Thursday, October 27, 2022

សមាជិកក្រុមប្រឹក្សាគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន នៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ចេញសារថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ

 (កំពង់ធំ)៖ សមាជិកក្រុមប្រឹក្សាគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន នៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ផ្តិតមេដៃចេញសារថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះចេស្តាព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

សូមជម្រាបថា សម្រាប់នៅឃុំច្រនាង ស្រុកតាំងគោក មានចំនួន១១នាក់ ក្នុងនោះមានសមាជិកក្រុមប្រឹក្សាឃុំ មកពីគណបក្សភ្លើងទៀន ចំនួន៣នាក់ បានផ្តិតមេដាយថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី។

នៅក្នុងសារថ្កោលទោសជនក្បត់ជាតិ សម រង្ស៉ី នោះបានគូសបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាដែលមានគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន សូមថ្កោលយ៉ាងដាច់អហង្ការចំពោះការប្រមាថ និងការចោទប្រកាន់ ឥតព្រំដែនម្តងហើយម្តងទៀតរបស់ សម រង្ស៉ី និងបក្ខពួកដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ»។

យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ ច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិ៣ជំនាន់និង រត់ចោលស្រុករូបនេះ ព្រមទាំងបក្សពួកដែល បានចូលរួមចំណែកគាំទ្រចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើកលែងបានឡើយ។

សេចក្តីថ្លែងការណ៍ថ្កោលទោសទណ្ឌិត សម រង្ស៉ី នេះបានកើតមានឡើង បន្ទាប់ពីការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យក្រុមប្រឹក្សាឃុំ/សង្កាត់ បក្សភ្លើងទៀនចេញថ្កោលទោសទង្វើទណ្ឌិត សម រង្ស៉ី។

នៅក្នុងពិធីចែកពូជស្រូវជនប្រជាកសិករនៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ បានអំពាវនាវឱ្យក្រុមប្រឹក្សាឃុំ/សង្កាត់បក្សភ្លើងទៀន ចេញមកថ្កោលទោសទង្វើទណ្ឌិត សម រង្ស៉ី ដោយកុំខ្លាចរអារឿងបក្សដកតំណែងនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បក្សភ្លើងទៀន មិនអាចដកតំណែងក្រុមប្រឹក្សាឃុំ/សង្កាត់មកពីបក្សភ្លើងទៀន បាននោះឡើយ បើគ្មានការឯកភាពពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទេនោះ៕


No comments:

Post a Comment