Friday, August 06, 2021

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យចាក់វ៉ាក់សាំងដូសទី៣ ជូនដល់ប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ហើយចាប់ផ្តើមចាក់ជូនមន្រ្តីជួរមុខនៅព្រំដែនជាបន្ទាន់

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសារមួយបញ្ជាឱ្យ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនដល់ប្រជាពលរដ្ឋ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃ។ ជាមួយគ្នានេះ សម្តេចបានបញ្ជាឱ្យយកវ៉ាក់សាំង Astra Zeneca ចាក់ដូសទី៣ ជូនមន្រ្តីជាន់មុខនៅទីនោះជាបន្ទាន់។

តាមរយៈសាររបស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «សូមឱ្យ លោកជំទាវ ឱ វណ្ណឌីន អនុវត្តនូវការចាក់ដូសទី៣ ជូនដល់(ប្រជាពលរដ្ឋ)បណ្តាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ដោយយកសប្តាហ៍ទី២ អាចថា ខានស្អែក ឬខណ្ឌស្អែក១»។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ប្រជាពលរដ្ឋដែលរស់នៅជួរមុខជាប់ព្រំដែនថៃទាំងនោះ នឹងទទួលហានិភ័យបន្ទាប់ពីប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ ឬលើសពីនេះត្រឡប់ពីប្រទេសថៃ។ ជាមួយគ្នានេះ សម្តេចបានដាក់បទបញ្ជាឱ្យដឹកវ៉ាក់សាំង Astra Zeneca ទៅកាន់ព្រំដែន ដើម្បីចាក់ជាដូសទី៣ ជូនដល់គ្រូពេទ្យ កងទ័ព នគរបាល អាវុធហត្ថ និងមន្រ្តីពាក់ព័ន្ធជាបន្ទាន់ផងដែរ។

«ធ្វើកិច្ចការនេះឱ្យបានបន្ទាន់បំផុត តាមដែលអាចធ្វើទៅបាន មិនមែនតាមដែលអាចធ្វើទៅបានទេ គឺធ្វើឱ្យបាន»។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ។

សម្តេចបញ្ជាក់ថា យើងមានវ៉ាក់សាំង Astra Zeneca ដែលកម្ពុជាមានពេលនេះ គឺគ្រប់គ្រាន់សម្រាប់ការចាក់ដូសទី៣ ដល់ជនអាទិភាពទាំងនោះ។

សម្តេចបានបញ្ជាក់បន្ថែមថា ការចាក់វ៉ាក់សាំងដល់មន្រ្តីជួរមុខត្រូវធ្វើនៅសប្តាហ៍ទី២នេះតែម្តង ដោយកន្លងទៅរាជរដ្ឋាភិបាលចង់រង់ចាំចាក់នៅខែកញ្ញា ប៉ុន្តែដោយស្ថានការណ៍នាពេលនេះមានភាពចាំបាច់ តម្រូវឱ្យចាក់ដូសទី៣ ជូនអ្នកទាំងនោះឱ្យបានទាន់ពេលវេលា។

រាជរដ្ឋាភិបាលកម្ពុជា កាលពីដេីមខែសីហា ឆ្នាំ២០២១ បានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់។ ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀត៕

No comments:

Post a Comment