Monday, August 16, 2021

លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក ម៉ៅ ធនិន ចុះពិនិត្យមើលទីតាំងប្រារព្ធពិធីប្រគល់-ទទួលផ្ទះ (ជំហាន២) ចំនួន២៥០ខ្នង ជូនអតីតយុទ្ធក្រីក្រ និងមានពិការភាព

ពោធិ៍សាត់៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានចុះពិនិត្យមើលទីតាំងប្រារព្ធពិធីប្រគល់-ទទួលផ្ទះ (ជំហាន២) ចំនួន២៥០ខ្នង ជូនអតីតយុទ្ធក្រីក្រ និងមានពិការភាព ដែលចូលមករស់នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិប៊ុនរ៉ាសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ពិធីនេះនឹងត្រូវធ្វើឡើងនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាង លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។

គួរបញ្ជាក់ថា ដោយពិនិត្យឃើញពីពលីកម្មដ៏ធំធេង ចំពោះជាតិមាតុភូមិ និងការលំបាករបស់អតីតយុទ្ធជន និងគ្រួសារ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើសំណើគោរពជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដើម្បីដោះស្រាយការលំបាករបស់ពួកគាត់ ហើយលោកនាយករដ្ឋមន្រ្ដីក៏បានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចនៅទីតាំងខាងលើ។

ទន្ទឹមនឹងនោះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលខ្វះខាត ធ្វើយ៉ាងណាឱ្យបានគ្រប់ចំនួន ៦២៨ គ្រួសារ/ខ្នងផ្ទះ ដោយមិនឱ្យខ្វះមួយគ្រួសារណាឡើយ ៕







No comments:

Post a Comment