Thursday, October 13, 2022

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីទិវាសុខភាពភ្នែកពិភពលោក ១៣ តុលា ឆ្នាំ២០២២

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីទិវាសុខភាពភ្នែកពិភពលោក ១៣ តុលា ឆ្នាំ២០២២។


សេចក្តីប្រកាសព័ត៌មាន លើកឡើងថា ទិវាសុខភាព ភ្នែកពិភពលោក (World Sight Day) គឺជាទិវានៃការយល់ដឹងជាអន្តរជាតិ ស្តីពីសុខភាពភ្នែក ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃក្នុងសប្តាហ៍ទី២នៃខែតុលា ដើម្បីផ្តោតការយកចិត្តទុកដាក់ ជាសកលលើការថែទាំ និងរក្សាសុខភាពភ្នែកឱ្យបានល្អ។


ទិវាសុខភាពភ្នែកពិភពលោកឆ្នាំនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២២ ក្រោមប្រធាបទ «ស្រឡាញ់ភ្នែករបស់អ្នក» ដែលមានគោលបំណង៖


* ផ្តោតការយកចិត្តទុកដាក់របស់ពិភពលោក ទៅលើសុខភាពភ្នែកថា ជាបញ្ហាសកល

* លើកកម្ពស់ការយល់ដឹងអំពីសុខភាពភ្នែក ក្នុងចំណោមប្រជាពលរដ្ឋគ្រប់រូប ក្រុមគ្រួសារ និងសហគមន៍

* មានសារៈសំខាន់ដល់អ្នកធ្វើសេចក្តីសម្រេចចិត្ត ក្នុងការផ្តល់អាទិភាពដល់គំនិតផ្ដួចផ្ដើមសុខភាពភ្នែក

* ជួយផ្សព្វផ្សាយការផ្តល់សេវាសុខភាពភ្នែក សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ទីកន្លែង។


ភ្នែក គឺអាយតនៈសម្រាប់មើល មានមុខងារសំខាន់សម្រាប់មនុស្សគ្រប់រូប ដែលមិនអាចខ្វះបាន។ តាមរយៈភ្នែក យើងអាចទទួលបានព័ត៌មាន និងចំណេះដឹងផ្សេងៗជុំវិញខ្លួនយើងពី ៨០% រហូតដល់ ៩០% ។ ភាពពិការភ្នែក បានជះឥទ្ធិពលអាក្រក់ ទៅលើការរស់នៅ និងជីវភាពរបស់អ្នកជំងឺ និងក្រុមគ្រួសារ។ ការការពារភ្នែក និងការមើលឃើញ ជាអាទិភាពចម្បង សម្រាប់មនុស្សគ្រប់គ្នា មិនថាតែអ្នកដែលមានបញ្ហាភ្នែក ឬអ្នកដែលមានគំហើញល្អនោះទេ នេះប្រហែលជា មិនមែនជារឿងងាយស្រួល ឬជារឿងធម្មតានោះដែរ ប៉ុន្តែការវិនិយោគលើសុខភាព ដែលធ្វើឱ្យយើងមើលឃើញ គឺជាអំណោយដ៏អស្ចារ្យបំផុតមួយដែល យើងអាចផ្តល់ឱ្យខ្លួនឯង។


នៅប្រទេសកម្ពុជា បញ្ហាពិការភ្នែក និងគំហើញចុះខ្សោយ គឺកំពុងស្ថិតនៅជាបញ្ហាសុខភាពសាធារណៈ ដែលតម្រូវឱ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់ កាត់បន្ថយឱ្យនៅកម្រិតទាប បំផុតតាមតែអាចធ្វើទៅបាន ព្រោះថា៩០% នៃភាពពិការភ្នែក និងគំហើញចុះខ្សោយ គឺអាចជៀសវាង និងអាចព្យាបាលបាន។


ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពបរិបូរណ៍ រីកចម្រើន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សមិទ្ធិផលនៃ «ការបង្ការ និង គ្រប់គ្រងភាពពិការភ្នែក» សម្រេចបានអត្រាភាពពិការភ្នែកមានការថយចុះ ១.២%នៅឆ្នាំ១៩៩៥ មកត្រឹម០.៣៧%

នៅឆ្នាំ២០១៩។ ខាងក្រោមនេះ គឺជាសមិទ្ធិផលលេចធ្លោ ដែលយើងសម្រេចបានក្នុងរយៈពេល២៧ឆ្នាំកន្លងមកនេះ៖


* ធនធានមនុស្ស

- អ្នកឯកទេសជាន់ខ្ពស់ចក្ខុសាស្ត្រចំនួន ៦០រូប

- ចក្ខុបណ្ឌិតមានចំនួន ១០៣ រូប

- ចក្ខុគិលានុប្បដ្ឋាកមានចំនួន ១៥៨ រូប

- ចក្ខុមាត្រការីមានចំនួន ១០៥ រូប

- ការបណ្តុះបណ្តាលសុខភាពភ្នែកបឋមដល់មន្ត្រីនៅថ្នាក់មណ្ឌលសុខភាព

- វគ្គសិក្សារយៈពេលខ្លី វះកាត់ជំងឺបាយភ្នែកមុខតូច និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ។ បច្ចុប្បន្ននេះ នៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ត្រូវបានបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលវេជ្ជបណ្ឌិតឯកទេសចក្ខុសាស្ត្រ និងចក្ខុគិលានុប្បដ្នាក ហើយបាននឹងកំពុងបន្តដំណើការរបស់ខ្លួនជាប្រក្រតី។


* ហេដ្ឋារចនាសម្ព័ន្ធ

នាពេលបច្ចុប្បន្ននេះ អគារចក្ខុរោគត្រូវបានដាក់ឱ្យដំណើការ នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តក្រុង៖

- នៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យចំនួន៤ ផ្តល់សេវាចក្ខុរោគ និងមន្ទីរឯកទេសភ្នែកជាន់ខ្ពស់នៅមន្ទីរពេទ្យថ្នាក់ជាតិ។

- នៅតាមបណ្តាខេត្ត មានមន្ទីរពេទ្យខេត្តចំនួន២២ និងមណ្ឌលថែទាំភ្នែកត្រូវបានដាក់ឱ្យដំណើរការចំនួន១៨ កន្លែង


* ការគ្រប់គ្រងជំងឺភ្នែក

- សេវាសុខភាពភ្នែកសរុប នៅឆ្នាំ ២០២១ សេវាពិនិត្យ និងព្យាបាល ៤១៥៥០២

- ចំនួនវះកាត់ ៣២៩០៥

- ជំងឺកង្វះជីវជាតិ អា ត្រូវបានលុបបំបាត់

- ជំងឺត្រាក់កូម មិនមែនជាបញ្ហាសុខភាពសាធារណៈតទៅទៀតទ


* ការការពារ ការស្រាវជ្រាវ ការស្វែររកការគាំទ្រ និងភាពជាមេដឹកនាំ

- ផែនការសកម្មភាព និងផែនការយុទ្ធសាស្ត្រជាតិ ដើម្បីទប់ស្កាត់ និងគ្រប់គ្រងភាពពិការភ្នែក

- ការដាក់បញ្ចូលសូចនាករសុខភាពភ្នែក ក្នុងផែនការយុទ្ធសាស្ត្រសុខាភិបាលនៃក្រសួងសុខាភិបាល

- សុខភាពភ្នែកត្រូវបានបញ្ចូលក្នុងកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងកិច្ចការនារី

- បញ្ជ្រាបបញ្ចូលពិការភាពក្នុងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីភាពពិការភ្នែក

- មានការស្រាវជ្រាវស្តីពីភាពពិការភ្នែក និងគំហើញចុះខ្សោយ ឆ្នាំ ២០០៧ និងឆ្នាំ២០១៩

- មានការស្រាវជ្រាវថ្នាក់ជាតិ ស្តីពីកំហុសកំណុំរូបភាពឆ្នាំ២០១០


* គោលដៅសម្រាប់ការអនុវត្តកម្មវិធីសុខភាពភ្នែក


ក្រសួងសុខាភិបាល បានបង្កើតផែនការយុទ្ធសាស្ត្រជាតិទី៣ សម្រាប់ការបង្ការ និងត្រួតពិនិត្យភាពពិការភ្នែកឆ្នាំ ២០២១- ២០៣០ មានគោលដៅមហិច្ឆតារបស់ខ្លួនគឺ «ដើម្បីកាត់បន្ថយអត្រាប្រវ៉ាឡង់ នៃភាពពិការភ្នែកឱ្យនៅត្រឹម ០.៣៥% នៅឆ្នាំ២០៣០»។


ឆ្លៀតក្នុងឱកាសនៃទិវាសុខភាពភ្នែកពិភពលោកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សូមប្រជាពលរដ្ឋគ្រប់រូប អញ្ជើញទៅពិនិត្យភ្នែក របស់លោកអ្នក នៅតាមអគារផ្តល់សេវាចក្ខុរោគនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត-ក្រុង នៅក្នុងព្រះរាជាណាចក្រកម្ពុជា យ៉ាង ហោចណាស់ឱ្យបានរៀងរាល់២ឆ្នាំម្តង។


សម្រាប់អ្នកមានអាយុចាប់ពី ៤០ឆ្នាំ ឡើងទៅ មានប្រវត្តិគ្រួសារនៃជំងឺទឹកដក់ក្នុងភ្នែក (សម្ពាធភ្នែកឡើងខ្ពស់ ឬមានផលវិបាកប៉ះពាល់ដល់គំហើញ) មានជំងឺទឹកនោមផ្អែម ឬលើសឈាម មានប្រវត្តិនៃការជក់បារីយូររ៉ាំរ៉ ពាក់វ៉ែនតារួចហើយ កម្រិតអំណាចភ្នែករបស់អ្នកខ្ពស់ (ភ្នែកម៉្ញូបខ្ពស់) ត្រូវតែទៅរកគ្រូពេទ្យពិនិត្យភ្នែកជារៀងរាល់ឆ្នាំ៕





No comments:

Post a Comment