Friday, July 30, 2021

ពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីជាប្រព័ន្ធស្ថិតក្នុងស្រុកទឹកផុស

កំពង់ឆ្នាំង៖ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ មានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីជាប្រព័ន្ធស្ថិតក្នុងភូមិក្រាំងម៉ ឃុំតាំងក្រសាំង ស្រុកទឺកផុស ខេត្តកំពង់ឆ្នាំង ក្រោមវត្តមានរបស់លោក សូត្រ សង់ អភិបាលស្រុកទឹកផុស និងមានការចូលរួមពី លោក សុខ សម្បត្តិ ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីនៃរដ្ឋបាលស្រុក ព្រមទាំងលោក លោកស្រីមន្ត្រីបច្ចេកទេសនៃក្រុមទី១ តំណាងធនាគារអាជ្ញាធរ ភូមិ ឃុំនិងប្រជាពលរដ្ឋប្រមាណ៧០នាក់។

លោក សុខ សម្បត្តិ ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីនៃរដ្ឋបាលស្រុកទឹកផុស និងជាប្រធានក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្រុមទី១បានអោយដឹងថា ការប្រកាសបិទផ្សាយជាសាធារណ: នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីសម្រាប់ភូមិក្រាំងម៉ មាន៦៥២គ្រួសារ ដោយកំណត់ព្រំប្រទល់មានចំនួន ២៣៧៧ ក្បាលដី និងប្រមូលទិន្នន័យចំនួន ២៣៧៧ក្បាលដីក្នុងនោះមាន ដីកសិកម្មចំនួន ២០៧៨ ក្បាលដី ដីលំនៅឋានចំនួន ២៩៦ ក្បាលដី ដីអណ្តូង ចំនួន ០១ក្បាលដី និងដីទូលអ្នកតាចំនួន ០២ក្បាលដី ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក សូត្រ សង់ បានធ្វើការកោតសរសើរដល់ក្រុមការងារនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរីយោដី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចបំរើសេវាសាធារណៈជូនប្រជាពលរដ្ធបានយ៉ាងល្អប្រសើរ។ 

លោក សូត្រ សង់ បានមានប្រសាសន៍បន្តថា៖ ការបិទផ្សាយនាពេលនេះគឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដោយភ្ជាប់មកនូវឯកសារដូចជាចុងសន្លឹកចេញដោយក្រុមការងារ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារជាដើមយកមកធ្វើការផ្ទៀងផ្ទាត់អំពីទំហំ រូបរាងក្បាលដី រឺឈ្មោះរបស់បងប្អូន ពីព្រោះការបិទផ្សាយមានរយះពេលតែ១៥ថ្ងៃប៉ុណ្ណោះដោយរាប់ទាំងថ្ងៃឈប់សម្រាក ហើយបងប្អូនអាចមានសិទ្ធិប្តឹងតវ៉ានិងកែតម្រូវឡើងវិញក្នុងពេលបិទផ្សាយនេះ ។

លោក សូត្រ សង់ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាពរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំដោយការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ដើម្បីការពារខ្លួនកុំអោយឆ្លងរោគ ពិសេសមេរោគកូវីដ-១៩ ដោយអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាល និង អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល (៣ការពារ និង៣កុំ) ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះគ្រប់ៗគ្នា៕






No comments:

Post a Comment