Friday, August 06, 2021

លោកឧបនាយករដ្ឋមន្រ្តី ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-up ចំនួន៨៧គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២១នេះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-up ចំនួន៨៧គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបែងចែកជូនអធិការដ្ឋាននគរបាល ក្រុង ស្រុក ។ ពិធីនេះបានប្រារព្ធឡើងនៅបរិវេណមុខអគារទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអនុវត្តយ៉ាងត្រឹមត្រូវតាមវិធានការសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដូចជាការពាក់ម៉ាស់ វាស់កំដៅ យកសំណាក បាញ់អាល់កុល និងរក្សាគម្លាតសុវត្ថិភាពជាដើម ។

យោងតាមរបាយការណ៍ស្វាគមន៍របស់ លោកនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ គិតចាប់តាំងពីឆ្នាំ២០១៩មក លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់អំណោយរថយន្ត Pikc-up ចំនួន៤លើក សរុប១៥៨គ្រឿង ដល់អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងនោះរួមមាន ស្នងការដ្ឋាននគរបាលខេត្តចំនួន ២២គ្រឿង វរសេនាតូចនគរបាលការពារព្រំដែនចំណុះភូមិភាគ៤ និងភូមិភាគ៥ចំនួន ១៦គ្រឿង ក្រុមល្បាតត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោកលើផ្លូវជាតិលេខ៤ និងលេខ៥ ចំនួន ៤គ្រឿង អធិការដ្ឋាននគរបាលខណ្ឌតាមរយៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៣គ្រឿង និងអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌចំនួន១០៣គ្រឿង ។

ដោយឡែកនៅថ្ងៃនេះ លោកអគ្គនាយក បានរាយការណ៍ជូនអង្គពិធីថា រថយន្តទាំង៨៧គ្រឿងនេះ នឹងប្រគល់ជូនអធិការដ្ឋាននគរបាលក្រុង ស្រុក ដែលពុំទាន់ទទួលបានរថយន្តទាំង ៨៧អធិការដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តចំនួន២៤ខេត្ត រួមមានខេត្តព្រៃវែង ៤គ្រឿង បាត់ដំបង ៥គ្រឿង បន្ទាយមានជ័យ ២គ្រឿង ស្ទឹងត្រែង ២គ្រឿង ពោធិ៍សាត់ ៤គ្រឿង  ព្រះវិហារ ៣គ្រឿង  កណ្ដាល ៥គ្រឿង កំពង់ស្ពឺ ៥គ្រឿង កំពង់ឆ្នាំង ៦គ្រឿង កំពង់ចាម ៨គ្រឿង ត្បូងឃ្មុំ ៤គ្រឿង ក្រចេះ ១គ្រឿង តាកែវ ៤គ្រឿង កំពត ៤គ្រឿង ព្រះសីហនុ ២គ្រឿង កោះកុង ៣គ្រឿង កំពង់ធំ ៧គ្រឿង សៀមរាប ១០គ្រឿង កែប២គ្រឿង ឧត្តរមានជ័យ ១គ្រឿង ប៉ៃលិន ១គ្រឿង មណ្ឌលគិរី ១គ្រឿង និងរតនគិរី ៣គ្រឿង សរុបពីឆ្នាំ២០១៩មក លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានផ្ដល់ជូនរថយន្តចំនួន ៥លើក ស្មើនឹង២៤៥គ្រឿង ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានសម្ដែងសេចក្ដីរីករាយដែលបានប្រគល់រថយន្តសម្រាប់ចែកជូនអធិការដ្ឋាននគរបាលបង្គ្រប់ទូទាំងប្រទេស ខណៈក្រសួងក៏គ្រោងផ្ដល់ជូនរថយន្តដូចគ្នានេះ ជូនវរសេនាតូចដែលមិនទាន់ទទួលបានរថយន្តចំនួន ១៦អង្គភាពទៀតនាពេលខាងមុខ ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ដែរថា ការប្រារព្ធពិធីប្រគល់រថយន្តនៅថ្ងៃនេះ បានគោរពតាមគោលការណ៍សុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ដូចជាការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពជាដើម និងថាការផ្ដល់រថយន្តជូននាពេលនេះគឺជាកិច្ចការចាំបាច់មួយ ដើម្បីឱ្យអធិការនគរបាលក្រុង ស្រុក យកទៅប្រើប្រាស់សម្រាប់បំពេញបេសកកម្មបំរើជាតិ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា ។

លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានថ្លែងអំណរគុណជូន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់ជួយជ្រោមជ្រែង និងលើកទឹកចិត្តដល់កម្លាំងនគរបាលជាតិរបស់យើង ជាក់ស្ដែងនៅពេលនេះ រថយន្ត៨៧គ្រឿងនេះ គឺជាថយន្តដែលនាំចូលដោយពន្ធជាបន្ទុករបស់រដ្ឋដែលទទួលបានការឯកភាពពីលោកនាយករដ្ឋមន្រ្តី ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងកោតសរសើរចំពោះការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់កម្លាំងនគរបាលជាតិក្នុងស្ថានភាពកូវីដ-១៩ ដ្បិតកម្លាំងមួយផ្នែកនៃមន្រ្តីរាជការអាចមានឱកាសស្នាក់នៅផ្ទះ តែសម្រាប់កម្លាំងនគរបាលជាតិស្ទើរទាំងអស់បានចេញប្រតិបត្តិការគ្រប់ទីកន្លែងដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេសនៅតាមតំបន់ប្រឈមខ្ពស់ ដូចជាតំបន់ក្រហម តំបន់លឿងទុំជាដើម ។

ទន្ទឹមនឹងការថ្លែងកោតសរសើរដល់កងកម្លាំងនគរបាលជាតិ ក្រោមការដឹកនាំរបស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន លោកឧបនាយករដ្ឋមន្រ្តី ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសារសពកងកម្លាំងនគរបាលជាតិ ដែលបានពលីជីវិតក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ប្រយុទ្ធប្រឆាំងងនឹងជំងឺកូវីដ-១៩ និងក្រុមគ្រួសារសពមន្រ្តីរាជការស៊ីវិលដែលទទួលមរណភាពបដោយសារជំងឺឆ្លងនេះ។

ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩នេះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានគូសបញ្ជាក់ថាមកដល់ពេលនេះអត្រាឆ្លងជំងឺកូវីដ-១៩ លើពិភពលោកនៅតែស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ ខណៈប្រទេសកម្ពុជា និងបណ្ដាប្រទេសជាបន្តបន្ទាប់ បានរកឃើញវត្តមានមេរោកបំប្លែងខ្លួនថ្មី ដែលតា ។ លោកឧបនាយករដ្ឋមន្រ្តី បានបន្តក្នុងន័យដើមថា«ជាការពិតហើយយើងត្រូវគោរពតាមវិធានការសុខាភិបាល ប៉ុន្តែទន្ទឹមគ្នានេះយើងក៏ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចជាចាំបាច់ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ។ លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថា «ខ្ញុំសូមកោតសរសើរ ដ្បិតជាក់ស្ដែងក្នុងរយៈពេលក្លងទៅនេះការបង្ក្រាបបទល្មើសបានទទួលលទ្ធផលយ៉ាងល្អប្រសើរ» ។

ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនក្នុងស្ថានភាពប្រឈមនេះ លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បទល្មើសនេះបានថយចុះបន្តិច ប៉ុន្តែក្រុមឧក្រិដ្ឋជននៅតែឆ្លៀតឱកាសលួចកែច្នៃ ផលិត និងនាំចូលសារធាតុញៀន អាភៀន ពីបណ្ដាប្រទេសជុំវិញ ពិសេសពីតំបន់ត្រីកោណមាសមកកម្ពុជា ធ្វើឱ្យមានការកែច្នៃ និងផលិតគ្រឿងញៀនកើនឡើងជាងពេលមុន ។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាកថា «ចាប់តាំពីយុទ្ធនាការបង្ក្រាបគ្រឿងញៀនដំបូងឆ្នាំ២០១៧មកដល់ពេលនេះ គិតទាំងអាភៀន និងសារធាតុគីមីផ្សុំ មានជាង ១១តោន ហើយក៏មិនដឹងថារួចផុតចេញពីយើងទៅប៉ុន្មានទៀតដែរ យ៉ាងណានេះគឺជាលទ្ធផលដែលកើតចេញពីឆន្ទៈមុះមុតនៃការបំពេញភារកិច្ចជារួមរបស់កងកម្លាំងនគរបាលជាតិ និងមន្រ្តីរាជការពាក់ព័ន្ធទាំអស់» ។

ទាក់ទងនឹងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងការផ្ដល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានគូសបញ្ជាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ ត្រូវបានចាត់ទុកថាជាថ្នាក់រដ្ឋបាលដែលនៅជិតប្រជាពលរដ្ឋបំផុត ពោលគឺបេសកកម្មរបស់ថ្នាក់ក្រោមជាតិនេះក៏មិនខុសពីថ្នាក់ជាតិដែរ ហើយរឹតតែសំខាន់ជាងថ្នាក់ជាតិទៅទៀត នៅត្រង់ថាពួកគាត់នៅគៀកនឹងប្រជាពលរដ្ឋ ប្រជាពលរដ្ឋអាចដឹងថាពួកគាត់ធ្វើល្អ និងមិនធ្វើល្អដោយងាយ ។ លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា «ដូច្នេះបានខ្ញុំលើកយោបល់ថានៅថ្នាក់ឃុំ យើងត្រូវផ្ដោតលើមុខសញ្ញា៤ គឺ ១.មេឃុំ ចៅសង្កាត់ ២.ស្មៀនឃុំ ស្មៀនសង្កាត់ ៣.ប្រធានប៉ុសិ៍្តនគរបាលរដ្ឋបាល និងទី៤គឺមេភូមិ» ។ 

លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា «អ៊ីចឹងបានជាយើងត្រូវតែយកចិត្តទុកដាក់ឱ្យពួកគាត់ធ្វើការងារបំរើប្រជាពលរដ្ឋឱ្យបានល្អ ដែលទាមទារការផ្ដល់នូវការណែនាំ ទិសដៅ គោលការណ៍ វិធានការនានា និងមធ្យោបាយធ្វើការ ដើម្បីមានលទ្ធភាព ដូចជាបើមិនទាន់មានអគារប៉ុសិ៍្តរដ្ឋបាលទេ យើងត្រូវធ្វើអគារជូនគាត់ ដ្បិតសម័យនេះមិនអាចធ្វើការក្រោមដើមឈើទៀតបានទេ។ តាមខ្ញុំដឹងយើងបានសាងសង់អគាររដ្ឋបាលប៉ុសិ៍្តរដ្ឋបាលឃុំសង្កាត់បានច្រើនហើយ គឺនៅសល់តែប្រមាណ៨០កន្លែងទៀតទេ ក្នុងចំណោម ១.៦៦៤ឃុំ សង្កាត់» ។ យ៉ាងណាលោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាកិច្ចការដែលនៅសេសសល់ប្រមាណ៥០ភាគរយនោះ គឺការសាងសង់អគារដ្ឋបាលសាលាឃុំ សង្កាត់។ 

លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងដែរអំពីការបណ្ដុះបណ្ដាលធនធានមនុស្សជាមន្រ្តីស្មៀនឃុំសង្កាត់ និងមន្រ្តីកងកម្លាំងនគរបាលនៅមូលដ្ឋាន ព្រមទាំងបានបន្ថែមថា អធិការដ្ឋាននគរបាល និងប៉ុសិ៍្តនគរបាលរដ្ឋបាល ក្រសួងក៏នឹងមានការគិតគូរបន្ថែមទៀត ដូចជាការវិភាគក្របខណ្ឌ និងមុខងារឱ្យបានសមស្រប ដោយផ្អែកលើកត្តាភូមិសាស្រ្ត និងប្រជាសាស្រ្ត ពោលគឺផ្អែកលើចំនួនប្រជាពលរដ្ឋតិចឬច្រើន និងវិសាលភាពទឹកដីរដ្ឋបាលនោះធំឬតូច ឬមានភាពស្មុគស្មាញជាដើម ដើម្បីដាក់ពង្រាយបរិមាណកងកម្លាំងឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែង ។ លោកឧបនាយករដ្ឋមន្រ្តី ទទួលស្គាល់ថា នៅភ្នំពេញ នគរបាលប៉ុស្តិ៍មានការខ្វះខាត និងទទួលខុសត្រូវបំពេញការងារច្រើន ដែលទាមទារឱ្យមានការគិតគូឡើងវិញ ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងថា កន្លងមក លោកក៏បានណែនាំឱ្យមានការគិតគូរអំពីអង្គភាពនីមួយៗនៅថ្នាក់ក្រសួង តើមានតម្រូវការមន្រ្តីនគរបាលប៉ុន្មាននាក់ឱ្យពិតប្រាកដ ដើម្បីដាក់មន្រ្តីឱ្យសមល្មម ហើយរំលែកក្របខណ្ឌនេះទៅឱ្យប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងអធិការដ្ឋាននគរបាលវិញ ។ ចំណុចនេះលោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ជាវិធានការកាត់បន្ថយការស្នើសុំក្របខណ្ឌបន្ថែមសម្រាប់កងកម្លាំងនគរបាលជាតិពីរាជរដ្ឋាភិបាល ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានបន្ថែមថា បញ្ហាដែលកំពុងដោះស្រាយនេះ មិនមែនកើតឡើងដោយសារកំហុសនរណាម្នាក់នោះទេ ពីព្រោះកម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្រ្តដែលរដ្ឋចាប់ផ្ដើមបំពេញការងារជាមួយនឹងភាពខ្វះខាតធនធានមនុស្ស ទើបបណ្ដាលឱ្យជួបស្ថានភាពខ្វះ តែសល់ ពោលគឺខ្វះអ្នកមានសមត្ថភាពធ្វើការ តែសល់អ្នកមិនមានសមត្ថភាពធ្វើការ ។

ពាក់ព័ន្ធនឹងការប្រគល់រថយន្តនៅថ្ងៃនេះវិញ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យអធិការដ្ឋាននគរបាលទាំងអស់ចូលរួមថែទាំរថយន្តនេះឱ្យបានល្អ ព្រោះជារថយន្តដែលបានចុះបញ្ជីជាទ្រព្យសម្បត្តិរួម ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុគិតគូរការផ្ដល់ប្រេងឥន្ធនៈប្រើប្រាស់សម្រាប់រថយន្តនេះឱ្យបានល្អ និងបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថាទោះបីជាត្រូវបន្តប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩ដែលមិនមានភាពប្រាកដប្រជាយ៉ាងណាក្ដី ថ្នាកដឹកនាំ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងទាំងអស់ និងរួមគ្នាបន្តខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវដើម្បីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀត ៕













No comments:

Post a Comment