Monday, August 26, 2019

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ កំណត់របៀបវារះសំខាន់៣ចំណុច ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងដាក់ចេញផែនការអនុវត្តថ្មីៗ

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ដើម្បីត្រួតពិនិត្យសកម្មភាពការងារកន្លងមក និងដាក់ចេញផែនការអនុវត្តថ្មីៗសម្រាប់អនុវត្តជាបន្តទៀត។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោកស្រី តុង ណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោកស្រី ប៉ាល់ យឿន អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីកញ្ញា ជួន វឌ្ឍនារី អនុប្រធានមន្ទីរកិច្ចការនារីខេត្ត សមាជិក សមាជិកា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត មកពីមន្ទីរ អង្គភាព ការិយាល័យជំនាញពាក់ព័ន្ធ អង្គការដៃគូ ដែលមានកិច្ចសហប្រតិបត្តិការចូលរួមផងដែរ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១. មតិស្វាគមន៍របស់ប្រធានអង្គប្រជុំ
២. អានសេចក្តីព្រាង និងកំណត់ហេតុ កិច្ចប្រជុំ ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែ ពិនិត្យ និងអនុម័តផែនការសកម្មភាព
៣. ពិនិត្យ និងស្ដាប់របាយការណ៍លទ្ធផលការងារពាក់ព័ន្ធបញ្ហាស្ត្រី កុមារ យុវវ័យ និងជនងាយរងគ្រោះ របស់មន្ទីរ អង្គភាព ការិយាល័យជំនាញ អង្គការដៃគូពាក់ព័ន្ធផ្សេងៗ។

បន្ទាប់ពីស្ដាប់របាយការណ៍របស់អង្គប្រជុំរួចមក លោកស្រី តុង ណារី បានមានប្រសាសន៍ថា ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូន សមាជិកទាំងអស់ត្រូវមានការសហការគ្នាឱ្យខ្លាំងជាងនេះបន្តទៀត ជាពិសេសសហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំ ងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗផងដែរ៕


No comments:

Post a Comment