចព្រមព្រៀងដឹកជញ្ជូន តាមផ្លូវអាកាសដែលនឹងកាន់តែបើកចំហផ្លូវធ្វើដំណើរ និងពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងនេះពិតជាសារៈសំខាន់ក្នុងពេលសហភាពអឺរ៉ុបមើលឃើញថាអាស៊ានជាខ្សែ ចង្វាក់ផ្គត់ផ្គង់មួយគួរឱ្យជឿជាក់។

បើគេនិយាយពីយុទ្ធសាស្ត្រ ប្លុកទាំង២ មានផលប្រយោជន៍រួមជាច្រើន ជាពិសេសចំពេលនៃការប្រជែងឥទ្ធិពលរវាងអាមេរិក និងចិន។ នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក របស់ខ្លួនកាលពីឆ្នាំ២០២១ សហភាពអឺរ៉ុបបានគូសបញ្ជាក់ពីគោលបំណងបង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអាស៊ាន ដោយកាលពីដើមឆ្នាំ២០២២ សហភាពអឺរ៉ុប និងអាស៊ានបានធ្វើបច្ចុប្បន្នភាពទំនាក់ទំនងរបស់ខ្លួនឱ្យទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ»។ ចំពោះអាស៊ាន សហភាពអឺរ៉ុបជាដៃគូដ៏ប្រសើរ និងប្រៀបដូចជា «ខែលមួយ» ដែលអាចការពារពួកគេពីការប្រជែងឥទ្ធិពលរវាងពួកកំពូលមហាអំណាច។ ក្នុងន័យនេះ សហភាពអឺរ៉ុបមើល ទៅហាក់ដូចជាប្រកាន់ជំហរអព្យាក្រឹត និងយុទ្ធសាស្រ្តស្វ័យភាពដូចអាស៊ានដែរ ពោលគឺមិនបានចូលរួមជាមួយក្រុមប្រទេស Quad និង AUKUS ដឹកនាំដោយ សហរដ្ឋអាមេរិកនោះទេ ហើយដែលសម្ព័ន្ធភាពទាំង២នេះត្រូវបានគេចាត់ទុកជាទូទៅថាបង្កើតឡើងក្នុងគោលដៅខ្ទប់ការកើនឡើងឥទ្ធិពលចិន។

តែទោះជាយ៉ាងណាក៏ដោយ សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បាន និងកំពុងក្លាយជាការធ្វើតេស្ដមួយលើទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងអាស៊ាន។ ខណៈ សហភាពអឺរ៉ុប ចាត់ទុករុស្ស៉ីជាការគំរាមកំហែងបន្ទាន់ បណ្ដាប្រទេសជាសមាជិកអាស៊ានស្ទើរតែទាំងអស់ប្រកាន់គោលជំហរអព្យាក្រឹត ដោយមិនចង់ជ្រើសរើសឈរ នៅខាងភាគីណាមួយឡើយ។ មកទល់នឹងពេលនេះ មានប្រទេសសិង្ហបុរីតែមួយគត់ដែលបានថ្កោលទោស និងបានចូលរួមជាមួយលោកខាងលិចដើម្បីដាក់ទណ្ឌកម្ម សេដ្ឋកិច្ចប្រឆាំងរុស្ស៉ី។ ចំណែកឯ កម្ពុជាវិញបានបោះឆ្នោតថ្កោលទោសការឈ្លានពានរបស់រុស្ស៉ីនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ស្របពេលថៃ ឡាវ និងវៀតណាម បានស្ថិតនៅក្នុងចំណោមប្រទេសចំនួយ៣៥ នៃសមាជិក UN ដែលបានបោះឆ្នោតអនុបវាទកាលពីខែតុលាកន្លងទៅ។ (Fresh News) 

No comments:

Post a Comment