Friday, July 30, 2021

លោក អម សុភា អំពាវនាវដល់ប្រជាពលរដ្ឋត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ជាពិសេសគោរពវិធានការ៣កុំ និង៣ការពារ ដើម្បីកាត់ផ្តាច់ជំងឺដ៏កាចសាហាវកូវីដ-១៩

កំពង់ឆ្នាំង៖ នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ដោយមានការចូលរួមពីលោក អ៊ុក សារុន សមាជិក ក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជនខេត្ត ជូនដល់គ្រួសារកំពុងធ្វើចត្តាឡីស័កនៅតាមខ្នង ផ្ទះចំនួន ២០គ្រួសារ ស្ថិតនៅក្នងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ លោក  អម សុភា បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ និងពាំនាំនូវប្រសាសន៍  ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកនាយករដ្ឋមន្ត្រី លោក ស្រី ប្រធានកាកបាទក្រហមកម្ពុជា លោក គង់ សំអុល អ្នកតំណាង រាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងស្រុកបរិបូណ៌ និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលកន្លងមកតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ គ្រប់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។ពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដែលមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័ក មិនអាចចេញក្រៅបាន។ 

លោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កត្រូវអនុវត្តវិធានការ ការពារ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល អោយបានត្រឹមត្រូវ ព្រមទាំងអនុវត្តអោយបានត្រឹមត្រូវតាមវិធាន នៃការធ្វើចត្តាឡីស័ក ជាពិសេសអនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលគឺ« ៣ការពារ និង៣កុំ» ដើម្បីចូលរួមបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះជាបន្តបន្ទាប់ទៀត។

ក្នុងឱកាសនោះលោក អម សុភា  ព្រមទាំងអាជ្ញាធរដែនដី បានឧបត្ថម្ភនាំអំណោយរបស់រាជរដ្ឋាភិបាល ជូន ប្រជាពលរដ្ឋ២០គ្រួសារ ដោយក្នុង០១គ្រួសារ ទទួលបានអង្ករចំនួន២០ គីឡូក្រាម គុយទាវ ០១ប្រអប់ ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងប្រេងឆា០១ដប ផងដែរ៕






No comments:

Post a Comment