Thursday, July 29, 2021

កិច្ចប្រជុំពិនិត្យពិភាក្សា លើយន្តការនៃការបង្កើតគណៈកម្មការចំនួន២ស្ដីពីការទប់ស្កាត់និងការបង្រ្កាបការធ្វើអាជីវកម្មខុសច្បាប់ក្នុងវិស័យរ៉ែ និងជលផលក្នុងខេត្តកំពត

កំពត÷ ដើម្បីជំរុញការអនុវត្តច្បាប់ ឲ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ក៏ដូចជា ការធានាបាននិរន្តរភាពនិងប្រមូលប្រភពចំណូលចូលថវិការដ្ឋឲ្យបានកាន់តែប្រសើរឡើងថែមទៀត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្តកំពត បានបើកកិច្ចប្រជុំត្រួតពិនិត្យពិភាក្សា និងកែសម្រួលខ្លឹមសារលើយន្តការនៃរបៀបវារៈចំនួន២គឺ៖ 

ទី១.សេចក្ដីសម្រេចស្តីពីការបង្កើតគណៈកម្មការចម្រុះពិនិត្យទប់ស្កាត់ការធ្វើអាជីវកម្មធនធានរ៉ែ និងការដឹកជញ្ជូនរ៉ែខុសច្បាប់។

ទី២.សេចក្ដីសម្រេចស្តីពីការបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ បង្រ្កាបបទល្មើសជលផលគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តកំពត។ 

កិច្ចប្រជុំធ្វើឡើងក្រោមធិបតីភាពលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពី អភិបាលរងខេត្ត អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងកងកម្លាំងទាំងបីក្នុងខេត្ត ផងដែរ។

លោក ជាវ តាយ បានបញ្ជាក់ថា បញ្ហាការងារគ្រប់គ្រងអាជីវកម្ម និងការប្រមូលថវិការចូលរដ្ឋក៏ដូចជាការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងវិស័យរ៉ែ និងវិស័យជលផលក្នុងភូមិសាស្ត្រខេត្តកំពត កន្លងមកមានលក្ខណៈល្អប្រសើរ។ តែទោះបីយ៉ាងណា បញ្ហាបាតុភាព អសកម្មទាំងឡាយពីវិស័យរ៉ែនិងជលផលក្នុងភូមិសាស្ត្រខេត្ត តែងកើតមានឡើង ជាបន្តបន្ទាប់ គឺផ្ដើមចេញពីបុគ្គលមិនគោរពច្បាប់មួយចំនួន បានធ្វើសកម្មភាពរំលោភបំពានមិនកោតក្រែងច្បាប់កំណត់។ 

ដូច្នេះកិច្ចប្រជុំពេលនេះ ពិតជាមានសារៈសំខាន់ ដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងកែសម្រួលលើខ្លឹមសារនៃយន្តការសេចក្ដីសម្រេចទាំងពីរខាងលើនេះ ដើម្បីផ្ដល់ជូនលទ្ធភាពឲ្យក្រុមការងារសហការគ្នាបំពេញបេសកកម្មការងារ ក្នុងវិស័យរ៉ែ និងជលផលនេះឲ្យបានកាន់តែរលូន និងប្រកបដោយមានប្រសិទ្ធភាពនៅក្នុងភូមិសាស្ត្រខេត្តកំពត បន្ថែមទៀត៕







No comments:

Post a Comment