សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» គឺជាសមិទ្ធផលសង្គមជាតិថ្មីមួយទៀត បើទោះបីជាវាជាកម្មសិទ្ធិរបស់វិស័យឯកជនក៏ដោយក្តី។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» ស្ថិតនៅសង្កាត់ជ័យជំនះ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទិញម៉ាកយីហោមកពីអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការដែលសម្តេចថាជាសមិទ្ធផលសង្គមជាតិនោះ ក៏ដោយសារវិស័យឯកជនមួយនេះ បានចូលរួមជាច្រើនជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិតាមរយៈការផ្តល់ការងារធ្វើដល់ប្រជាជន និងការចូលរួមផ្នែកពន្ធដារជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការរីកចម្រើននៃវិស័យឯកជន ក៏ជាការរីកចម្រើនរបស់ប្រទេសជាតិយើងផងដែរ ដែលវិស័យឯកជនត្រូវបានចាត់ទុកថាជារថភ្លើងនៃកំណើនសេដ្ឋកិច្ចប្រទេសជាតិផងដែរ៕
No comments:
Post a Comment