Saturday, April 23, 2022

ពិធីបើកកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក

កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក្រោមមូលបទ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព : ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ បានប្រារព្វពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី២៣មេសា នៅសាល Komamoto Jo ក្នុងទីក្រុងគូម៉ាម៉ូតូ ខេត្តគូម៉ាម៉ាតូ ប្រទេសជប៉ុន។ ព្រះចៅអធិរាជជប៉ុន សម្តេច ឯកឧត្តម ប្រមុខរដ្ឋ ប្រមុចរដ្ឋាភិបាល នៃប្រទេសមួយចំនួន បានយាង និងអញ្ជើញចូលរួមក្នុងប្រជុំកំពូលដ៏មានសារសំខាន់នេះ ដោយផ្ទាល់ និងប្រព័ន្ធវីដេអូអនឡាញ។ ទីក្រុងគូម៉ាម៉ូតូ គឺជាទីក្រុងធំទី១២ របស់ប្រទេសជប៉ុន មានផ្ទៃក្រឡាជាង ៣៩០គីឡូម៉ែក្រឡា និងមានប្រជាជនរស់នៅប្រមាណ ៧៣៧ពាន់៦៤០នាក់។



ប្រមុខរដ្ឋាភិបាល នៃប្រទេសជប៉ុន កម្ពុជា ឡាវ ទូវ៉ាលូ នេប៉ាល់ រួមទាំងបណ្តារដ្ឋមន្រ្តី នៃប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ ដែលមានប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលរបស់ខ្លួន ព្រះចៅអធិរាជជប៉ុន មានព្រះរាជបន្ទួលថា ទឹកពិតជាមានទំនាក់ទំនងខ្លាំងណាស់ សម្រាប់មនុស្សសត្វ ដែលរស់នៅលើភពផែនដី នៃលោកយើងនេះ។ ខេត្តគូម៉ាម៉ូតូ គឺជាខេត្តមួយរបស់ប្រទេសជប៉ុន ដែលមានប្រភពទឹកក្រោមដីដ៏ល្អ សម្រាប់បម្រើមនុស្ស សត្វ ពិសេសការស្រោចស្របលើវិស័យកសិកម្ម។ កាលពីខែកក្កដា ឆ្នាំ២០២០ តំបន់នេះគួម៉ាម៉ូតូ បានទទួលរងគ្រោះយ់ាងខ្លាំងពីគ្រោះរញ្ជួយដី។ ព្រះអង្គសូមថ្លែងអំណរគុពជូនចំពោះរដ្ឋាភិបាល និងថ្នាក់ដឹកនាំជប៉ុន ដែលខិតខំស្តារឡើងវិញ ក្រុងគួម៉ាម៉ូតូ ឲ្យមានសោភ័ណភាពស្រស់បំព្រង។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក (APWS) ត្រូវបានបង្កើតឡើងជាលើកដំបូង ក្នុងអំឡុងពេលវេទិកាទឹកពិភពលោក លើកទី៤ ដែលធ្វើឡើងនៅទីក្រុងម៉ិកស៊ិកកូ ប្រទេសម៉ិចស៊ិកកូ ក្នុងឆ្នាំ២០០៦ នៅពេលដែលអតីតនាយករដ្ឋមន្រ្តីជប៉ុន Ryutaro Hshimoto បានអំពាវនាវឲ្យមានការបង្កើតវទិកាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក(APWS) ជាវេទិកាមួយដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព នៃតំបន់អាស៊ីប៉ាស៊ីហ្វីក អំពីទស្សនទានស្តីអំពីទឹក។ ចាប់តាំងពីឆ្នាំ២០០៧ មានកិច្ចប្រជុំកំពូលស្តីពីទឹក នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក (APWS) ចំនួន៣លើករួចមកហើយ ក្នុងឆ្នាំ២០០៧ លើកទី១ ប្រារព្វនៅប្រទេសជប៉ុន ក្រោមមូលបទ សន្តិសុខទឹក ភាពជាមេដឹកនាំ និងការ ប្តេជ្ញាចិត្ត លើកទី២ ក្នុងឆ្នាំ២០១៣ នៅប្រទេសថៃ ក្រោមមូលបទ សន្តិសុខទឹក ភាពជាមេដឹកនាំ និងការប្តេជ្ញាចិត្ត ដោយផ្តោតលើបញ្ហាប្រឈមគ្រោះមហន្តរាយពីទឹក លើកទី៣ ឆ្នាំ ២០១៧ នៅប្រទេសមីយ៉ាន់ម៉ារ ក្រោមមូលបទ សន្តិសុខទឹក សម្រាប់ការអភិវឌ្ឍដោយចីរភាព។

គោលបំណងសំខាន់នៃកិច្ចប្រជុំកំពូលលើកទី៤ គឺដើម្បីចែករំលែកទស្សនៈទាន ការប្រមើលមើលទៅមុខ នៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសំរេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាន នូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយ ដែលមានភាពធន់ ប្រកបដោយបរិយាប័ណ្ណ និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហា ដែល ពាក់ព័ន្ធនិងទឹក ក្រោយពេលដែលស្ថានភាពជំងឺកូវីដ១៩ បានប្រសើរឡើងវិញ ក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វីក។ ជម្រុញកិច្ចសហការ និងភាពជាដៃគូបន្ថែមទៀត ដើម្បីប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព ដើម្បីគាំទ្រការលូតលាស់ប្រកបដោយចីរភាព។

លទ្ធផលរំពឹងទុក កិច្ចប្រជុំកំពូលលើកទី៤ នឹងរួមវិភាគទានយ៉ាងសំខាន់ ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក្រោមមូលបទ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព: ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ បានឈានទៅចេញសេចក្តីប្រកាសទីក្រុងគូម៉ាម៉ូតូ ក្នុងនោះមេដឹកនាំទាំងអស់ បានទទួលស្គាល់ និងគាំទ្រគំនិតផ្តួចផ្តើមរបស់ជប៉ុន ដែលត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីទឹក នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដោយរដ្ឋាភិបាលជប៉ុន ថាជាលទ្ធផលមួយ ក្នុងចំណោមលទ្ធផលនានា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងទឹក។

រួមជាមួយអ្នកចូលរួមផ្សេងទៀត នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីកនេះ និងដោយមានការសម្របសម្រួលជាមួយកិច្ចសន្ទនា Bonn Water វេទិកាទឹកពិភពលោក ដំណើរការទឹក Dushanbe និងដំណើរការត្រៀមរៀបចំសំខាន់ៗផ្សេងទៀត រាល់ការពិភាក្សាទាំងអស់ នៅក្នុងកិច្ចប្រជុំកំពូលនេះ និងចែករំលែកនៅក្នុងដំណើរការ នៃកិច្ចពិភាក្សាជាសាកលនានាពាក់ព័ន្ធនឹងទឹក រួមទាំងក្នុងសន្និសីទសហប្រជាជាតិ សម្រាប់ការពិនិត្យឡើងវិញពាក់កណ្តាល អាណត្តិ នៃទសវត្សរ៍សកម្មភាពទឹក ដែលនឹងរៀបចំក្នុងខែមិនា ឆ្នាំ២០២៣ ក៏ដូចជាវេទិកានយោបាយកម្រិតខ្ពស់សម្រាប់ការអភិវឌ្ឍដោយចីរភាព ដែលជាវេទិកាសកលសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ អនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅឯកិច្ចប្រជុំ G7 និងG20។ មេដឹកនាំទាំងអស់ ក៏បានអំពាវនាវឲ្យសេចក្តីប្រកាសនេះ ត្រូវបានគេយកទៅពិចារណា និងជាឯកសារដែលត្រូវបានគិតគូរបន្ត។

សម្តេចតេជោ ហ៊ុន សែន បានចែករំលែកទស្សនទានចំនួន៤ ដើម្បីដោះស្រាយបញ្ហាប្រឈមនាំដល់វិនាសសកម្មធនធានទឹក និងដើម្បីគ្រប់គ្រងឱ្យបានប្រកបដោយចីរភាពសម្រាប់បច្ចុប្បន្ន និងទៅអនាគត រួមមាន៖

១៖ បន្តជំរុញការអភិវឌ្ឍនិងសមាហរណកម្ម បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក។

២៖ បន្តជំរុញការអភិវឌ្ឍសកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រដល់ការអភិវឌ្ឍបៃតង,ជាពិសេស សម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន។

៣៖ ជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីចាប់យកវឌ្ឍន-ភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធ-ភាព និងប្រសិទ្ធផល។

៤៖ ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្ដួចផ្តើម និងសកម្មភាពនានា គាំទ្រដល់ការលើកកម្ពស់ចីរភាពសង្គមក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក សំដៅធានាឱ្យបានថា ប្រជាជនសកលលោកគ្រប់រូបទទួលបានទឹកមកប្រើប្រាស់ តាមតម្រូវការ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព គឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាក់ស្តែងនៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់សហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅគោលដៅទី៦ ស្តីពី «ការធានាឱ្យមាននិងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាព សម្រាប់ប្រជាជនគ្រប់រូប»។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសរំលេចដែរថា កម្ពុជា ចាត់ទុកទឹកជា «មាស-ស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជា តែងទទួលស្គាល់អំពីសារសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរធានាបាននូវសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញនូវជំហររបស់កម្ពុជាក្នុងកិច្ចប្រជុំនោះដែរថា កម្ពុជា នឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹកនិងអាងទន្លេឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការឈានទៅសម្រេចគោលដៅ «ទឹកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ ធ្វើឡើងក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ»។

កិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ ធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឱ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជម្ងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក។

កិច្ចប្រជុំក៏មានគោលបំណងជំរុញកិច្ចសហការ និងភាពជាដៃគូបន្ថែមទៀត ដើម្បីប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ដើម្បីគាំទ្រការលូតលាស់ប្រកបដោយគុណភាព។

កិច្ចប្រជុំកំពូលលើកទី៤នេះ ត្រូវបានគេរំពឹងថា នឹងរួមវិភាគទានយ៉ាងសំខាន់ ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕












No comments:

Post a Comment