សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានសន្តិភាពទេ ក៏យើងគ្មានឱកាសបានមកជួបជុំគ្នានៅពេលនេះ ហើយក៏មិនបានចូលរួមប្រកួតកីឡាស៊ីហ្គេមដែរ ដូច្នេះយើងត្រូវការពារសន្តិភាព កុំចាំដល់ពេលមានសង្រ្គាម ទើបស្រែករកសន្តិភាព។
សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលសន្និសីទនិងមហោស្រពកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើសិនយើងចង់ការពារសមិទ្ធផលនានាដែលកើតមានឡើងនៅលើទឹកដីកម្ពុជា ក៏ដូចជាការពារវិស័យកីឡាយើង យើងត្រូវការពារសន្តិភាព ដែលយើងខិតខំរកបានដោយលំបាកនេះ ដោយមិនត្រូវរង់ចាំរហូតបាត់សន្តិភាព និងមានសង្រ្គាម ទើបស្រែករកសន្តិភាពនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា យើងបានឃើញច្បាស់ហើយពីវិនាសកម្មនៃសង្រ្គាមនៅអ៊ុយក្រែន ដែលនៅពេលនេះប្រជាជនអ៊ុយក្រែន៣០-៤០លាននាក់ កំពុងស្រែករកសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា មូលដ្ឋាននៃសន្តិភាពនេះហើយដែលធ្វើឱ្យប្រទេសកម្ពុជាយើងប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយយើងមានមហិច្ឆតាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ផងដែរ៕
No comments:
Post a Comment