Monday, August 26, 2019

លោកស្រី Elena EDGAR កោតសរសើរពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សកម្ពុជាក្នុង ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកស្រី Elena EDGAR ភរិយាលោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែល​ចប់អាណត្តិ បានថ្លែងនូវការកោតសរសើរ ជាពិសេសចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនរប​ស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកស្រី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសចូលជួបសវនាការ និងសម្តែងការគួរសម ក្នុងឱកាសជម្រាបលា របស់ លោកស្រី Elena EDGAR ភរិយាលោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែលចប់អាណត្តិ ជាមួ​យលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ទន្ទឹមនឹងនេះ លោកស្រី  Elena EDGAR បានថ្លែងនូវការកោតសរសើរចំពោះសកម្មភាពមនុ​ស្សធម៌ដ៏ថ្លៃថ្លារប​ស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលបានលះបង់ពេលវេ​លា និងធន​ធា​នផ្ទាល់ខ្លួនចុះសួរសុ​ខទុក្ខដោយផ្ទាល់ និងជួយ​សម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និ​ងងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែង ដែលសកម្មភាពទាំងអស់នេះ លោកស្រី​ តែងតែ​តាមដានជាប់ជានិច្ចតាមរយៈ​សារព័ត៌មាននានា ឬគេហទំព័ររបស់កាកបាទក្រហមកម្ពុជា​។
ក្នុងបរិយាកាសដ៏សោមនស្សរីករាយនោះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវកិច្ចស្វា​គមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Elena EDGAR និងបានរំលឹកពីអនុស្សាវរីយ៍ជាច្រើនក្នុងកំឡុងពេលបំពេញបេសកកម្មការទូតរបស់លោក George EDGAR អស់រយៈពេល ៤ឆ្នាំ នៅក្នុងប្រទេសកម្ពុជា។ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំផ្ញើតាមរយៈលោកស្រី Elena EDGAR សូមថ្លែងអំណរគុណចំពោះលោក George EDGAR ដែលបានជួយជ្រោមជ្រែង និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងនាម លោកដែលជាមន្ត្រីការទូតរបស់ស​ហភាពអឺរ៉ុប បានបង្ហាញពីភាពច្បាស់លាស់ និងតថភាពរបស់ប្រទេសកម្ពុជាថា ពិតជាមានការអភិវឌ្ឍគួរឱ្យ​កត់សម្គាល់ និងសូមជូនពរលោកអគ្គរដ្ឋទូតនិងភរិយា ឱ្យទទួលបានជោ​គជ័យក្នុងដំណើរទស្សនកិច្ច និងក្នុងពេលបំពេញបេសកម្មការទូតនៅប្រទេសដទៃទៀត។

សូមបញ្ជាក់ថា ពីឆ្នាំ ២០០១-២០១១ កាកបាទក្រហមកម្ពុជា បានទទួលជំនួយពីការិយាល័យមនុស្សធម៌របស់សហគមន៍អឺរ៉ុប (អេកូ ECHO) និង (ឌីប៉េកូ DIPECHO) តាមរយៈ​សហគមន៍អឺរ៉ុបនូវថវិកាសម្រាប់ការអនុវត្តគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមសហគមន៍នៅតាមខេត្តចំនួន ៩ (កំពង់ចាម ព្រៃវែង កណ្តាល កំពត កំពង់ស្ពឺ ក្រចេះ ពោធិ៍សាត់ ស្វាយរៀង និងតាកែវ) នូវថវិកាសរុបជាង ២លាន​យូរ៉ូ សម្រាប់គ្រួសារទទួលផលចំនួន ១៨,៤៤១​គ្រួសារ។ ឆ្នាំ ២០១១-២០១២ គម្រោងជួយជន​រងគ្រោះ​ដោយទឹកជំនន់នៅ ៤ខេត្ត (កំពង់ធំ កំពង់ចាម ព្រៃវែង និងកណ្តាល) មានទឹកប្រាក់ជាង ៨៦ម៉ឺនយូរ៉ូ សម្រាប់គ្រួសារទទួលផលចំនួន​ ៩,៩០០គ្រួសារ។ ឆ្នាំ ២០១៦-២០១៧ គម្រោងកសាងភាពធន់នៅខេត្តបន្ទាយមានជ័យមានទឹកប្រាក់ជាង ១៥ម៉ឺនដុល្លារ សម្រាប់គ្រួសារទទួលផលចំនួន​ ៣,០៤១គ្រួសារ៕














No comments:

Post a Comment