Monday, August 26, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅក្នុងឆ្នាំ ២០២៥ កម្ពុជានឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមានទិសដៅ នៅក្នុងឆ្នាំ ២០២៥ នេះ នឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់នៅកម្ពុជា ជាមួយនេះដែរ រាជរដ្ឋាភិបាល ក៏មានមហិច្ឆិតាធ្វើយ៉ាងណាកែប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមួយដែលមិនមានផ្សែងបារី។ លោកបានលើកឡើងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩  ក្នុងឱកាសទទួលជួបពិភា​ក្សាការងារជាមួយ លោកវេជ្ជបណ្ឌិត Takeshi Kasai នាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅវិមានសន្តិភាព រាជធានីភ្នំពេញ​។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ក៏បានជម្រា​បជូន លោកវេជ្ជ​ប​ណ្ឌិត Takeshi Kasai ជា​មួយនឹងប្រតិភូផងដែរថា កម្ពុជាកំពុងតែអនុវត្តនូវកម្មវិធីរបបសន្តិសុខសង្គម ដែលបានជួយដល់ស្ត្រីដែលមានផ្ទៃពោះ ហើយដែលមានជីវភាពក្រីក្រ ក្នុង​នោះកម្ពុជាគឺបានកំពុងតែផ្ដល់នូវប្រាក់ឧបត្ថម្ភដល់ស្ត្រីដែលមានផ្ទៃពោះ តាំងពីពេលចាប់ផ្ដើមមានផ្ទៃពោះរហូតដល់កូនមានអាយុ ២ឆ្នាំ។
លោកវេជ្ជបណ្ឌិត Takeshi Kasai បានគោរពជ​ម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា លោកបានមកកាន់កម្ពុជាកាលពីគ្រាមុនក្នុងទ​សវត្ស៍ឆ្នាំ២០០០ជាង ហើយនៅពេលដែលលោ​កបានមកដល់កម្ពុជាពេលនេះ លោក បានក៏សង្កេតឃើញថាកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជឿនលឿនជាទីបំផុត។ ទន្ទឹមនឹងនេះ លោក បានគោរពថ្លែងអំណរគុណជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការរីកចម្រើន ការវិវឌ្ឍ និងវឌ្ឍនភាពរបស់កម្ពុជា។
លោកវេជ្ជបណ្ឌិត Takeshi Kasai បានមានប្រសាសន៍ថា រាល់ជោគជ័យដែលទទួលបាននេះ ជាពិសេសទទួលបានសម្រេចនូវគោលដៅ ការអភិវឌ្ឍដោយចីរភាព ហើយតាមរយៈនេះដែរប្រជាពលរដ្ឋកម្ពុជានៅពេលនេះមានអាយុវែងជាងកាលពីទសវត្សរ៍មុនៗ។ ជាមួយនេះដែរ លោកវេជ្ជបណ្ឌិត Takeshi Kasa បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា ឥឡូវនេះយើងកំពុងតែស្ថិតនៅដំណាក់កាលអន្តរកាលមួយឆ្លងកាត់ពីការដោះស្រាយបញ្ហាជំងឺរាត​ត្បាតបែបបុរា​ណមកជំងឺបែបសម័យ នោះសោតគឺប្រជាពលរដ្ឋយើងឈានដល់មានជំងឺដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជាដើម ហើយពីនោះទៀតជំងឺដែលមានចរិតពិបាកព្យាបាលជាងមុន ដូចជាជំងឺប៉េស្តជ្រូក និងជំងឺដទៃៗទៀត។ ក្នុងន័យនេះលោកវេជ្ជបណ្ឌិត ក៏បានគោរពជម្រាបជូនលោកនាយករដ្ឋមន្ត្រីផងដែរថា អង្គការ WHO គឺមានជំនឿជឿជាក់លើកម្ពុជា ជាមួយនឹងគោលដៅអភិវឌ្ឍន៍ជាតិដោយចីរភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាមូលដ្ឋានដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍកម្ពុជា។ កម្ពុជានឹងអា​ចឆ្លងផុត និងទទួលបានជោគជ័យលើជំងឺ នាពេលអន្តរកាលនេះ។
លោកនាយករដ្ឋម​ន្រ្តី ហ៊ុន សែន បានសម្តែងនូវការអបអរសាទរជូនចំពោះលោកវេជ្ជបណ្ឌិត Takeshi Kasai ដែលត្រូវបានតែងតាំង និងទទួលតំណែងថ្មីជានាយកអង្គការ WHO នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ។ លោក បានសម្តែងនូវការសប្បាយរីករាយដែលបានធ្វើជាដៃគូដ៏ល្អជាមួ​យនឹងអង្គការ WHO ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អទទួលបានពីប្រទេសជិតខាង។ តាមរយៈនេះហើយ ដែលកម្ពុជាបានទប់ស្កាត់ និងទទួលបានជោគជ័យយ៉ាងច្រើនពាក់ព័ន្ធនឹងបញ្ហាជំងឺដែលមានចរិតជាប្រពៃណី ដែលរួមមានជំងឺស្វិតដៃជើង ជំងឺកញ្ជ្រិល ជំងឺតេតាណូស ជំងឺសារ ជំងឺគ្រុនផ្ដាសាយបក្សី ហើយពាក់ព័ន្ធនឹងជំងឺអេដស៍ កម្ពុជាក៏បានធ្វើការទប់ស្កាត់បានជោគ​ជ័យ ពុំមានការរីករាលដាល ហើយក៏មានការថយចុះផងដែរ។ ពីនោះទៀត ពាក់ព័ន្ធនឹងជំងឺសម័យថ្មីនេះ កម្ពុជាកំពុងតែសហការយ៉ាងល្អសកម្ម ជាមួយនឹងអង្គការ WHO ក៏ដូចជាមួយនឹងបណ្ដាប្រទេសដទៃទៀតដើម្បី ដាក់ចេញនូវវិធានការ ទប់ស្កាត់ ការពារកុំឱ្យជម្ងឺនេះ រីករា​លដាលឬនាំមកដល់បញ្ហា ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជារីករាលដាលដល់ប្រទេសដទៃទៀតផងដែរ។

ដោយឡែកចំពោះ កម្មករនៅតាមរោងចក្រវិញ មានកម្មវិធីជួយឲ្យកម្មករ បានឈប់សម្រាករយៈពេល៣ខែ ដោយបានទទួលនូវប្រាក់ខែ ១២០% នៃប្រាក់ខែដែលត្រូវបាន ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល ក៏បានឧបត្ថម្ភប្រាក់ចំនួន ១០០ដុល្លារ ដល់ស្ត្រីជាកម្មករ ដែលមានកូន១ និង ២០០ ដុល្លារ ដល់កម្មករដែលមានកូនភ្លោះ២។ នេះជាកម្មវិធីរបបសន្តិសុខសង្គម ដែលកម្ពុជាកំពុងតែជំរុញ ហើយតាមរយៈកម្មវិធីនេះរាជរដ្ឋាភិបាលសង្ឃឹមថា នឹងជួយកាត់បន្ថយមិនឱ្យមានជំងឺរាតត្បាតដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះថាបើប្រជាពលរដ្ឋមានអាហារូបត្ថម្ភល្អហើយ គឺជំងឺរាតត្បាតក៏វាត្រូវកាត់បន្ថយផងដែរ ៕




 



No comments:

Post a Comment