Thursday, July 01, 2021

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រទេសខ្លះនៅក្នុងតំបន់របស់យើងបានបិទប្រទេស ប៉ុន្តែពុំបាននាំមកនូវការថយចុះនៃចំនួនអ្នកឆ្លងនិងអ្នកស្លាប់ទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសង្កត់បញ្ជាក់ថា ប្រទេសខ្លះនៅក្នុងតំបន់របស់យើង បានបិទប្រទេស ប៉ុន្តែការបិទប្រទេសនោះ គឺពុំបាននាំមកនូវការថយចុះ នៃចំនួនអ្នកឆ្លង និងអ្នកស្លាប់ទេ។ សូម្បីតែនៅជុំវិញយើង ឡាវ ចាត់ទុកថាជាប្រទេសដែលគ្រប់គ្រងបានល្អ ក៏ប៉ុន្តែ ឡាវ ក៏បានឆ្លងចូលក្នុងសហគមន៍រួចស្រេចទៅហើយ ហើយការបិទទីក្រុងវៀងច័ន្ទ និងទីក្រុងផ្សេងទៀត ប៉ុន្តែកាលពីម្សិលមិញ ឡាវនៅតែមានការឆ្លងរហូតដល់២០នាក់។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា សម្រាប់ប្រទេសវៀតណាម ម្សិលមិញនេះ ឆ្លងទៅរហូតដល់៤៥០នាក់ វៀតណាម ក៏ធ្លាប់មានការឆ្លងរហូតដល់ជាង៨០០នាក់ក្នុងមួយថ្ងៃ ក្នុងចំនួននេះ គឺជាងពាក់កណ្តាលគឺកើតនៅទីក្រុងហូជីមិញ។ ចំនួនឆ្លងថ្មីនៅវៀតណាមយប់មិញនេះ គឺ១៨៩នាក់។ លោកបន្តថា សម្រាប់ថៃវិញ កាលពីម្សិល មានចំនួនអ្នកឆ្លង ៤៨៨៦នាក់ និងស្លាប់៥៣នាក់។ ឯសម្រាប់យើង ឆ្លង១១៣០ និងស្លាប់២៧នាក់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់បញ្ជាក់ថា នៅលើពិភពលោកយើងនេះ មិនទាន់មានប្រទេសណាដែលថាមិនទាន់ឆ្លងក្នុងសហគមន៍នោះទេ។ ដូច្នេះមានតែការយកវិធានការការពារ និងអនុវត្តដោយស្មារតីប្រុងប្រយ័ត្នខ្ពស់តែប៉ុណ្ណោះ ប៉ុន្តែយើងក៏ត្រូវរៀនសូត្រពីការគ្រប់គ្រងការឆ្លងពីប្រទេសជិតខាងយើងផងដែរ៕







No comments:

Post a Comment