Thursday, April 30, 2020

«ច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ហើយ

ទីបំផុតទៅ «ច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» ដែលជាច្បាប់ថ្មីសន្លាងនៅក្នុងប្រទេស​កម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២០​នេះ។ ច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ដោយប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ។
រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន កាលពីខែមេសា ឆ្នាំ២០២០កន្លងទៅនេះ បានចាប់ផ្តើមរៀបចំ និងតាក់តែងឡើងនូវច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ចំពេលប្រទេសកម្ពុជារងការរាតត្បាតនៃជំងឺកូវីដ១៩។ ច្បាប់នេះត្រូវបានរៀបចំឡើងក្នុងល្បឿនមួយយ៉ាងលឿន ហើយត្រូវបានរដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញអនុម័តជាបន្តបន្ទាប់​ត្រឹមរយៈពេលតែមួយខែប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី​ ធ្លាប់បានគូសបញ្ជាក់ថា ច្បាប់នេះគឺជាឧបករណ៍ផ្នែកច្បាប់ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការគ្រប់គ្រងប្រទេសនៅពេលមានគ្រោះអាសន្នផ្សេងៗ ខណៈបច្ចុប្បន្នកម្ពុជាមិនទាន់មានច្បាប់សម្រាប់ការគ្រប់គ្រងប្រទេសពេលមានអាសន្ននៅឡើយ។
រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានអះអាងថា ច្បាប់ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្មារតីនៃមាត្រា ២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា «នៅ​ពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធា​រណៈ ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។
ច្បាប់ថ្មីនេះ ក៏ផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា ២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។
ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក៏កំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។
ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន បានបញ្ជាក់ថា ការដាក់ប្រទេសជាតិក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខ នឹងគ្រោះថ្នាក់ជាអាទិ៍, គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស, គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ, ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់​ធ្នាប់​សាធា​រណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់​កម្រិត​ទូទាំងប្រទេស។
ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មានចំនួន ៥ជំពូក និងចែកចេញ ១២​មាត្រា។ មាត្រា៤ ជំពូកទី៣ បានកំណត់ថា នៅពេលប្រទេសជាតិ ត្រូវបានប្រកាសដាក់ស្ថិតនៅក្នុងភាពអាសន្ន រាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញវិធានដូចខាងក្រោម៖
១៖ ហាមឃាត់ ឬ កម្រិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ។
២៖ ហាមឃាត់ ឬ កម្រិតសិទ្ធិសេរីភាពក្នុងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស។
៣៖ ហាមឃាត់ ឬ កម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរ។
៤៖ ហាមឃាត់ ឬ កម្រិតមិនឱ្យបុគ្គលចេញពីលំនៅឋាន ឬ ទីសំណាក់ណាមួយ។
៥៖ ដាក់ចេញវិធានការចត្តាឡីស័ក ឬ ការដាក់ឱ្យនៅដោយឡែកក្នុងករណីគ្រោះអាសន្នបន្ទាន់ ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ។
៦៖ ដាក់ចេញវិធានការទាក់ទងនឹងកំណែន និងជម្លៀសពលរដ្ឋ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
៧៖ ដាក់ចេញវិធានការទាក់ទងនឹងកំណែន ដកហូត គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិ និងសេវា ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។ នីតិវិធីនៃការធ្វើកំណែន និងសំណងត្រូវកំណត់ដោយរាជរដ្ឋាភិបាល។
៨៖ ដាក់ចេញវិធានការទាក់ទងនឹងការបិទទីតាំងសាធារណៈ ឬឯកជនណាមួយ ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
៩៖ ដាក់ចេញវិធានការទាក់ទងនឹងការបិទទីតាំងសាធារណៈ ឬឯកជនណាមួយ ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
១០៖ ដាក់ចេញនូវវិធានការឃ្លាំមើល និងតាមដានគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព ក្នុងគោលបំណងឆ្លើយតបចំពោះភាពអាសន្ន។
១១៖ ហាមឃាត់ ឬ ការកម្រិតការចែកចាយ ឬ ការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឱ្យមានការភ័យខ្លាចដល់សាធារណជន ឬ ចលាចល ឬ ដែលនាំឱ្យខូចខាតដល់សន្តិសុខជាតិ ឬ ធ្វើឱ្យមានការភាន់ច្រឡំអំពីស្ថានភាពនៃភាពអាសន្ន។
១២៖ ដាក់ចេញវិធានការដទៃទៀតដែលសមស្រប និងចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។ ក្នុងមាត្រានេះ បានចែងទៀតថា វិធានការអនុវត្តពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចត្រូវបានដាក់ចេញសម្រាប់ទូទាំងប្រទេស ឬ ដែនដីកំណត់ជាក់លាក់ណាមួយ។ ក្នុងករណីចាំបាច់ រាជរដ្ឋា​ភិបាល​អាចបង្កើតយន្តការ ឬប្រគល់សិទ្ធិអំណាចទៅអាជ្ញាធរមានសមត្ថកិច្ចណាមួយ ឬប្រើប្រាស់​កងកម្លាំង​ប្រដាប់អាវុធ ដើម្បីធានាដល់ការអនុវត្តវិធានការខាងលើ។
ក្នុងពេលសង្គ្រាម ឬ ក្នុងកាលៈទេសដទៃទៀតដែលសន្តិសុខជាតិប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នអាចធ្វើឡើងតាមរបបអាជ្ញាសឹក។
នៅក្នុងមាត្រា៧ ក្នុងជំពូកទី៤ និយាយពីទោសប្បញ្ញត្តិ បានចែងថា អំពើដោយចេតនារារាំង ឬ បង្កឧបសគ្គដល់កិច្ចប្រតិបត្តិការឆ្លើយតបចំពោះភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់​ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ដល់ ៥លានរៀល។ ចំពោះអំពើរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ កាលបើអំពើនេះ នាំឱ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ។
ក្នុងមាត្រា៨ នៃជំពូកដដែល បានចែងថា អំពើដោយចេតនាមិនគោរពវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលដែលមានចែងក្នុងមាត្រា៥ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់​ពី ១០ម៉ឺនរៀល ដល់ ១លានរៀល។ ដោយឡែកអំពើមិនគោរពតាមវិធានការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល កាលបើអំពើនេះនាំឱ្យមានចលាចលជាសាធារណៈ។
ដោយឡែកនីតិបុគ្គលដែលមានចេតនារារាំង ឬ បង្កឧបសគ្គដល់កិច្ចប្រតិបត្តិការឆ្លើយតបចំពោះភាពអាសន្ន ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែងក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ដោយត្រូវផន្ទាទោសពិន័យជាប្រាក់ពី ១០០លានរៀល ដល់ ១,០០០​លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬ ច្រើនដូចមានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ។
រីឯនីតិបុគ្គលដែលប្រព្រឹត្តអំពើដោយចេតនាមិនគោរពវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលដែលមានចែងក្នុងមាត្រា៥ ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែងក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ដោយត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០លានរៀល ដល់ ៥០០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ណ។
ច្បាប់នេះ ក៏បាននិយាយពីការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច ពេលប្រទេសត្រូវដាក់ក្នុងភាពមានអាសន្នផងដែរ។ មាត្រា១០ ក្នុងជំពូក៤ បាននិយាយថា មន្ត្រីមានសមត្ថកិច្ចដែលប្រើប្រាស់សិទ្ធិអំណាចតាមទំនើងចិត្តដោយរំលោភបំពាំនខុសពីគោលបំណងនៃច្បាប់ ហើយបង្កការប៉ះពាល់ដល់រូបរាងកាយ ឬការខូចខាតដល់ទ្រព្យសម្បត្តិរបស់បុគ្គលដទៃត្រូវទទួលខុសត្រូវចំពោះអំពើ ដែលខ្លួនបានប្រព្រឹត្តស្របតាមច្បាប់របស់កម្ពុជា៕








No comments:

Post a Comment