Saturday, April 23, 2022

សម្តេចតេជោ ហ៊ុន សែន៖ ការវិនិយោគរបស់ជប៉ុននៅកម្ពុជា ជាការរួមចំណែកធ្វើឱ្យទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែល្អប្រសើរ


(ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា គឺជាការរួមចំណែកជួយដល់ទំនាក់ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន កាន់តែល្អប្រសើរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពេលដែលសម្តេចអនុញ្ញាតឱ្យលោក កាបាសហ្ស៉ីម៉ា អ៉ីគូអុ អភិបាលខេត្តគូម៉ាមុតុ និងតំណាងក្រុមហ៊ុនចំនួន៨ ដែលកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងរៀបចំធ្វើពាណិជ្ជកម្មបន្ថែមទៀតនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅល្ងាចថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២នេះ។


លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំ នួបនេះ សម្ដេចតេជោ បានស្វាគមន៍ចំពោះក្រុមហ៊ុនទាំងអស់ដែលបាននឹងកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងមានគម្រោងទៅបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ។ ក្នុងជំនួបនេះ សម្តេចតេជោ បានអនុញ្ញាតឱ្យក្រុមហ៊ុននីមួយៗបានលើកឡើងអំពីសកម្មភាពវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគម្រោងវិនិយោគនាពេលខាងមុខផងដែរ។


បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីការលំអបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេសការធ្វើច្បាប់វិនិយោគថ្មី ដែលមានភាពល្អប្រសើរច្រើនសម្រាប់អ្នកវិនិយោគ។


សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។


ក្រោមចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនោះ ជប៉ុន ជាប្រទេសមួយ ដែលបានដាក់ទុនវិនិយោគជាច្រើននៅកម្ពុជា។ របាយការណ៍ បានបង្ហាញថា ការវិនិយោគរបស់ជប៉ុន នៅកម្ពុជា គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ មានចំនួន ១៤៤គម្រោង ដែលមានទុនសរុបជិត ៣ពាន់លានដុល្លារអាមេរិក។


ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏មានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ផងដែរ។ កម្ពុជា គឺជាដៃគូពាណិជ្ជកម្មរបស់ជប៉ុនលំដាប់ទី៨ ក្នុងអាស៊ាន។ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា និងជប៉ុន សម្រេចបានប្រមាណ ១,៧០០លានដុល្លារអាមេរិក។


ទំនិញដែលកម្ពុជានាំចេញទៅជប៉ុន មានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសម្អាង ក្រដាស សម្ភារៈការិយាល័យ ស្បែកសត្វ សត្វពាហៈ លោហធាតុជាដើម។ ដោយឡែកទំនិញដែលកម្ពុជានាំពីជប៉ុនមានដូចជា៖ គ្រឿងម៉ាស៊ីន រថយន្ត សាច់សត្វ គ្រឿងអគ្គិសនី គ្រឿងសង្ហារឹម ក្រដាស កប្បាស ក្រណាត់គ្រប់ប្រភេទ ផលិតផលធ្វើពីប្លាស្ទិច សម្ភារៈកីឡា គ្រឿងបន្លាស់គ្រប់ប្រភេទជាដើម៕





No comments:

Post a Comment