Saturday, April 23, 2022

ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, នាយករដ្ឋមន្រ្តីជប៉ុន ប្រកាសបន្តគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ

(ភ្នំពេញ)៖ លោក គីស៉ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសបន្តគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅ នៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងបន្តការផ្តល់ជំនួយសម្បទាន ក្នុងការអភិវឌ្ឍកំពង់ផែផងដែរ។


នេះបើតាមលោក កៅ គឹមហួន ថ្លែងប្រាប់ពីជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ លោក គីស៉ីដា ហ្វឹមីអូ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ នៅក្នុងឱកាស សម្តេចទៅចូលរួមកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកនៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។

នាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៉ីដា បានបញ្ជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិ ការនៃប្រទេសទាំងពីរមានការរីកចម្រើនឡើង ពិសេសវិស័យសន្តិសុខ និងលើវិស័យការពារជាតិ ជាមួយនឹងការបណ្តុះបណ្តាលធនធានមនុស្ស នៃកងរក្សា សន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាតិ។

លោកបានអរគុណកម្ពុជា ដែលអនុញ្ញាត និងទទួលនាវាជើងទឹករបស់ជប៉ុនមកកាន់កម្ពុជានាពេលកន្លងទៅ ដែលចូលរួមចំណែកជួយពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិនៃប្រទេសទាំងពីរ។ លោក គីស៉ីដា បានប្រកាសបន្តគាំទ្រក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងបន្តការផ្តល់ជំនួយសម្បទាន ក្នុងការអភិវឌ្ឍកំពង់ផែ។

សម្តេចតេជោបញ្ជាក់ថា កម្ពុជានឹងបន្តស្វាគមន៍នាវាជើងទឹកជប៉ុន មកទស្សនកិច្ច និងចូលចតនៅកំពង់ផែរបស់កម្ពុជា។ សម្តេចតេជោបញ្ជាក់ថា ការអភិវឌ្ឍ កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងជួយបង្កើនល្បឿន នៃការអភិវឌ្ឍសេដ្ឋកិច្ច និងការជំរុញការនាំចេញផលិតផល កសិផលរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ និងការនាំចូលពីក្រៅប្រទេស ដោយមិនពឹងផ្អែកកំពង់ផែនៃប្រទេសនានាក្នុងតំបន់នោះទេ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនេះ អាចជាចំណតកប៉ាល់ធំ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការដឹកជញ្ជូនឲ្យមានតម្លៃទាបនាពេលអនាគតផងដែរ។ ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារពីជប៉ុន នឹងចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០២២ និងបញ្ចប់ការសាង់សង់នៅដើមឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះ សម្រេចបានការគូសប្លង់រួចរាល់ហើយ និងកំពុងដំណើរការដេញថ្លៃ។

នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាងសង់រួចរាល់នៅឆ្នាំ២០២៥ នឹងអាចអនុញ្ញាតឲ្យកប៉ាល់ដែលសមត្ថភាពផ្ទុក កុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រ អាចចូលចតដែលពេលនោះកប៉ាល់ប្រមាណ ៩៣% នៃកប៉ាល់ក្នុងតំបន់អាស៉ី ចូលចតនៅកម្ពុជាបាន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន ដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូន អាចចុះជាង ២០០ដុល្លារក្នុងមួយកុងតឺន័រ។

បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចអនុញ្ញាតឲ្យនាវាក្នុងតំបន់អាស៊ីប៉ាស៉ីហ្វិច ចូលបានតែប្រមាណតែ ១៨%ប៉ុណ្ណោះ មានន័យថា ក្នុងចំណោម ១០០កប៉ាល់ អាចចូលចតបានតែ១៨ ឬ ១៩កប៉ាល់ និងអនុញ្ញាតឱ្យនាវាដែលផ្តុកកុងតឺន័រ បានតែ ១៥០០ប៉ុណ្ណោះ។

នៅក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមថា ជប៉ុននឹងបន្តជួយដល់កម្ពុជា ក្នុងកិច្ចសហការលើការប្រពន្ធ័ស្រោចស្រព និងទឹកស្អាតនៅប្រទេសកម្ពុជា។ សម្តេចតេជោ បានបន្ថែមថា កម្ពុជានឹងបន្តធ្វើការងារលើវិស័យការពារជាតិ ជាមួយប្រទេសជប៉ុនបន្ថែមទៀត សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ នៅក្នុងជំនួបសម្តេចតេជោ ក៏បានស្នើឲ្យទំនាក់ទំនងទ្វេភាគីពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា ជប៉ុននៅពេលខាងមុខនេះ។ លោក គីស៉ីដា បានទទួលយកគំនិតផ្តួចផ្តើមរបស់សម្តេច ក្នុងដំឡើងទំនាក់ទំនងទ្វេភាគីនេះផងដែរ។

ចំពោះសភាពនៅមីយ៉ាន់ម៉ា នាយករដ្ឋមន្ត្រីជប៉ុននៅតែបន្តកិច្ចសហការជា មួយរាជរដ្ឋាភិបាលកម្ពុជា និងបន្តគាំទ្រកម្ពុជា ក្នុងនាមប្រធានអាស៊ាន ដែលបានជំរុញលើការដោះស្រាយកិច្ចការនេះ ជាមួយនឹងការបន្តធ្វើការជាមួយគ្នាលើ បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាវិបត្តិនៅអ៊ុយក្រែនផងដែរ៕








No comments:

Post a Comment