Thursday, April 30, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកថាត្រូវតែមានឯកសារចាំបាច់បំផុតគ្រប់ពេលវេលានៃការបើកបរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ឯកសារចាំបាច់បំផុតត្រូវមានក្នុងពេលបើកបរ ដែ​លមិនអាចអត់បាន គឺឆៀក រថយន្ដ និងបណ្ណបើកបរជាដើម។ នៅក្នុងបណ្តាញសង្កមហ្វេសប៊ុករបស់លោក ហ៊ុន សែន នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងពេ​លសមត្ថកិច្ចកំពុងរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រជាពលរដ្ឋ និងក្មួយៗត្រូវយកចិត្តទុកដាក់ពិនិត្យរថយន្តរបស់ខ្លួនថា តើដល់ថ្ងៃឆៀកហើយឬនៅបើដល់ហើយត្រូវយកទៅឆៀកឲ្យបានទាន់ពេលចៀសវាងការផាកពិន័យក្នុងពេលបើកបរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ដថា ព្រោះតម្រូវការឆៀកនេះដើម្បីធានាសុវត្ថិភាពរថយន្តក្នុងពេលបើកបរ ដោយមិនបង្កគ្រោះថ្នាក់ផ្សេងៗនិងបង្កការបំពុលបរិស្ថានជាដើម។ លោ​ក​បានបន្ថែមថា «ទន្ទឹមនឹងនេះដែរ បងប្អូនត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួនគ្រប់ពេលក្នុងពេ​ល​បើកបរ។ ប្រសិនបើប័ណ្ណបើកបរផុតកំណត់គឺត្រូវបន្តសុពលភាពឡើងវិញ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ហាមដាច់ខាតបញ្ជាយានយន្តនៅលើដងផ្លូវដោយគ្មានប័ណ្ណ ឬប័ណ្ណបើកបរផុតកំណត់ដោយមិនបានបន្តឲ្យបានត្រឹមត្រូវតាមច្បាប់ដែលអាចប្រឈមនឹងការផាកពិន័យធ្ងន់ធ្ងរ។ បន្ថែមពីនេះ លោក ក៏បានជូនពរប្រជាពលរដ្ឋខ្មែរ មា​នសុវត្ថិភាពក្នុងការបើកបរនៅទូទាំងប្រទេស ហើយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

No comments:

Post a Comment