Friday, October 14, 2022

វិភាគអន្តរជាតិ៖ តើលោក ពូទីន អាចបង្ខំឱ្យបេឡារុស ចូលរួមក្នុងសង្រ្គាមអ៊ុយក្រែន ឬ?

(កៀវ)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ឌឺ លូកាសឈិនកូ (Alexander Lukashenko) កាលពីថ្ងៃចន្ទ ទី១០ ខែតុលាកន្លងទៅនេះ បានប្រកាសថាបេឡារុស នឹងផ្ដល់ការគាំទ្រយ៉ាងសកម្មបន្ថែមទៀតដល់សម្ព័ន្ធមិត្តរបស់ខ្លួន គឺរុស្ស៉ីនៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក បេឡារុសបានប្រកាន់ជំហរមិនចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមនោះទេ បើទោះលោក លូកាសឈិនកូ បានអនុញ្ញាតឱ្យរុស្ស៉ីប្រើប្រាស់ទឹកដីរបស់ខ្លួនបាញ់មីស៊ីល លើកងទ័ពអ៊ុយក្រែនក៏ដោយ។

ក៏ប៉ុន្តែ គោលជំហរបែបនេះហាក់ដូចជាមានការប្រែប្រួល កាលពីថ្ងៃទី១០ ខែតុលានេះ នៅពេលដែលលោក លូកាសឈិនកូ បាននិយាយថាបេឡារុសនឹងដាក់ពង្រាយ «កងទ័ព ឱ្យចូលរួមក្នុងអង្គភាពយោធារួមមួយជាមួយរុស្ស៉ី»។ មេដឹកនាំវ័យ ៦៨ឆ្នាំរូបនេះដែលដឹកនាំបេឡារុសចាប់តាំងពីឆ្នាំ១៩៩៤មក ក៏បានទទួលស្គាល់ដែរថាប្រទេសរបស់លោកនឹង អនុញ្ញាតឱ្យកងទ័ពរុស្ស៉ីឈរជើងបន្ថែម ហើយដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃការសម្រេចចិត្តនេះ លោក លូកាសឈិនកូ បានចោទប្រកាន់ប៉ូឡូញ លីទុយអានី និងអ៊ុយក្រែនថា កំពុងបណ្ដុះបណ្ដាលក្រុមអ្នកប្រយុទ្ធ ដើម្បីបើកការវាយប្រហារលើបេឡារុស។ «ការបណ្ដុះបណ្ដាលក្រុមជ្រុលនិយមបេឡារុស នៅប៉ូឡូញ លីទុយអានី និងអ៊ុយក្រែន គឺមានគោលដៅដឹកនាំសកម្មភាពបំផ្លិចបំផ្លាញ ភេរវកម្ម និងរៀបចំការធ្វើរដ្ឋប្រហារយោធានៅបេឡារុស ដែលនេះជាការគំរាមកំហែងដោយផ្ទាល់»។ នេះការជាគូសបញ្ជាក់របស់ លោក លូកាសឈិនកូ ប្រាប់មន្ត្រីយោធារបស់លោកនៅក្នុងកិច្ចប្រជុំមួយ ជាមួយការចោទប្រកាន់ផងដែរថាអ៊ុយក្រែន មានផែនការវាយប្រហារចូលទឹកដីបេឡារុស។

បើតាមក្រុមអ្នកវិភាគ ការផ្លាស់ប្ដូរនេះទំនងជាលោក លូកាសឈិនកូ កំពុងរងសម្ពាធពីលោក ពូទីន ដែលនេះកំពុងធ្វើឱ្យលោក លូកាសឈិនកូ ផ្ទាល់ស្ថិតនៅក្នុងស្ថានភាពមួយ ដ៏លំបាក។ នោះគឺបើលោកយល់ព្រម មានន័យថាលោកនឹងអូសបេឡារុសធ្លាក់ចូលក្នុងភ្លើងសង្រ្គាម តែបើបដិសេធ លោកអាចនឹងបាត់បង់ការគាំទ្រពីរុស្ស៉ីដែលលោកត្រូវការជា ចាំបាច់ដើម្បីអាចបន្តកាន់អំណាចនៅបេឡារុស។ កាលពីថ្ងៃទី២៦ ខែកញ្ញា លោក លូកាសឈិនកូ និងលោក ពូទីនបានជួបពិភាក្សាគ្នានៅឯទីក្រុងសូឈី (Sochi) ប្រទេសរុស្ស៉ី ដោយអ៊ុយក្រែនត្រូវបានគេជឿជាក់ថាជារបៀបវារៈសំខាន់។ ពីរថ្ងៃក្រោយមក ទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងការិយាល័យប្រធានាធិបតីបេឡារុសសុទ្ធតែរក្សាភាពស្ងៀមស្ងាត់ តែក្នុងពេលជាមួយគ្នានោះ លោក លូកាសឈិនកូ ស្រាប់តែបង្ហាញខ្លួននៅក្នុងតំបន់ អាប់កាហ្ស៉ី (Abkhazia) គ្រប់គ្រងដោយក្រុមបំបែករដ្ឋគាំទ្រដោយរុស្ស៉ី នៅក្នុងប្រទេស ហ្ស៊កហ្ស៉ីទៅវិញ ដែលនេះអាចជាការធ្វើទស្សនកិច្ចដោយបង្ខំដើម្បីបង្ហាញភក្ដីភាពចំពោះ «បងធំ» របស់ខ្លួននៅក្នុងវិមានក្រឹមឡាំង។

អ្នកវិភាគដូចជាលោកស្រី ណាដយ៉ា ឌូក្លាស (Nadja Douglas) មកពីមជ្ឈមណ្ឌលសម្រាប់អឺរ៉ុបខាងកើត និងការសិក្សាអន្តរជាតិ (Centre for East European and International Studies) មានមូលដ្ឋានក្នុងទីក្រុងប៊ែរឡាំង (Berlin) យល់ថាលោក លូកាសឈិនកូ ប្រហែលជានឹងមិនចូលរួមនៅក្នុងសង្រ្គាមអ៊ុយក្រែនឡើយ ហើយហេតុផលមួយដ៏ចម្បង នោះគឺ ជីវិតនយោបាយរបស់លោកនៅបេឡារុស។ ថ្វីបើចង់ជួយរុស្ស៉ី ក៏មិនមែនមានន័យថាត្រូវវាយឆ្នាំបាយខ្លួនឯងចោលនោះដែរ។ លោក លូកាសឈិនកូ ធ្លាប់បានរួចផុតពីបាតុកម្មតវ៉ា ទ្រង់ទ្រាយធំទូទាំងប្រទេសម្ដងរួចហើយកាលពីឆ្នាំ២០២០ ដូច្នេះលោកមិនចង់ឃើញបាតុកម្មតវ៉ាបែបនេះកើតឡើងជាថ្មី ឬក៏មិនចង់ឱ្យក្រុមអ្នកប្រឆាំងនឹងរូបលោកមានលេសអំពាវនាវ ឱ្យប្រជាជនបេឡារុសងើបឡើងប្រឆាំងនឹងរូបលោក ដោយសារតែការបញ្ជូនកងទ័ពបេឡារុសទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន ហើយដឹកមឈូសសពយកមកវិញដែលអាចនឹងធ្វើឱ្យ កងទ័ពងើបឡើងបះបោរប្រឆាំងនឹងរូបលោកនោះទេ។

លោក លូកាសឈិនកូ ស្ទាក់ស្ទើរនៅក្នុងការបញ្ជូនកងទ័ពបេឡារុសឱ្យទៅជួយរុស្ស៉ីច្បាំងជាមួយអ៊ុយក្រែន ក៏ដោយសារតែលោកដឹងដែរថាប្រជាជនបេឡារុសភាគច្រើនប្រឆាំងនឹង ការធ្វើបែបនេះ ស្របពេលការស្ទង់មិតបង្ហាញថាប្រជាជនបេឡារុសមិនដល់១០ភាគរយផងដែលគាំទ្រឱ្យប្រទេសរបស់ពួកគេចូលរួមដោយផ្ទាល់ក្នុងសង្រ្គាម។ ជាងនេះទៅទៀត លោក លូកាឈិនកូ ក៏នឹងមិនប្រគល់អាវុធឱ្យប្រជាជនបេឡារុស ដែលអាចនឹងបង្វែរកាណុងកាំភ្លើងមករកលោកវិញ។

យ៉ាងណាក៏ដោយ បេឡារុសនឹងនៅតែឈរនៅខាងរុស្ស៉ី ទាំងផ្នែកការទូត នយោបាយ និងយោធា ហើយដើម្បីកុំឱ្យលោក ពូទីន ខឹងសម្បារ លោក លូកាសឈិនកូ អាចនឹងបន្តអនុញ្ញាត ឱ្យរុស្ស៉ីប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន ដើម្បីបណ្ដុះបណ្ដាលកងទ័ពរុស្ស៉ីដែលទើបតែត្រូវបានកែនកាលពីពេលថ្មីៗនេះ រីឯលោក ពូទីនអាចនឹងប្រើកងទ័ពរុស្ស៉ីនៅលើទឹកដីបេឡារុស បង្កអស្ថិរភាពនៅតំបន់ព្រំដែនភាគខាងជើងរវាងអ៊ុយក្រែន និងបេឡារុស ព្រមទាំងវាយប្រហារលើកងទ័ពអ៊ុយក្រែននៅការពាររដ្ឋធានីកៀវ។ ធ្វើបែបនេះដើម្បីកាត់ផ្ដាច់ការបញ្ជូន ស្បៀង និងកងទ័ពបន្ថែម ក៏ដូចជាបង្វែរការចាប់អារម្មណ៍របស់កងទ័ពអ៊ុយក្រែនពីសមរភូមិសង្រ្គាមនៅភាគខាងកើត និងភាគខាងត្បូងនៃប្រទេសជាទីដែលអ៊ុយក្រែននៅតែ បន្តវាយរុលទៅមុខ ដោយដណ្ដើមបានទឹកដីពីរុស្ស៉ីមកវិញសន្សឹមៗ។

លោក លូកាសឈិនកូ ដឹងច្បាស់ជាងនរណាៗទាំងអស់ថាការបរាជ័យរបស់រុស្ស៉ីនៅក្នុងសង្រ្គាមអ៊ុយក្រែន មិនមែនជាប្រយោជន៍របស់លោកនោះទេ។ ពោលគឺបើការបរាជ័យនេះអាច ធ្វើឱ្យរុស្ស៉ីចុះខ្សោយ ឬក៏ដល់ថ្នាក់ធ្វើឱ្យរបបលោក ពូទីនដួលរលំ នោះរបបដឹកនាំរបស់លោក លូកាសឈិនកូ ក៏ពិបាកនឹងដកដង្ហើមដែរ ព្រោះបាត់បង់ខ្នងបង្អែកមួយដ៏ធំ ហើយត្រូវ ប្រឈមមុខនឹងលោកខាងលិចផង និងប្រជាជនបេឡារុសដែលប្រឆាំងនឹងរូបលោកផង។ បច្ចុប្បន្ន លោក លូកាសឈិនកូ កំពុងស្ថិតនៅលើគោលជំហរដ៏លំបាក តែក្នុងរយៈពេលខ្លី ឬមធ្យម មេដឹកនាំបេឡារុសរូបនេះប្រហែលជាមើលឃើញថាការគាំទ្រសង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន គឺជាជម្រើសមួយល្អ ជាងចូលរួមក្នុងសង្រ្គាមដោយផ្ទាល់៕ (Fresh News)





No comments:

Post a Comment