Monday, August 26, 2019

អភិបាលខេត្តព្រះសីហនុ ណែនាំដល់មន្ត្រីអនុវត្តច្បាប់ ត្រូវយកចិត្តទុកដាក់ ពង្រឹងការពារសន្តិសុខ និងសុវត្ថិភាពសាធារណៈ

ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ  បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត ដោយផ្តោតសំខាន់លើការងារសន្តិសុខ សុវត្ថិភាពសាធារណៈ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩  មានការចូលរួមពីប្រធានមន្ទីរអង្គភាព អភិបាល អភិបាលរងក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធ ។

 សូមជម្រាបផងដែរថា បន្ទាប់ពីស្ដាប់របាយការណ៍របស់មន្ទីរ អង្គភាពនានា និងកងកម្លាំងប្រដាប់អាវុធ  រួចមក លោក គួច ចំរើន អភិបាល  នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់ ពង្រឹងការងារត្រូវពិនិត្យរដ្ឋបាលចំហរ នៅតាមកន្លែងស្នាក់នៅអចិន្ត្រៃយ៏របស់ជនបរទេស ត្រួតពិនិត្យអាវុធ ជាតិផ្ទុះ និងត្រួតពិនិត្យជាតិអាកុល ចំពោះអ្នកបើកបរគ្រប់ប្រភេទ ចាប់ពីទោចចក្រយានយន្ត និងយានយន្តគ្រប់ប្រភេទនៅតាមចំណុចគោលដៅ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ។ 


ជាពិសេសអ្នកវិនិយោគគិនក្នុងខេត្តព្រះសីហនុ អោយមានជំនឿ និងទំនុកចិត្តមករកស៊ីបណ្តាក់ទុននៅខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត ។ លោកអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីចរាចរណ៍ផ្លូវគោក ត្រូវពិនិត្យលើយានយន្តដែលគ្មានស្លាកលេខ  គ្រប់ភេទ ត្រូវធ្វើការឃាត់ទុក  ហើយបញ្ជូនទៅឱ្យជំនាញ  នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ យកទៅរក្សាទុក ។ 

នៅពេលម្ចាស់យកស្លាកលេខបំពាក់រួចរាល់ ទើបឱ្យធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ  ដើម្បីឱ្យសមត្តកិច្ចរបស់យើងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងយានយន្ត  ដែលធ្វើចរាចរណ៍ក្នុងក្រុង ខេត្តព្រះសីហនុ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះសីហនុ ។  ព្រោះគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមមួយខ្លាំង  សម្រាប់ខេត្តព្រះសីហនុ  នាពេលបច្ចុប្បន្ន  ដោយសារតែកំណើន នៃការដឹកជញ្ជូនពីមួយថ្ងៃទៅមួយថ្ងៃ  មានការកើនឡើងយ៉ាងខ្លាំង  គួរឱ្យកត់សម្គាល់ ស្របពេលដែលខេត្តព្រះសីហនុ  កំពុងមានសកម្មភាពអភិវឌ្ឍន៍យ៉ាងលឿន នូវអគារពាណិជ្ជកម្ម សណ្ឋាគារ និងផ្ទះសំណាក់ ជាច្រើនសន្ធឹកសន្ធាប់  នាពេលបច្ចុប្បន្ននេះ ៕





No comments:

Post a Comment