Monday, September 27, 2021

អភិបាលខេត្តក្រចេះ ប្រគេនទេយ្យទាន ទេយ្យវត្ថុ រួមនិងបច្ច័យចូលរួមកាន់បិណ្ឌតាមបណ្តាវត្ត

ក្រចេះ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសពិធីកាន់បិណ្ឌវេនទី៦ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងមន្រ្តីរាជការ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន មកវេប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០២វត្ត នៅក្នុងសង្កាត់កោះទ្រង់ ដើម្បីចូលរួមកាន់បិណ្ឌ និងចូលរូមផ្គត់ផ្គង់ទ្រទ្រង់ព្រះសង្ឃ ក្នុងកំឡុងពេលជំងឺកូវីដ-១៩ ។

  សូមជម្រាបផងដែរថា បច្ច័យប្រគេនក្នុង១វត្ត ទទួលបានគ្រឿងឧបភោគបរិភោប និងបច្ច័យចំនួន ១លាន៥០ម៉ឺនរៀល ដែលជាបច្ច័យរបស់ក្រុមការងារថ្នាក់កណ្តាល និងជាបច្ច័យរបស់លោកអភិបាលខេត្តផ្ទាល់សរុបអស់ចំនួន ៧លាន៩៤ម៉ឺនរៀល ។ 

បន្ទាប់ពីពិធីបង្សុកូលវេប្រគេន និងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុលពត រួចមកឯកឧត្តមក៏បានជម្រុញស្នើសុំដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប់ជាប្រចាំដើម្បីឈានទៅកាត់ផ្តាច់ឲ្យបាននូវឬសគល់ នៃជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរាលដាលចូលទៅក្នុងសហគមន៍យើង។ 

គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តនឹងបន្តការនាំយកទេយ្យទាន និងទេយ្យវត្ថុ រួមនិងបច្ច័យមកប្រគេនដល់ព្រះសង្ឃតាមបណ្តាលវត្តក្នុងក្រុងក្រចេះ ដើម្បីចូលរួមកាន់បិណ្ឌនិងចលរួមផ្គត់ផ្គង់ទ្រទ្រង់ ព្រះសង្ឃនាពេលបុណ្យកាន់បិណ្ឌក្នុងកំឡុងពេលបុណ្យជំងឺកូវីដ-១៩ ៕





No comments:

Post a Comment