Friday, October 19, 2018

លោក ត្រាំ អ៊ីវតឹក អនុញ្ញាតឱ្យឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ចូលជូបសម្ដែងការគួរសម និងពិភាក្សាការ​ងារ នៅទីស្ដីការក្រសួង

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញា​តឱ្យលោកស្រី Tina Redshaw ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលតំណែងថ្មី ចូលជួបសម្ដែងការគួរសម និងពិភាក្សាកាងារ នៅទីស្ដីការក្រសួង។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានបង្ហាញគោលជំហរក្នុងការគាំទ្រ លោក Malcom Johnson ជាបេក្ខភាពសម្រាប់ចូលរួមការបោះឆ្នោត ជាអគ្គលេខា ធិការរងរបស់ ITU ក្នុងឱកាសសន្និសីទពេញអង្គរបស់ ITU ដែលនឹងប្រព្រឹត្ត ទៅនៅទីក្រុងឌូបៃ សហភាពអារ៉ាប់អេមីរ៉េត ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
លោករដ្ឋមន្ត្រី​ ក៏បានជំរាបជូនភ្ញៀវអំពីការវិវត្តនៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT នៅកម្ពុជា ពិសេសការរៀបចំនូវគោលនយោបាយ កំណែទម្រង់ក្នុងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT នៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង ស្របតាមស្ថានភាពវិវត្តជាក់ស្តែង និងឆាប់រហ័សនៃបច្ចេកវិទ្យា។
លោកក៏បានសំណូមពរដល់លោកស្រីឯកអគ្គរាជទូតក្នុងការផ្តល់កិច្ចសហការទៅលើផ្នែកបណ្តុះបណ្តាលដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានជាតិ NIPTICT ដើម្បីបង្កើនធនធានមនុស្សឱ្យចេះជំនាញ បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន និងជំនាញទូរគមនាគមន៍ អោយកាន់តែច្រើនឡើង ស្របតាមយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤។

លោកស្រី ឯកអគ្គរាជទូតអង់គ្លេស បានស្វាគមន៍ចំពោះសំណូមពរនេះ នឹងសិក្សា លើលទ្ធភាពក្នុងការផ្តល់ដោយផ្ទាល់នូវអ្នកជំនាញ ដើម្បីជួយការ បណ្តុះ បណ្តាលលើវិស័យ ICT និងការអភិវឌ្ឍកម្មវិធីសិក្សាទៅដល់វិទ្យា ស្ថានជាតិ NIPTICT៕




No comments:

Post a Comment