Thursday, April 30, 2020

លោកស្រី ម៉ែន សំអន អញ្ជើញចែកអំណោយនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៥៦គ្រួសារ នៅឃុំសង្កែ

ស្វាយរៀង៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិងសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៥៦គ្រួសារ នៅឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
ថ្លែងក្នុងឱកាសនោះលោកស្រី ម៉ែន សំអន ក៏បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី និងភរិយា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំង ដោយក្តីនឹករលឹក ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ការចែកជូនអំណោយនាថ្ងៃនេះក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល» និង«ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា»។
លោកស្រី ម៉ែន សំអន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវ៖
ទី១- ប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩។ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានមក្រិតតិចក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន ១២២នាក់ អ្នកជាសះស្បើយមានចំនួន ១១៩នាក់ និងពុំមានអ្នកស្លាប់នោះទេ។
ទី២- យើងទាំងអស់គ្នាត្រូវជម្រុញការងារកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វនៅក្នុងមូលដ្ឋាន ជាពិសេសត្រូវរក្សាទុក្ខនូវស្បៀងអាហារដូចជា អង្ករ អំបិល ប្រហុក ត្រី សាច់ ។ល។ ប្រសិនបើជំងឺកូវីដ១៩នេះនៅតែអូសបន្លាយ។
ទី៣- ត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោគដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់និងការបាត់បង់អាយុជីវិតនៅលើដងវិថីផងដែរ។
អំណោយរបស់លោកស្រី ប៊ុន រ៉ានី ដែលបានចែកជូនទាំង ៥៤ គ្រួសារ នាពេលនេះរួមមាន៖ ចាស់ជរា ២១ គ្រួសារ ជនពិការ ៣ គ្រួសារ និងទីទ័លក្រ ៣០ គ្រួសារ មកពី ៤ឃុំ នៃស្រុករំដួល ក្នុង ១គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង សាប៊ូ ២ ដុំ ក្រម៉ា ១ ថវិកាធ្វើដំណើរ៤ម៉ឺនរៀល៕




No comments:

Post a Comment