Thursday, April 30, 2020

លោកឧបនាយករដ្ឋមន្រ្តី ស ខេង៖ មូលហេតុដែលត្រូវតែអនុវត្តវិធានការណ៍រឹតបន្តឹងច្បាប់ចរាចរណ៍គឺដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងយ៉ាងគំហ៊ុកក្នុងពេលកន្លងទៅ

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ចាប់ពីម៉ោង០០:០០នាទីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០នេះតទៅ រាជរដ្ឋាភិបាល នឹងចាប់ផ្តើមរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមរយៈការធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការផាកពិន័យអន្តរការណ៍ថ្មី ដើម្បីធានាការពារអាយុជីវិត ផលប្រយោជន៍ និងសុវត្ថិភាពសង្គម។ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីណែនាំអំពីរបៀបរបបធ្វើការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ចំណុះក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ លោក ស ខេង បានមានប្រសាសន៍ថា ចាប់ពីម៉ោង០០៖០០ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះតទៅ សមត្ថកិច្ចនឹងចាប់ផ្តើមអនុវត្តរឹតបណ្តឹងច្បាប់ចរា​ចរណ៍ផ្លូវគោក ដែលទើបតែធ្វើវិសោធនកម្មថ្មីលើអនុក្រឹត្យស្តីពីការផាកពិន័យអន្តរការណ៍។
ជាងនេះទៀត លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានបញ្ជាក់ថា មូលហេតុដែលត្រូវតែអនុវត្តវិធានការណ៍នេះគឺដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងយ៉ាងគំហ៊ុកក្នុងពេលកន្លងទៅ ដែលបានបណ្ដាលឱ្យមានអ្នកស្លាប់ របួស និងពិការជាច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ លោក ស ខេង បានមានប្រសាសន៍ថា «មូលហេតុអីបានជាយើងរឹតបណ្តឹងការអនុវត្តច្បាប់? ហើយក្នុងគោលបំណងអ្វី?…មូលហេតុដូចយើងបានដឹងទាំងអស់ហើយថា គ្រោះថ្នាក់ចរា​ចរណ៍ឆ្នាំ២០១៩ កន្លងទៅនេះ មានការកើនឡើងជាគំហ៊ុក ហើយភាគច្រើនអ្នកប្រើប្រាប់ផ្លូវមិនបានគោរពច្បាប់បានត្រឹមត្រូវនៅឡើយ»។
លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានមានប្រសាសន៍បញ្ជាក់ថា ការខាតបង់នៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺមានភាពធ្ងន់ធ្ងរណាស់ដែលបណ្តាលឲ្យបាត់បង់អាយុជីវិត បង្កទុក្ខលំបាកដល់ក្រុមគ្រួសារ និងបង្កឱ្យមានកុមារកំព្រានិងការវិនាសព្រាត់ប្រាស់គ្រួសារ ខាតបង់ទ្រព្យសម្បត្តិគ្រួសារ និងទ្រព្យសម្បត្តិសាធារណៈព្រមទាំងបានបន្សល់ជាបន្ទុកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិផងដែរ៕

No comments:

Post a Comment