Friday, July 16, 2021

ប្រជាពលរដ្ឋនៅស្រុកបរសេដ្ឋ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២

កំពង់ស្ពឺ៖ គិតចាប់តាំងពីថ្ងៃចាក់វ៉ាសាំងដូសទី ២ ប្រភេទស៊ីណូវ៉ាក់ ជូនប្រជាពលរដ្ឋស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រហូតមកដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ជាយុទ្ធជនអាវសមកពីបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការមកពី បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ និងគ្រូពេទ្យស្រុកបរសេដ្ឋ សហការជាមួយ ក្រុមការងារអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានចាក់វ៉ាក់សាំង ដូសទី ២ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងព្រះសង្ឃ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ទទួលបានលទ្ធផលល្អ តាមពេលវេលា ដែលបានគ្រោងទុក ។ ការចាក់វ៉ាក់សាំងដូសទី ២ ជូនប្រជាពលរដ្ឋស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ គេសង្កេតឃើញថា៖ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី ១ រួចបាននាំគ្នាមកទទួលវ៉ាក់សាំងដូសទី ២ យ៉ាងច្រើនកុះករ ស្របតាមពេលវេលាដែលគ្រូពេទ្យបានកំណត់ពេលវេលា ។

ជាក់ស្តែង ក្នុងថ្ងៃទី១៤ ខែកក្កដា ម្សិលមិញ គ្រូពេទ្យបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៥ឃុំ បានចំនួន ១៦៦៨ នាក់ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចំនួន ៥ ឃុំផងដែរ បានចំនួន ១៧០៨ នាក់ និងគ្រូពេទ្យស្រុកបរសេដ្ឋសហការជាមួយក្រុមការងារអគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៥ ឃុំ បានចំនួន ១៧៩៦ នាក់។ ជាលទ្ធផលសរុបទាំង ៣ អង្គភាពបានចាក់វ៉ាក់សាំងដូសទី ២ ជូនប្រជាពលរដ្ឋក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅក្នុងថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ បានចំនួន ៥១៧២ នាក់ ក្នុងនោះមានស្រីចំនួន ២៤៤៨ នាក់។

សូមបញ្ជាក់ថា ក្នុងស្ថានភាពនៃការប្រឈមនឹងវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំប្រឹងប្រែងតាមយន្តការនានា ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីទទួលបានវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ ពីការឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ។

រាជរដ្ឋាភិបាលបានប្រើយុទ្ធសាស្ត្រផ្ការីក គឺចាក់វ៉ាក់សាំងចេញពីតំបន់ក្រហមរាជធានីភ្នំពេញដែលជាតំបន់មានហានីភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឆ្ពោះទៅបណ្តាខេត្តនានា ដើម្បីការផ្តាច់ការឆ្លងជំងឺដ៏កាចសាហាវនេះ ឆ្លងចូលទៅក្នុងសហគម ដើម្បីការពារអាយុជីវិត សុខុមាលភាពរបស់ប្រជាពលរដ្ឋអោយបានប្រសើរឡើងវិញ ។

ដោយឡែក នៅព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២១ នៅទីតាំងចាក់វ៉ាក់សាំងមណ្ឌលវត្តបរសេដ្ឋចាស់ ដែលមានពេទ្យស្រុកបរសេដ្ឋ សហការជាមួយ ក្រុមការងារអគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស គេសង្ករតឃើញមានប្រជាពលរដ្ឋ ដែលបានមកទទួលសេវាចាក់វ៉ាក់សាំង ដូសទី២ បានចំនួន ៧០០នាក់ គិតត្រឹមម៉ោង១១:០០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។ ក្នុងរបាយការណ៍ មណ្ឌលវត្តបរសេដ្ឋចាស់ បានបង្ហាញថា៖ បើពិនិត្យអំពីចំនួនប្រជាពលរដ្ឋដែលបានចាក់កាលពីដូសទី១ មានចំនួន ១០៦៦២ នាក់ ដូច្នេះតួលេខនៃដូសទី២នេះ នៅខ្វះតែចំនួន ៣៦២នាក់ទៀតប៉ុណ្ណោះ ទើបសមាមាត្រទៅនឹងចំនួនដូស ទី១៕







No comments:

Post a Comment