Friday, October 19, 2018

ក្រសួងបរិស្ថានលើកទឹកចិត្តក្រុមហ៊ុនលើការផ្គត់ផ្គង់ទោចក្រយាន្តយន្តអគ្គិសនី រួមចំណែកជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមានលើបរិស្ថាន

នៅក្នុងពិធីសម្ពោធក្រុមហ៊ុនអិមស៊ីអិលអេស ស៊ីនើជី ឯ.ក នៅព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ ២០១៨ នារាជធានីភ្នំពេញ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការតំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវការអបអរសាទរ និងលើកទឹកចិត្តដល់ក្រុម​ហ៊ុនវិនិយោគផ្គត់ផ្គង់ទោចក្រយាន្តយន្តអគ្គីសនីនៅកម្ពុជា។ លោក បានសង្កត់ធ្ងន់ថា នេះជាការរួមចំណែកជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមានលើបរិស្ថាន ព្រមទាំងមានការសន្សំសំចៃថវិការបស់ប្រជាពលរដ្ឋផងដែរ។
លោក អ៊ាង សុផល្លែត បានបន្ថែមថា ក្រសួងបរិស្ថាន បាននិងកំពុងជំរុញបន្តនូវការដឹកនាំនិងគ្រប់គ្រងកិច្ចគាំពារបរិស្ថានការអភិរក្សជីវៈចម្រុះការប្រើប្រាស់ធនធានធម្មជាតិ ឱ្យបានសមស្របនិងមាននិរន្តរភាព និងការរស់នៅដោយចីរភាពសម្រាប់ជាឧត្តមប្រយោជន៍យូអង្វែងរបស់ប្រជាជនកម្ពុជា គ្រប់រូបនិងគ្រប់ជំនាន់នៅក្នុងព្រះរាជាណាចក្រម្ពុជា។ ក្នុងន័យនេះ ការកាត់​បន្ថយនូវឥទ្ធិពលអវិជ្ជមានលើបរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលស្អាត គឺអាទិភាពមួយនៃកិច្ចគាំពារបរិស្ថាន ក៏ដូចជាការបង្កនូវលក្ខណៈសមស្របសម្រាប់ការរស់នៅប្រកបដោយចីរភាព។

លោកស្រី ពុទ្ធ ថាលីដា អគ្គនាយក្រុមហ៊ុន MCLS Synergy បានឱ្យដឹងថា ក្រុមហ៊ុន បានសម្រេចចិត្តនាំយកម៉ូតូអគ្គិសនីTHADA មកកាន់កម្ពុជា ព្រោះជាផលិតផលតាមបច្ចេកវិទ្យាទំនើប មិនបញ្ចេញផ្សែង សម្លេងស្ងាត់ មានការធានាលើគុណភាពសម្រាប់ការប្រើប្រាស១ឆ្នាំ ពីក្រុមហ៊ុនផ្គត់ផ្គង់។ ម៉ូតូនេះសន្សំសំចៃការចំណាយលើការបញ្ជូលអគ្គិសនី ជាងលើការប្រើប្រាស់ប្រេងឥន្ធនៈរហូតដល់៩០% ហើយអាចរត់បានរហូតដល់៦០គីឡូម៉ែត្រ៕













No comments:

Post a Comment