Friday, August 06, 2021

ការងារជួសជុលប្រាសាទបាយក្អែកគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២១នេះ

សៀមរាប៖ ប្រាសាទបាយក្អែក មានទីតាំងស្ថិតនៅប៉ែកខាងលិចនៃប្រាសាទអង្គរវត្ត កំពុងធ្វើការជួសជុល និងរៀបចំលើកកម្ពស់សោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌សំដៅរក្សាតុល្យភាពរវាងការងារអភិរក្ស និងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ប្រាសាទបាយក្អែកបានដួលរលំទាំងស្រុង ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម និងកត្តាមនុស្ស។ តាំងពីខែកុម្ភៈ ឆ្នាំ២០២១ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានដំណើការជួសជុលពង្រឹងនិងលើកតម្លៃរចនាសម្ពន្ធប្រាសាទឡើងវិញ។ មកដល់ពេលនេះដំណើរការជួសជុលបានរយៈពេលប្រមាណ៥ខែមកហើយ ដោយសម្រេចបានជាង៦០ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅ២ខែខាងមុខ។

លោកបន្តថា ចំពោះដំណើរការជួសជុលពង្រឹងសំណង់នេះ ក្រុមការងារបច្ចេកទេសប្រកាន់យកគោលការណ៍អភិរក្ស  គោរពតាមអនុសាសន៍របស់អ្នកជំនាញ អាយស៊ីស៊ីអង្គរ និងគោរពតាមធម្មនុញ្ញអង្គរ ក្នុងគោលដៅរក្សារូបរាង ឬទម្រង់ស្ថាបត្យកម្មដើមរបស់ប្រាសាទ។ ការងារជួសជុលនេះ ក្រុមការងារព្យាយាមប្រើប្រាស់ថ្មចាស់ៗឡើងវិញ ហើយជំនួសថ្មថ្មីក្នុងកម្រិត១០ទៅ១៥ភាគរយ។ 

សូមជម្រាបដែរថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា គាំពារកេរមត៌កដូនតាខ្មែរ ដែលជាបេតិកភណ្ឌពិភពលោកឱ្យនៅគង់វង្សយូរអង្វែង៕














No comments:

Post a Comment