Friday, August 06, 2021

អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំពិធីបុណ្យសមុទ្រ

ព្រះសីហនុ ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅតាមបណ្តោយវិថី តេជោ  តភ្ជាប់ពីវិថី  ២ធ្នូ មកចុងផ្លូវ  ៥០២ ស្ថិតនៅតំបន់ពយតាមូង  ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាស លោក គួច ចំរើន បានមានប្រសាន៍ថា នៅដំណាច់ឆ្នាំខាងមុខនេះ ប្រសិនបើមិនមានការប្រែប្រួល ឬការរំខានដោយសារជំងឺកូវី-១៩ នោះទេ រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងទេសចរណ៍ គ្រោងនឹងយកទីតាំងនៅវិថីតេជោ តំបន់ពយតាមូង ដើម្បីប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។ 

ជាមួយគ្នានេះ ដើម្បីឱ្យទីតាំងប្រារព្ធពិធីបុណ្យសមុទ្រ មានសោភ័ណភាព និងបរិស្ថានស្អាត រដ្ឋបាលខេត្តបាន និងកំពុងរៀបចំកែលម្អសួនច្បារ ដាក់អំពូលភ្លើង ដាំដើមកោងកាង រៀបចំបន្ទប់ទឹក និងពង្រីកទីធ្លាឱ្យបានធំទូលាយបន្ថែមទៀត ដើម្បីរៀបចំប្រារព្ធពិធី ជាពិសេសជាការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងឱកាសនៃពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នាពេលខាងមុខ។ 

លោកអភិបាលខេត្ត ក៏បានណែនាំឱ្យក្រុមការងារត្រូវពន្លឿនការរៀបចំឱ្យបានលឿន ប្រកបដោយគុណភាព និងសោភ័ណភាព ដោយត្រូវធ្វើយ៉ាងណាឱ្យបានរួចរាល់ មុនថ្ងៃនៃការរៀបចំពិធីបុណ្យសមុទ្រ  ៕






No comments:

Post a Comment