(វ៉ាស៊ីនតោន)៖ អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកនេះ ក្រុមមន្ត្រីអាមេរិក អឺរ៉ុប និងអង្គការ NATO បានព្រមានក៏ដូចជាបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការ ដាក់ពង្រាយកងទ័ព ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់របស់រុស្ស៊ី នៅឯតំបន់ក្បែរព្រំដែនអ៊ុយក្រែន ដែលគេមើលឃើញថាជាការត្រៀមលក្ខណៈបើកការវាយប្រហារ ទ្រង់ទ្រាយធំ។
បើតាមក្រុមមន្ត្រីចារកម្មអាមេរិក រុស្ស៊ីអាចនឹងបើកការវាយប្រហារលើអ៊ុយក្រែន នៅខែមករា ឬនៅដើមខែកុម្ភៈ ឆ្នាំ២០២២ តែមិនបានបញ្ជាក់ថាតើលោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តហើយ ឬក៏យ៉ាងណានោះទេ ខណៈរុស្ស៊ីបានច្រានចោលការចោទប្រកាន់បែបនេះ ដោយអះអាងថាខ្លួនមិនមានផែនការធ្វើសង្រ្គាម ឬសម្លុតគំរាមកំហែង ប្រទេសដទៃឡើយ។ គ្មាននរណាម្នាក់អាចដឹងថាតើលោក ពូទីន កំពុងគិត ឬចង់ធ្វើអ្វីទេ?
កាលពីរដូវក្ដៅឆ្នាំ២០២១នេះ រុស្ស៊ីក៏ធ្លាប់បានដាក់ពង្រាយកងទ័ពនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែនដែរ ហើយភាពតានតឹងនៅពេលនោះ បានជំរុញឱ្យមានជំនួបកំពូលរវាង ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោក ពូទីន នៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីខែមិថុនាកន្លងទៅ ដែលមជ្ឈដ្ឋានទូទៅយល់ថាវិបត្តិ ឬសង្រ្គាមអាចនឹង ត្រូវបានបញ្ចៀស។ កាលពីសប្ដាហ៍មុន លោក បៃដិន និងលោក ពូទីន ក៏បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូដែរស្ដីពីស្ថានការណ៍អ៊ុយក្រែន នៅក្រោមស្ថានភាពដ៏តានតឹង និងការផ្លោងសម្ដីព្រមានដាក់គ្នាទៅវិញទៅមក។
បើតាមក្រុមអ្នកជំនាញភាគច្រើន, វាមានហេតុផលមួយចំនួនដែលធ្វើឱ្យគេជឿជាក់ថាសង្រ្គាមទ្រង់ទ្រាយធំរវាងអ៊ុយក្រែន និងរុស្ស៊ី ទំនងជានឹងមិនផ្ទុះឡើងក្នុងអនាគតដ៏ខ្លី ទេ ហើយសកម្មភាពរបស់កងទ័ពរុស្ស៊ី អាចជាយុទ្ធសាស្ត្រមួយរបស់លោក ពូទីន ដើម្បីកេងចំណេញនយោបាយនៅក្នុងស្រុក និងបង្ខំឱ្យអឺរ៉ុប ឬអាមេរិក ផ្ដល់សម្បទាន ណាមួយឱ្យទីក្រុងម៉ូស្គូ។ ជាក់ស្ដែង នៅក្នុងសេចក្ដីថ្លែងការណ៍ជាច្រើននាពេលថ្មីៗនេះ ក្រុមមន្ត្រីរុស្ស៊ីបានព្រមានត្រង់ៗ ដៅទៅរក NATO និងអាមេរិក ជាជាងអ៊ុយក្រែន ហើយម្យ៉ាងវិញទៀត រុស្ស៊ីក៏ចង់បញ្ជូនសារទៅដល់អាមេរិក និង NATO រួមទាំងសហភាពអឺរ៉ុបដែរថា «កុំបំពានបន្ទាត់ក្រហមរបស់រុស្ស៊ី» ជាពិសេសកុំអនុញ្ញាតឱ្យអ៊ុយក្រែន ចូលជាសមាជិក NATO ឱ្យសោះ បន្ទាប់ពីអាមេរិកបង្ហើបពីចេតនា និងគាំទ្រឱ្យអ៊ុយក្រែនចូលរួមក្នុងបក្សសម្ពន្ធយោធាមួយនេះ។
ដូចគ្នាទៅនឹងសំណុំរឿងតៃវ៉ាន់ ដែលចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន, រុស្ស៊ីក៏នៅតែមើលឃើញដូចគ្នាថាអ៊ុយក្រែន គឺជាផ្នែកមួយនៃទឹកដីរុស្ស៊ីសល់ពីអតីតសហភាព សូវៀត ហើយអ៊ុយក្រែន គឺជាទ្រនាប់ការពារមួយដ៏សំខាន់ពីការឈ្លានពានណាមួយពី NATO ដែលកំពុងបង្កើនវត្តមានយោធានៅតំបន់អឺរ៉ុបខាងកើត ជាពិសេសនៅតាម បណ្ដាប្រទេសមានព្រំដែនជាប់រុស្ស៊ី តែម្ដង។
ជាពិតណាស់, អ៊ុយក្រែនជាប្រទេសមួយមានទឹកដីធំ និងមានសមត្ថភាពខ្លាំងគួរសមដោយសារតែមានជំនួយពីសហរដ្ឋអាមេរិក ដែលបាននិងកំពុងជួយបំពាក់អាវុធទំនើបៗ ដល់យោធាអ៊ុយក្រែន ដែលនេះនឹងមិនមែនជារឿងងាយស្រួលឡើយសម្រាប់រុស្ស៊ី ក្នុងការប្រើប្រាស់កម្លាំងយោធា។ អ្នកជំនាញយោធាជឿថាប្រសិនបើទីក្រុងម៉ូស្គូ សម្រេចចិត្តបើកការវាយប្រហារលើអ៊ុយក្រែនមែន (មិនប្រើអាវុធនុយក្លេអ៊ែរ) នោះទីក្រុងកៀវ មិនមែនជាដៃគូរបស់រុស្ស៊ីទេ ហើយសូម្បីតែ អាមេរិក ឬសហភាពអឺរ៉ុប រួមទាំង NATO ក៏មិនប្រាកដថាអាចនឹងពលីជីវិតកងទ័ពរបស់ពួកគេ ដើម្បីការពារអ៊ុយក្រែន ដែលមិនមែនជាសមាជិក NATO នោះដែរ។ សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប និង NATO តាមរយៈសេចក្ដីថ្លែងការណ៍កន្លងមកនេះបានបង្ហាញពីជំហរយ៉ាងច្បាស់ថាពួកគេគ្មានចេតនាបញ្ជូន ឬដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែនទេ ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។
តែទោះជាបែបនេះក្ដី លោក ពូទីន ដឹងយ៉ាងច្បាស់ថាធ្វើសង្រ្គាមជាមួយប្រទេសធំដូចជាអ៊ុយក្រែន ទោះជាឈ្នះ តែមិនអាចគេចផុតពីការខាតបង់ធ្ងន់ធ្ងរឡើយ រីឯអាមេរិក និងសហភាពអឺរ៉ុប មុខជានឹងមិនឈរអោបដៃមើលដែរ ដោយទោះជាមិនធ្វើអន្តរាគមន៍យោធា តែពួកគេអាចដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំសម្បើម ក្នុងនោះរួមមានទាំងការ កាត់ផ្ដាច់រុស្ស៊ីចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិជាដើម ហើយវាក៏អាចធ្វើឱ្យមុខមាត់ និងកិតិ្តយសរបស់រុស្ស៊ីនៅលើឆាកអន្តរជាតិត្រូវអាប់ឱនផងដែរ។ ម្លោះហើយ សង្រ្គាម ទ្រង់ទ្រាយធំ ប្រហែលជានឹងមិនផ្ទុះឡើងទេ តែអ្វីដែលគេបារម្ភនោះគឺរុស្ស៊ីអាចនឹងបើកដៃ ឬបញ្ជាឱ្យក្រុមឧទ្ទាមនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ធ្វើសកម្មភាពជំនួស ហើយ ខ្លួនអង្គុយរង់ចំាមើលឱកាសទាញយកប្រយោជន៍ពីស្ថានការណ៍ជាក់ស្ដែង៕
ប្រភព៖ eurasiareview (ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១)
ដោយៈ Fresh News
No comments:
Post a Comment