Friday, October 19, 2018

លោកនាយករដ្ឋមន្រ្តីរុស្ស៊ី​ ថ្លែងថា រុស្ស៊ីបង្វែរបំណុលដែលកម្ពុជាជំពាក់ទៅជាការវិនិយោគនៅកម្ពុជាព្រមទាំងផ្តល់ជំនួយបច្ចេកទេស​មួយចំនួនទៀតដល់កម្ពុជា

នៅថ្ងៃដដែលនេះដែរ​ បន្ទាប់ពីជំនួបទ្វេភាគី​ ជាមួយនាយករដ្ឋមន្ត្រីចិនរួចមក​ លោក ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានបន្តជួបពិភាក្សាទ្វេភាគីជាមួយ​ លោក ដិមិទ្រី មីតដ្វេដែវ (Dmitry Medvedev) នាយករដ្ឋមន្រ្តីរុស្ស៊ី ដែលធ្វើឡើងនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។
នៅក្នុងជំនួបនេះ​ លោក​នាយករដ្ឋមន្ត្រី​ រុស្ស៊ី​ បានមានប្រសាសន៍ថា លោកពិតជា​មានការ​រីករាយដោយបានជួបលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន សារថ្មីម្តងទៀត បន្ទាប់ពីជួបលោកក្នុង​ឱកាសនៃការ​អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីឆ្នាំ២០១៥។ លោកបានមានប្រសា​សន៍​​បន្តថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី ពិតជាមានភាពល្អប្រសើរខ្លាំង​ណាស់ ក្នុងពេលបច្ចុប្បន្ន។ លោកបានបន្តថា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល គឺជា​ឱកាសដ៏ល្អ និងមានសារ:សំខាន់បំផុត ក្នុងការដែលផ្តល់ឱកាសឲ្យរូបលោក បានជួបសន្ទនា​ដោយផ្ទាល់ជាមួយលោក ហ៊ុន សែន សារជាថ្មីម្តងទៀត។
​​ក្នុងជំនួបពិភាក្សាគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរាបជូនលោកនាយករដ្ឋមន្រ្តី រុស្ស៊ី ពីការ​ដែល​កម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ក្នុងឆ្នាំ​២០២០ខាងមុខ និងសូមអញ្ជើញ​លោកនាយករដ្ឋមន្ត្រីរុស្ស៊ីចូលរួមក្នុងកិច្ចប្រជុំកំពូលនោះផងដែរ។ តាមរយ:កិច្ចសន្ទនាដោយផ្ទាល់នោះដែរ លោកមានប្រ​សា​សន៍​ថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅបំផុតជូនចំពោះលោកនាយក​រដ្ឋមន្រ្តី ដែលបានផ្ញើសារលិខិតចូលរួមអបអរសា​ទរ និងជូនពរលោកដែលត្រូវបាន​តែង​តាំងជានាយករដ្ឋមន្រ្តីសារជាថ្មីម្តងទៀត។
​​លោកនាយក​រដ្ឋ​មន្រ្តីរុស្សី​ បានមានប្រសាសន៍ថា រុស្សីតែងតែគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រទេសកម្ពុជា​។ លោកបន្តថា លោកបានជួបសន្ទនាដោយផ្ទាល់ជាមួយលោកមុនពេល ដែលកម្ពុជារៀប​ចំ​ការបោះឆ្នោត ហើយលោកបានប្រាប់ពីការបោះឆ្នោតនៅកម្ពុជា​ ហើយតាមរយៈនោះ​លោកបានបញ្ជូនអ្នក​សង្កេតការណ៍ការបោះឆ្នោតមកកាន់កម្ពុជាផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងរុស្ស៊ី ពិសេសសូមអរគុណចំពោះ​រុស្ស៊ីដែលបានបញ្ជូនអ្នកសង្កេតការណ៍ និងសម្ភារៈមួយចំនួនដល់ដំណើរការបោះឆ្នោតក្នុងប្រ​ទេសកម្ពុជា។ លោកក៏បានលើកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងរុស្ស៊ី លើការ​ប្រ​យុទ្ធ​ប្រឆាំងភេរវកម្ម តាមរយៈនេះលោកស្នើឲ្យមានការពង្រឹងថែមទៀត លើកិច្ចសហប្រតិបត្តិ​ការ​លើការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ពិសេសការបង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រ​ពីរុស្ស៊ី លើវិស័យព័ត៌មាន ពិសេសកិច្ចសហប្រតិបត្តិការរវាង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ជាមួយ​នឹងទីភ្នាក់ងារសារព័ត៌មានតាស់របស់រុស្សី ដែលគ្រោងបើកនៅប្រទេសកម្ពុជានាពេល​ខាងមុខ។
ក្នុងជំនួបទ្វេភាគីនោះដែរ ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍លើកឡើងពី​បំណុល​ដែល​កម្ពុជាជំពាក់អតីតសហភាពសូវៀត ពោលគឺកម្ពុជាចង់បង្វែរបំណុលនោះ ទៅជាការវិនិយោគ​នៅកម្ពុជា។ លោកក៏បានអរគុណចំពោះរុស្ស៊ី ដែលបានសន្យាជួយដល់ការធ្វើឲ្យទំនើបនីយកម្ម នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ លោកបានចាត់ទុកថា មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត គឺពិតជាមាន​តម្លៃ​បំផុតសម្រាប់កម្ពុជា រួមទាំងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាតិចណូផងដែរ។
​​លោកនាយករដ្ឋមន្រ្តីរូស្ស៊ីបានមានប្រសាសន៍បន្តថា រុស្សីនឹងបន្តសហការជាមួយកម្ពុជា ទៅលើវិស័យជាច្រើនរួមទាំងវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បីឲ្យទំនាក់ទំនង​ នៃប្រ​ទេសទាំងពីរកាន់តែរឹងមាំទ្វេឡើងថែមទៀត។ លោកបន្តថា ចាប់ពីឆ្នាំ២០១៩ទៅ រុស្ស៊ីនឹងផ្តល់​ជំនួយ​មួយចំនួនដល់ប្រទេសកម្ពុជា ហើយតាមរយៈការបញ្ជូនប្រធានថ្មីរុស្សី នៃគណៈកម្មការ​អន្តររដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ដែលគ្រោងនឹងបើកកិច្ចប្រជុំនៅក្នុងខែមករា ឆ្នាំ២០១៩។

ពាក់ព័ន្ធទៅនឹងបំណុលដែលកម្ពុជាជំពាក់នោះលោកនាយករដ្ឋមន្រ្តីរុស្ស៊ីមានប្រសាសន៍ថា រុស្ស៊ីនឹងប្រើប្រាស់បំណុលនោះ សម្រាប់ជាការវិនិយោគនៅកម្ពុជា ដែលនោះគឺជាអាទិភាពដ៏ល្អ​សម្រាប់កម្ពុជាដែលរុស្ស៊ីចង់ជួយ។ លោកក៏បានជំរាបពីការផ្តល់ជំនួយបច្ចេកទេស​មួយចំនួន ក្រៅពីការជួយដល់ការជួសជុលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រុស្ស៊ីក៏មានបំណងជួយ​ដល់ការជួសជុលប្រាសាទបុរាណមួយចំនួនរបស់កម្ពុជាផងដែរ ដោយសារតែមានអ្នកទេសចរណ៍​រុស្ស៊ីជាច្រើន បានទៅទស្សនា និងចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសកម្ពុជា៕




No comments:

Post a Comment