Thursday, October 13, 2022

ការពិតពីមាតុភូមិ ៖ តើនរណាឈ្នះក្តីក្នុងសំណុំរឿងបណ្តឹងបរិហារកេរ្តិ៍ ប្តឹង សម រង្ស៊ី?

(ភ្នំពេញ)៖ តើសម រង្ស៊ី ហ៊ានបន្តមួលបង្កាច់ថា នាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធទៅនឹងការធ្លាក់ឧទ្ធម្ភាគចក្រ ដែលមានលោកហុក ឡងឌី ជាជនរងគ្រោះទៀតឬទេ ? អំណឹះតទៅបុគ្គលសម រង្ស៊ី ពិតជាលែងហ៊ាន ដោយសារពិភពលោកដឹងថា វាមិនមែនជាការពិត។

ដោយលើកចំណុចអំណះអំណាងមកពន្យល់ជាហូរហែរនៅក្នុងសាលក្រមរបស់ខ្លួន តុលាការបារាំងបានកត់សម្គាល់ថា៖

១៖ «លោក សម រង្ស៊ី មិនបានបង្ហាញភស្តុតាងច្បាស់លាស់ គាំទ្រសម្មតកម្មរបស់គាត់ដែលថា មូលហេតុនៃគ្រោះថ្នាក់គឺជាការផ្ទុះគ្រាប់បែក និងមិនមែនជាបញ្ហាអាកាសធាតុ ដូចដែលដើមបណ្តឹងរដ្ឋប្បវេណីបានបញ្ជាក់ នៅក្នុងទិសដៅលាក់បាំងមូលហេតុពិតប្រាកដនៃការស្លាប់របស់លោក ហុក ឡងឌី៉»។

សាលាដំបូងនៃតុលាការបារាំង នៅទីក្រុងប៉ារីស បានកត់សម្គាល់ ទៀតថា៖

២៖ «យោងលើមូលហេតុទាំងអស់ខាងលើ ចៅក្រមសាលាដំបូង បានចាត់ទុកថា មូលដ្ឋានអង្គហេតុទាក់ទងគ្នានៃការនិយាយចោទប្រកាន់ ( របស់ សម រង្ស៊ី ) មានលក្ខណៈ “ ខ្សោយ ” ដែលវាផ្ទុយយ៉ាងខ្លាំងនឹងការនិយាយចោទប្រកាន់មួយ ដែលមិនអាចទុកឱ្យមានការសង្ស័យណាមួយ អំពីការពាក់ព័ន្ធដោយសន្មតលើលោក ហ៊ុន សែន នៅក្នុងការធ្វើឃាតលោក ហុក ឡងឌី នោះទេ»។

តុលាការបានរកឃើញការពិត និងបញ្ជាក់ច្បាស់ថា ការពន្យល់ និងឯកសារ ដែលផ្តល់ដោយ សម រង្ស៊ី៖

៣៖ «ពុំមានធាតុផ្សំជាក់លាក់ណាមួយបង្ហាញគាំទ្រការអះអាងរបស់សម រង្ស៊ី ថាមូលហេតុនៃឧប្បទ្ទវហេតុគឺដោយសារ ការបំផ្ទុះគ្រាប់បែក»។

សភាជំនុំជម្រះទី17 នៃសាលាដំបូងទីក្រុងប៉ារីស បានសម្រេចនៅក្នុងសាលក្រមចុះថ្ងៃទី10 ខែតុលា ឆ្នាំ2022 ថា ការលើកឡើងដែលសម រង្ស៊ី មិនបានជំទាស់តវា ជាការបរិហារកេរ្តិ៍ ៖

៤៖ «ការចោទប្រកាន់ថាលោក ហ៊ុន សែន ជាអ្នកបង្គាប់បញ្ជាឱ្យមានការធ្វើឃាតដែលមានចរិតនយោបាយទាំង២ករណីខាងលើ និងថា បានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើឃាតនេះ គឺជាការធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី (លោក ហ៊ុន សែន) ... ដូច្នេះ ការនិយាយចោទប្រកាន់នេះ ចាត់ទុកថាជាការបរិហារកេរ្តិ៍លោក ហ៊ុន សែន»។

ដូច្នេះ តុលាការបានស្វែងរកឃើញការពិត ភាពយុត្តិធម៌ ដែលសបញ្ជាក់ថា នាយករដ្ឋមន្ត្រីហ៊ុន សែន ពិតជាស្អាតស្អំ មិនបានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយមរណភាព លោកហុក ឡងឌី នោះទេ ។

បុគ្គលម្នាក់ពោលពាក្យមួលបង្កាច់អ្នកដទៃ ហើយខំដើរប្រកាសថាជាពាក្យពិត ប៉ុន្តែទីបំផុតត្រូវបានតុលាការរកឃើញថា ពាក្យពេចន៍របស់ខ្លួនជារឿងប្រឌិត ហើយកត់សម្គាល់ថាអំពើនោះ ជាអំពើបរិហារកេរ្តិ៍ ប្រៀបដូចតុលាការចាប់សម្រាតខោកណ្តាលហ្វូងមហាជនទូទាំងសកលលោក។ តើនេះជាការឈ្នះទៅកើតដែរឬ ?

ការជម្រះមន្ទិល ភាពយុត្តិធម៌ ភាពស្អាតស្អំ និងការប្រកាសប្រាប់សាធារណជនអំពីការពិត ដោយបញ្ជាក់ថា ដើមបណ្ដឹងមិនបានធ្វើដូចការចោទបំភ្លៃរបស់ជនជាប់ចោទនោះ ជាគោលបំណងគន្លឹះ ដែលដើមបណ្ដឹងចង់បានពីបេសកកម្មតស៊ូផ្នែកច្បាប់នៅឯយុត្តាធិការនៃទីលំនៅរបស់ជនជាប់ចោទ មិនមែនចង់បានទឹកប្រាក់ 1អឺរ៉ូ នោះទេ ។ ភាគីនាយករដ្ឋមន្ត្រីហ៊ុន សែន ពុំមានភាពចាំបាច់ក្នុងការប្តឹងឧទ្ធរណ៍ ព្រោះទទួលបានរួចទៅហើយនូវអ្វីដែលជាការទាមទារ និងចង់បាននៅក្នុងបណ្តឹង និងថែមទាំងទទួលបាននូវការវិនិច្ឆ័យមួយ ផ្តល់យុត្តិធម៌ ផ្តល់ការពិត សងជូនវិញនូវកិត្តិយស និងភាពស្អាតស្អំ ដែលដើមបណ្តឹងចង់បានបំផុត ពីក្នុងរឿងក្តីមួយនេះ ។ នៅពេលដែលតុលាការប្រទេសបារាំងបានផ្តល់ទៅដើមបណ្តឹងរដ្ឋប្បវេណី នូវកិត្តិយស និងភាពស្អាតស្អំវិញ តើនេះមិនមែនជាភាពជោគជ័យទេឬ ?

អ្វីដែលគួរឱ្យអស់សំណើចនោះ គឺសម រង្ស៊ី ខ្លួនឯង , អ្នកគាំទ្រដ៏ល្ងិតល្ងង់ , បណ្ឌិតស្ទើរភ្លើង , អ្នកវិភាគដូរបាយ , និងសារព័ត៌មានចូកចែវមួយចំនួន ធ្វើជាមិនយល់ មិនដឹងថា រាល់សេចក្តីក្នុងសំអាងហេតុ ការយល់ឃើញ អំណះអំណាង ដែលតុលាការបានលើក និងសន្និដ្ឋាន នៅក្នុងសាលក្រម គឺជាសេចក្តីសម្រេច ឬវិនិច្ឆ័យសេចក្តី ដោយចៅក្រម ទាំងអស់ ។ តើក្រុមមនុស្សទាំងនេះ ពិតជាឆោតល្ងិតល្ងង់ដល់ថ្នាក់នេះ ? ឬដឹងដែរតែធ្វើជាល្ងង់ ដើម្បីបន្តអនុវត្តគោលការណ៍បំភ្លៃលុះក្ស័យ របស់ខ្លួន ?

ពិតណាស់ អ្នកច្បាប់ទាំងអស់សុទ្ធតែយល់ និងដឹងថា អ្វីៗដែលមានសរសេរនៅក្នុងលិខិតសាលក្រម សុទ្ធសឹងជាការវិភាគ ការវាយតម្លៃ ការសន្និដ្ឋាន និងការសម្រេច របស់ចៅក្រម ជាពិសេសចំណុចដែលជាការសំអាងហេតុរបស់ចៅក្រម ដែលចាំបាច់បំផុតសម្រាប់យោង នាំទៅដល់ការសម្រេចវិនិច្ឆ័យសេចក្តីបិទបញ្ចប់ ។

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃទី12 ខែតុលា ឆ្នាំ2022 សម រង្ស៊ី បាននិយាយសារភាព យ៉ាងច្បាស់ៗថា ៖

៥៖ «ទោះជាខ្ញុំអត់មានភស្តុតាង 100% ថា ហ៊ុន សែន ជាអ្នកសម្លាប់ហុក ឡង់ឌី ក៏ដោយ តុលាការថា ខ្ញុំនិយាយហ្នឹងមិនទាន់មានភស្តុតាងក៏ដោយ....»  ។

តាមតក្កវិជ្ជា (លក្ខណៈឡូហ្ស៊ិក) អ្នកដែលត្រូវគេប្ដឹង មានតែចាញ់ ! អាចចាញ់តិច ឬចាញ់ច្រើន ឬល្អបំផុតបានត្រឹមរួចខ្លួន។ ករណីជនជាប់ចោទសម រង្ស៊ី នេះ គឺដោយសារតុលាការពិចារណាលើវិសមាមាត្រនៃអំណាចរបស់ភាគីវិវាទ ក្នុងបរិបទនៃសន្ធិសញ្ញាអឺរ៉ុប និងប្រហែលជាអាចមានចំណែកនៃទឹកភ្នែកក្រពើយំយែកដ៏កំសាកនៅក្នុងក្រចកសេះក្នុងបន្ទប់សវនាការ  ចំពោះមុខចៅក្រម និងសាធារណជន ទើបជនជាប់ចោទនេះទទួលបានការអនុគ្រោះ ឱ្យ «រួចខ្លួន» ពីបទចោទ ។ ពាក្យថា «រួចខ្លួន» មិនសមមូលនឹងពាក្យថា «ឈ្នះ» នោះទេ កុំច្រឡំ !


នៅក្នុងចំណុចទី៤ នៃការសម្រេច តុលាការបានច្រានចោលការទាមទាររបស់ជនជាប់ចោទ សម រង្ស៊ី ពាក់ព័ន្ធលើការខាតបង់ ចំណាយទាំងអស់ ដោយការទទួលរងនូវបណ្តឹងរបស់ដើមបណ្តឹងទាំងពីរ  នេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីសច្ចភាពថា ជនជាប់ចោទសម រង្ស៊ី «បរាជ័យ» ពិតប្រាកដ ។


ការពិតពីមាតុភូមិ, ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២

No comments:

Post a Comment