Saturday, April 23, 2022

សម្តេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តចំពោះការវិនិយោគ របស់ក្រុមហ៊ុន Mitsubishi នៅកម្ពុជា


(ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការពេញចិត្ត និងរីករាយ ចំពោះការវិនិយោគរបស់ក្រុមហ៊ុន Mitsubishi នៅក្នុងប្រទេសកម្ពុជា។


ការពេញចិត្តចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសកម្ពុជា ត្រូវបានស្តែងឡើងក្នុងឱកាសដែលសម្តេចតេជោនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យលោក កាន់ដា យ៉ូហ្គោ (Kanda Yogo) អ្នកចាត់ការទូទៅក្រុមហ៊ុន Mitsubishi ប្រចាំនៅរាជធានីភ្នំពេញ និងជាប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនៅល្ងាចថ្ងៃសៅរ៍ ទី២៣ ខែមេសានេះ នៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន ទីដែលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិក។


លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបសម្តែងការគួរសមនេះ លោក កាន់ដា យ៉ូហ្គោ បានជម្រាបសម្តេចតេជោ អំពីប្រតិបត្តិការ និងការវិនិយោគរបស់ក្រុមហ៊ុន Mitsubishi នៅក្នុងប្រទេសកម្ពុជា។ អ្នកចាត់ការទូទៅរូបនេះ បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន Mitsubishi មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធចំនួន៣ កំពុងវិនិយោគ និងរកស៊ីនៅកម្ពុជា។


ក្រុមហ៊ុនទាំង៣នោះរួមមាន៖ ក្រុមហ៊ុន Mitsubishi Corporation Fashion ដែលជាក្រុមហ៊ុនគ្រប់គ្រងការផលិត និងដឹកជញ្ជូនផលិតផលកាត់ដេរពីកម្ពុជា ទៅទីផ្សារអន្តរជាតិ, ក្រុមហ៊ុន Mitsubishi Motors Cambodia ជាក្រុមហ៊ុននាំចូលរថយន្ត Mitsubisi មកកាន់ទីផ្សារកម្ពុជា និងក្រុមហ៊ុន MC Lift & Solutions ជាក្រុមហ៊ុនលក់ ដំឡើង និងថែទាំជណ្តើរយន្ត។


ពាក់ព័ន្ធសមាគមធុរកិច្ចជប៉ុននៅកម្ពុជាវិញ លោក កាន់ដា យ៉ូហ្គោ បានជម្រាបសម្តេចតេជោថា បច្ចុប្បន្នសមាគមមានក្រុមហ៊ុនរហូតដល់ទៅ ២៥០ជាសមាជិក ហើយកំពុងដាក់ទុនវិនិយោគជាច្រើននៅក្នុងប្រទេសកម្ពុជា។


សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានជួបជាមួយតំណាងក្រុមហ៊ុន Mitsubishi។ សម្ដេចតេជោ បានចាត់ទុកថា ការបើកការិយាល័យក្រុមហ៊ុន Mitsubishi នៅកម្ពុជាកាលពីឆ្នាំ១៩៩៧ ដែលមានអាយុកាល ២៥ឆ្នាំ មកហើយនោះ គឺជារឿងមួយដ៏ត្រឹមត្រូវ។ សម្តេចតេជោ បានបន្ថែមថា ក្រុមហ៊ុនបានចាក់គ្រឹះកាន់តែរឹងមាំនៅកម្ពុជា ហើយអ្វីដែលកាន់តែល្អនោះ គឺក្រុមហ៊ុនបានវិវឌ្ឍន៍យ៉ាងល្អប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ។


សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា កម្ពុជាកាន់តែមានភាពទំនើបកម្ម ដូច្នេះទាំងរថយន្ត និងការប្រើប្រាស់ជណ្តើរយន្តនៅកម្ពុជា កំពុងតែមានកំណើន ដែលជាភាពល្អប្រសើរសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន Mitsubishi លើវិស័យនេះនៅកម្ពុជា។


សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឃើញពីការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ ដូចជាផលិតផលកាត់ដេរជាដើមនោះ។


សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញភាពរីករាយផងដែរ ដែលសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា មានកិច្ចប្រជុំជាទៀងទាត់ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងមួយឆ្នាំ២ដង។


សម្ដេចតេជោ បានមានប្រសាសន៍ណែនាំក្រុមហ៊ុន ជំរុញការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។ សម្តេចតេជោ ក៏ចង់ឃើញការនាំចេញវិស័យកាត់ដេរឱ្យបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សាររបស់ប្រទេសជប៉ុន៕








No comments:

Post a Comment