Friday, July 30, 2021

លោកស្រី មិថុនា ភូថង ដឹកនាំកិច្ចប្រជុំរៀបចំផែនការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវជន

កោះកុង÷ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំរៀបចំផែនការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវជន ដែលមានអាយុចាប់ពីអាយុ១២ឆ្នាំ រហូតដល់ក្រោមអាយុ១៨ឆ្នាំ នៅទូទាំងខេត្តកោះកុង។

ក្នុងនោះ លោកស្រីអភិបាលខេត្ត សូមឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ក្នុងការសហការ សម្របសម្រួល ធ្វើយ៉ាងណាឱ្យបានល្អដូចអ្វីដែលបានកំណត់ក្នុងផែនការរួមដែលបានលើកឡើងទាំងទីតាំង និងពេលវេលា ជាមួយនឹងលក្ខខណ្ឌមួយចំនួន ដែលបានកំណត់ដោយក្រសួងសុខាភិបាល។ មួយវិញទៀតអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់មាតា បិតា និងអាណាព្យាបាល ដើម្បីនាំកុមារ និងយុវជនទាំងអស់ដែលមានអាយុចាប់ពីអាយុ១២ឆ្នាំ រហូតដល់ក្រោមអាយុ១៨ឆ្នាំ នៅក្នុងភូមិ ឃុំ សង្កាត់ ក្រុង ស្រុកទាំងអស់ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាដោយស្ម័គ្រចិត្ត។ 

ដោយឡែកក្រុមគ្រូពេទ្យ និងអ្នកពាក់ព័ន្ធ ត្រូវរៀបចំ និងសម្របសម្រួលយ៉ាងណា ដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំង និងរក្សាគម្លាតសុវត្ថិភាព រវាងក្រុមគ្រូពេទ្យ និងមាតា បិតា អាណាព្យាបាល ជៀសវាងការចម្លងជំងឺកូវីដ-១៩។ ជាមួយគ្នានេះផងដែរ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ឱ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទ ដែលតា(Delta)៕





No comments:

Post a Comment