Thursday, October 27, 2022

សម្ដេចក្រឡាហោម ស ខេង ថ្វាយសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីបុណ្យខួប លើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទូលព្រះបង្គំតាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ មន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ មានសេចក្ដីសោមនស្សប្រកបដោយមនោសញ្ចេតនារំភើបរីករាយក្រៃលែង សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរសាទរក្នុងឱកាសដ៏មហាក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យខួប លើកទី១៨ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។



អស់រយៈពេល ១៨ ព្រះវស្សាកន្លងមកនេះ ប្រជារាស្ដ្រខ្មែរ បានរស់នៅយ៉ាងសុខដុម ក្រោមព្រះបារមីដ៏ពិសិដ្ឋ នៃព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះបរមនាមជាព្រះប្រមុខរដ្ឋប្រកបដោយទសពិធរាជធម៌ ព្រះអង្គបានគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងជាព្រះនិម្មិតរូប នៃឯកភាពជាតិសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងព្រះមហាករុណាទិគុណ និងព្រះរាជគុណូបការៈ ដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតសម្ដែងអភិវន្ទនកិច្ច និងកត្តញ្ញុកតវេទីយ៉ាងស្មោះស្ម័គ្រជាទីបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែងថ្វាយកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុ ដ៏ឧត្តុង្គឧត្តមនៃជាតិ និងប្រជារាស្ដ្រជាទីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គនៅគ្រប់កាលៈទេសៈ។


នាឱកាសដ៏អភិសិរីវិសេសវិសាលនេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គ មានព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា ចៀសផុតពីព្រះរោគាព្យាធិទាំងឡាយទាំងពួង និងសូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមសម្រាប់ប្រជារាស្ត្រខ្មែរជានិរន្ដរ៍តរៀងទៅ៕


ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា



No comments:

Post a Comment