Monday, September 27, 2021

វិភាគអន្តជាតិ៖ សម្ព័ន្ធភាព AUKUS នឹងរុញតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ធ្លាក់ចូលក្នុងការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ?


(ប៉េកាំង)៖ ការសន្យាជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្រោមសម្ព័ន្ធភាពយោធាត្រីភាគី AUKUS រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី មិនត្រឹមតែធ្វើឱ្យបារាំងក្ដៅស្លឹកត្រចៀកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កឱ្យមានការព្រួយបារម្ភផងដែរពីលទ្ធភាពនៃការផ្ទុះឡើងនូវសង្រ្គាមត្រជាក់ថ្មីមួយ និងការរត់ប្រណំាងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

នៅក្រោមសម្ព័ន្ធភាព AUKUS សហរដ្ឋអាមេរិក និងអង់គ្លេស បានយល់ព្រមផ្ទេរបច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់អូស្ត្រាលី ដែលបាន ក្លាយជាប្រទេសទី៣ ទទួលបានបច្ចេកវិទ្យាបែបនេះពីអាមេរិក បន្ទាប់ពីអង់គ្លេស។ នាវាមុជទឹកនុយក្លេអ៊ែរនឹងជួយពង្រឹងសមត្ថភាពកងទ័ពជើងទឹកអូស្ត្រាលីដោយអាច ឱ្យពួកគេធ្វើប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងចូលរួមជាមួយសហរដ្ឋអាមេរិកទប់ស្កាត់ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់។

ទំាងសហរដ្ឋអាមេរិក និងអង់គ្លេសបានបញ្ជាក់ថានាវាមុជទឹកដែលពួកគេនឹងជួយអូស្ត្រាលីផលិតនឹងមិនមានបំពាក់អាវុធនុយក្លេអ៊ែរឡើយ ពោលគឺគ្រាន់តែដើរដោយ ថាមពលនុយក្លេអ៊ែរតែប៉ុណ្ណោះ។ បើតាមក្រុមអ្នកជំនាញនុយក្លេអ៊ែរ ការរីកសាយ ឬការរត់ប្រណំាងអាវុធនុយក្លេអ៊ែរ ផ្ទុះ ឬមិនផ្ទុះឡើងគឺវាអាស្រ័យថាតើបច្ចេកវិទ្យា នុយក្លេអ៊ែរអ្វី ដែលអាមេរិកផ្ទេរឱ្យអូស្រ្តាលី ឬក៏ថាតើបច្ចេកវិទ្យានេះត្រូវផ្ទេរយ៉ាងដូចម្ដេច? ប៉ុន្តែ ចង់ ឬមិនចង់ ការអនុញ្ញាតឱ្យអូស្ត្រាលីមាននាវាមុជទឹកនុយក្លេអ៊ែរ វាមុខជានឹងជំរុញឱ្យបណ្ដាប្រទេសដទៃដូចជា ចិន និងរុស្ស៊ី ជាពិសេសវានឹងផ្ដល់ហេតុផលត្រឹមត្រូវ និងស្របច្បាប់ដល់កូរ៉េខាងជើងតែម្ដង ក្នុងការបង្កើនការប្រឹងប្រែង អភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ក្រោមហេតុផលការពារខ្លួន។

* វិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ នឹងផ្ទុះឡើងជាថ្មីនៅឥណ្ឌូ-ប៉ាស៊ីហ្វិក?

លោក មីលតុន ឡៃធិនបឺគ (Milton Leitenberg) ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាសន្តិសុខ និងអន្តរជាតិនៃសាកលវិទ្យាល័យ Maryland បាននិយាយថា ឥន្ធនៈប្រើប្រាស់សម្រាប់បង្កើតថាមពលរ៉េអាក់ទ័ររបស់នាវាមុជទឹកនុយក្លេអ៊ែរអាចនឹងត្រូវបានប្រើក្នុងការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ តែព្រមពេលជាមួយគ្នា លោកមិនជឿឡើយថារដ្ឋាភិបាលអូស្រ្តាលីនឹងធ្វើដូច្នេះ។

តែទោះជាអូស្ត្រាលីចង់ ឬមិនចង់ វាមិនសំខាន់ឡើយ អ្វីដែលសំខាន់នៅត្រង់ថាការជួយផលិតនាវាមុជទឹកនុយក្លេអ៊ែរ វាមុខជានឹងធ្វើឱ្យប្រទេសមួយចំនួនដូចជាចិន រុស្ស៊ី រួមទាំងកូរ៉េខាងជើង មើលឃើញថានេះជាការគំរាមកំហែងដល់សន្តិសុខ និងផលប្រយោជន៍ជាតិរបស់ពួកគេនៅក្នុងតំបន់ ដ្បិតមិនថា Quad ឬ AUKUS នោះទេ គឺមានមុខព្រួញសំខាន់សំដៅលើប្រទេសទាំង ៣នេះ។

តួយ៉ាង កូរ៉េខាងជើងកាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅនេះបានព្រមានថា «ការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ» ថ្មីមួយនឹងផ្ទុះឡើង បន្ទាប់ពីសហរដ្ឋអាមេរិក អង់គ្លេស យល់ព្រមផ្ទេរបច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរឱ្យអូស្ត្រាលី ហើយថានឹងចាត់វិធានការឆ្លើយតបភ្លាមៗ ប្រឆាំងទៅនឹងរាល់សកម្មភាព ទាំងឡាយណាបំផ្លាញ ឬគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន។ ការព្រមានបែបនេះរបស់កូរ៉េខាងជើង គឺជាការបន្ទរតាមពីក្រោយចិនដែលបានព្រមានដូចគ្នាថាអាមេរិក និងអង់គ្លេស កំពុងបង្កហានិភ័យនៃការផ្ទុះឡើងនូវ «ការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ» ក្នុងតំបន់។

បើតាមវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (International Institute for Strategic Studies) មានមូលដ្ឋាននៅចក្រភពអង់គ្លេស បច្ចុបន្ន អាមេរិកមាន នាវាមុជទឹកនុយក្លេអ៊ែរសរុប ៦៨ គ្រឿង, រុស្ស៊ីមាន ២៩គ្រឿង, ចិនមាន ១២គ្រឿង, អង់គ្លេសមាន ១១គ្រឿង, បារាំងមាន៨គ្រឿង និងឥណ្ឌាមានមួយគ្រឿង បូករួម ទាំងអនាគតនាវាមុជទឹកនុយក្លេអ៊ែររបស់អូស្ត្រាលី។ គេនៅចាំបានថាវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ បានរុញឱ្យពិភពលោកទាំងមូលស្ថិតនៅមាត់ជ្រោះនៃសង្រ្គាម នុយក្លេអ៊ែរម្ដងរួចមកហើយ ជាពេលដែលអាមេរិក និងសូវៀតគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរដាក់គ្នាទៅវិញទៅមក។

ពិភពលោកបានចៀសផុតពីសង្រ្គាមនុយក្លេអ៊ែរនៅពេលនោះ តែគ្មាននរណាម្នាក់ប្រាកដថាពិភពលោកនឹងមានសំណាងម្ដងទៀតនោះទេ។ ការបង្កើតសម្ព័ន្ធភាព AUKUS ត្រូវបានអ្នកជំនាញភាគច្រើនយល់ថាមានគោលដៅលើចិន ខណៈចិនខ្លួនឯងក៏ដឹងពីរឿងនេះច្បាស់ជាងនរណាៗទាំងអស់នោះដែរ ហើយកាន់តែដឹងច្បាស់ ទៅទៀតនោះ គឺអំណេះតទៅ ចិនគ្មានជម្រើសអ្វីផ្សេងក្រៅតែពង្រឹងសមត្ថភាពយោធាដើម្បីតាមឱ្យទាន់សហរដ្ឋអាមេរិក និងលោកខាងលិចនោះទេ។ នេះហើយជាអ្វី ដែលគេកំពុងព្រួយបារម្ភថាការរត់ប្រណាំងអាវុធមានទម្រង់ដូចគ្នាទៅនឹងអាមេរិក និងសូវៀតចាប់ផ្ដើមផ្ទុះឡើងជាថ្មីដោយគ្រាន់តែវាប្ដូរពីអាមេរិក និងសូវៀត មកជា
អាមេរិក និងចិន វិញប៉ុណ្ណោះ។

បន្ថែមពីលើនេះ រឹតតែសំខាន់ទៅទៀត មិនមែនមានតែចិនទេដែលនឹងគិតបែបនេះ។ រុស្ស៊ី ជាពិសេសកូរ៉េខាងជើង ក៏ប្រហែលជានឹងរៀបចំជើងព្រួលទុកជាមុនផងដែរ ដោយនឹងប្រើរឿងអាមេរិកជួយអូស្ត្រាលីផលិតនាវាមុជទឹកនុយក្លេអ៊ែរជាហេតុផលសំអាងពីភាពត្រឹមត្រូវ និងស្របច្បាប់លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយនឹង កាន់តែបង្កើនការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ។ ដូច្នេះ ប្រសិនបើកូរ៉េខាងជើងបង្កើនការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ឬក៏ផលិតនាវាមុជទឹកនុយក្លេអ៊ែរដែរ នោះគេត្រូវ សួរថាតើកូរ៉េខាងត្បូង ឬជប៉ុនអាចឈរនៅស្ងៀមដែរឬទេ? ត្រង់នេះមានន័យថាតើគេអាចធានាបានទេថាការឱ្យអូស្ត្រាលីមាននាវាមុជទឹកនុយក្លេអ៊ែរនឹងមិនជំរុញ លើកទឹកចិត្តឱ្យប្រទេសធំៗ ដទៃចង់ដើរតាមអូស្ត្រាលី ដែរ ឬក៏យ៉ាងណា?

* AUKUS ធ្វើឱ្យអាស៊ានឈឺក្បាល

ក្រោយសហរដ្ឋអាមេរិកប្រកាសពីការបង្កើតសម្ព័ន្ធភាព AUKUS និងជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រទេសមួយចំនួនធំនៅស្ងៀម ហើយខ្លះបង្ហាញការព្រួយបារម្ភ និងជំទាស់ រីឯខ្លះទៀតបង្ហាញការគាំទ្រ។ ជប៉ុន និងហ្វីលីពីនបានបង្ហាញជំហរគាំទ្រចំពោះគម្រោងជួយអូស្ត្រាលីផលិតនាវាមុជទឹក នុយក្លេអ៊ែរ ខណៈសិង្ហបុរីដែលជាសម្ព័ន្ធមិត្តមួយដ៏គួរឱ្យទុកចិត្តរបស់អូស្ត្រាលីនៅក្នុងតំបន់ ថ្វីបើបានបង្ហាញគំនិតសុទិដ្ឋិនិយមចំពោះ AUKUS តែក៏បានបង្ហាញ ក្ដីព្រួយបារម្ភខ្លះដែរ។

ថៃ, វៀតណាម រួមទាំងកម្ពុជា មិនបានធ្វើអត្ថាធិប្បាយអ្វីភ្លាមៗនោះទេស្របពេលឥណ្ឌូណេស៊ី និងម៉ាឡេស៊ីបង្ហាញការព្រួយបារម្ភ និងព្រមានថាការជួយអូស្ត្រាលីផលិត នាវាមុជទឹកនុយក្លេអ៊ែរអាចនឹងបង្កទៅជាការរត់ប្រណាំងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់។ បណ្ដាប្រទេសជាសមាជិកភាគច្រើនសុទ្ធតែមានកង្វល់លើការបង្កើតសម្ព័ន្ធភាព AUKUS និងការជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដ្បិតភាគច្រើននៅក្នុងចំណោមបណ្ដាប្រទេសអាស៊ានគិតថាការអនុញ្ញាតឱ្យប្រទេស ណាមួយផលិតនាវាមុជទឹកនុយក្លេអ៊ែរ មិនអាចធានាបានឡើយថាទៅថ្ងៃមុខ នាវាប្រភេទនេះនឹងមិនបំពាក់អាវុធនុយក្លេអ៊ែរ។

សម្រាប់បណ្ដាប្រទេសអាស៊ាន ការបង្កើត AUKUS បន្ថែមពីលើ Quad ឬកិច្ចសន្ទនាសន្តិសុខចតុភាគីដែលមានអាមេរិក, អូស្រ្តាលី, ជប៉ុន និងឥណ្ឌាជាសមាជិក វាបានបង្ហាញកាន់តែច្បាស់ថា អាមេរិក អូស្ត្រាលី និងអង់គ្លេស មើលឃើញតំបន់សមុទ្រចិនខាងត្បូងជាកន្លែងត្រូវតតាំងជាមួយចិន។ អាស៊ានតែងតែអះអាងថាខ្លួនជាតំបន់ មានសន្តិភាព, សេរីភាព និងអព្យាក្រឹត ហើយមិនស្ថិតនៅក្រោមឥទ្ធិពលរបស់មហាអំណាចខាងក្រៅណាមួយឡើយ។ នៅឆ្នាំ១៩៩៥ អាស៊ានបានចុះហត្ថលេខាលើ សន្ធិសញ្ញាគ្មានអាវុធនុយក្លេអ៊ែរក្នុងតំបន់ (Treaty of Southeast Asia Nuclear Weapon-Free Zone) ដែលតម្រូវឱ្យបណ្ដាប្រទេសជាសមាជិកប្ដេជ្ញាមិនឱ្យមាន អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់។

បើទោះជាពួកគេដឹងថា មិនថា ចិន, សហរដ្ឋអាមេរិក, អង់គ្លេស ឬក៏បារាំង មិនដែលខ្វល់នឹងសន្ធិសញ្ញានេះទេ ហើយតែងតែបញ្ជូននាវាចម្បាំងធ្វើដំណើរឆ្លងកាត់ សមុទ្រចិនខាងត្បូងក៏ដោយ តែអាស៊ានមិនចង់ឃើញសកម្មភាពយោធា ឬក៏ភាពតានតឹងផ្ទុះទៅជាជម្លោះនៅក្នុងតំបន់ ហើយសាយភាយទៅដល់ព្រំដែន ឬប្រទេស របស់ខ្លួនឡើយ។ ម្យ៉ាងវិញទៀត ជាគោលការណ៍អាស៊ានពេញចិត្តនឹងការទាញយកផលប្រយោជន៍ពីនយោបាយអព្យាក្រឹត ដោយមិនចង់រើសយកមហាអំណាច ណាមួយនោះទេ។

ប៉ុន្តែអ្នកជំនាញជាច្រើនយល់ថាប្រឈមមុខការប្រជែងគ្នារឹតតែខ្លាំងរវាងអាមេរិក និងចិន វាមុខជានឹងធ្វើឱ្យអាស៊ានពិបាកក្នុងការអនុវត្តនយោបាយអព្យាក្រឹត នៅក្នុង បរិបទដែលយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហាក់ដូចជាផ្ដល់សញ្ញាច្បាស់ឡើងៗដល់បណ្ដាប្រទេសដៃ ថាចង់ឈរខាងអាមេរិក ឬនៅខាងចិន៕

ប្រភព៖ SCMP (ថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១)

ដោយៈ Fresh News

 






No comments:

Post a Comment