Thursday, October 27, 2022

ក្រសួងមហាផ្ទៃ ដាក់វិធានការ៤ចំណុច ពាក់ព័ន្ធនឹងការធ្វើអត្តសញ្ញាណបណ្ណគំរូថ្មី


(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយមានបង្ហាញពីការដាក់វិធានការ៤ចំណុច ពាក់ព័ន្ធនឹងការធ្វើអត្តសញ្ញាណបណ្ណគំរូថ្មី។

ក្រសួងមហាផ្ទៃ បានឲ្យដឹងថា​ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រសួងបានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជូនប្រជាពលរដ្ឋបានចំនួន ១២,៣៣៦,២៣៥នាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង គិតដល់ខែកក្កដា ឆ្នាំ២០២៣ មានចំនួន ១១,៦៧០,៨៦២នាក់។ ផ្អែកលើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានរក្សាទុកក្នុងប្រព័ន្ធម៉ាស៉ីនមេគ្រប់គ្រងទិន្នន័យ ក្រសួងមហាផ្ទៃបានរកឃើញថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលបានផ្តល់ជូនប្រជាពលរដ្ឋចាប់តាំងពីខែមិថុនា ឆ្នាំ២០១២ មានសុពលភាព១០ឆ្នាំ បានចាប់ផ្តើមផុតសុពលភាពប្រើប្រាស់ជាបន្តបន្ទាប់ ចាប់ពីខែមិថុនា ឆ្នាំ២០២២ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានផ្ដល់ក្នុងឆ្នាំ២០១៣ នឹងត្រូវផុតសុពលភាពត្រឹមខែកក្កដា ឆ្នាំ២០២៣ សរុបចំនួនប្រមាណ ១,៧០០,០០០សន្លឹក។


សេចក្តីប្រកាសព័ត៌មាន បានបន្ថែមថា ក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋ ពិសេសការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់កាន់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ក្រសួងមហាផ្ទៃ ដាក់ចេញនូវវិធានការអនុវត្តដូចខាងក្រោម៖


១៖ ផ្អែកលើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលរក្សាទុកក្នុងប្រព័ន្ធម៉ាស៉ីនមេគ្រប់គ្រងទិន្នន័យ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រូវរៀបចំចងក្រង និងបោះពុម្ពបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលផុតសុពលភាព និងបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងផុតសុពលភាព រយៈពេល ៩០ថ្ងៃខាងមុខ តាមឃុំ សង្កាត់ ទូទាំងប្រទេស។ បញ្ជីនេះត្រូវផ្តល់ជូនមេឃុំ ចៅសង្កាត់ ដើម្បីសហការជូនដំណឹង និងចាត់ចែងអញ្ជើញប្រជាពលរដ្ឋទាំងនោះ មកបំពេញបែបបទ ថតរូប និងផ្តិតស្នាមក្រឃៅដៃ ទទួលយកអត្តសញ្ញាណប័ណ្ណថ្មីឱ្យបានទាន់ពេលវេលា។


២៖ ចំពោះប្រជាពលរដ្ឋដែលបានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សាមីខ្លួនត្រូវធ្វើសេចក្តីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច និងត្រូវទំនាក់ទំនងមកអាជ្ញាធរឃុំ សង្កាត់សាមី ដើម្បីបំពេញបែបបទទទួលយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។

៣៖ ចំពោះប្រជាពលរដ្ឋដល់អាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោតជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ហើយដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមអញ្ជើញសាមីខ្លួនទំនាក់ទំនងមកអាជ្ញាធរឃុំ សង្កាត់សាមី ដើម្បីបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

៤៖ បង្កើតយន្តការអន្តរអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ រួមមាន អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីដឹកនាំគណៈកម្មការជំរុញផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រាជធានី ខេត្ត ក្នុងការអនុវត្តយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៣។

៤. បង្កើតយន្តការអន្តរអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ រួមមាន អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីដឹកនាំគណៈកម្មការជំរុញផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រាជធានី ខេត្ត ក្នុងការអនុវត្តយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៣។


ដើម្បីធានាអនុវត្តការងារខាងលើនេះឱ្យទទួលបានជោគជ័យ ក្រសួងមហាផ្ទៃ អំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមុនផុតសុពលភាពរយៈពេល ៩០ថ្ងៃ ប្រជាពលរដ្ឋបានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រជាពលរដ្ឋដែលគ្រប់អាយុ១៨ឆ្នាំ នៅថ្ងៃបោះឆ្នោតជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ សូមផ្តល់កិច្ចសហការគាំទ្រ និងចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយត្រូវទំនាក់ទំនងជាមួយអាជ្ញាធរឃុំ សង្កាត់ ដើម្បីមកបំពេញបែបបទប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា និងបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ស្នងការដ្ឋាននគរបាលរាជធានីខេត្ត ច្រកចេញចូលតែមួយ នៃលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ឬនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅផ្សារទំនើបអ៉ីអនម៉ល២ សែនសុខ រាជធានីភ្នំពេញ។


ប្រជាពលរដ្ឋអាចទំនាក់ទំនងសាកសួរព័ត៌មាននានា ពាក់ព័ន្ធអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ ១២៧១ ឬ ០១៧ ៨៩៨ ៩១៥ ៕

No comments:

Post a Comment