Friday, October 19, 2018

លោកស្រី ម៉ែន សំអន អញ្ជើញសម្ពោធអាគារស្នាក់ការកណ្ដាលសមាគមសម្ព័ន្ធខ្មែរ-ចិន

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអាគារស្នាក់ការកណ្ដាល សមាគមសម្ព័ន្ធខ្មែរ-ចិន ដែលមានទីតាំង ស្ថិតនៅបូរីរុងរឿង នៃគម្រោងអភិវឌ្ឍន៍ទីក្រុងរណបតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។
លោកស្រី ម៉ែន សំអន បានថ្លែងនូវការអបអរសាទរ និងការកោត​សរសើរដោយស្មោះ ចំពោះសមាគមសម័ន្ធ ខ្មែរ-ចិន ដែលមាន ឧកញ៉ា ពុង ឃាវសែ ជាប្រធាន បានដំណើរ​ការប្រកបដោយជោគជ័យក្នុងបេសកកម្ម បំរើដល់មនុ​ស្សធម៌ផងជួយសង្គមជាតិផង និងជំរុញអាជីវកម្ម និងវិនិយោគផង ជាពិសេសវិនិយោគរវាងកម្ពុជា និងចិន។ លោកស្រីបានបញ្ជាក់បន្ថែមថា ថ្វីត្បិតតែ អគារទីស្នាក់ការកណ្តាល ដ៏ប្រណិត ដែលយើងទាំងអស់គ្នាកំពុងសម្ពោធជាផ្លូវការនេះ ជាអគារថ្មីមែន តែសមាគមសម្ព័ន្ធ ខ្មែរ-ចិន បានកកើត និងបានរួមសហការជាមួយរាជរដ្ឋាភិបាលតាំងពីឆ្នាំ១៩៩០ មកម៉្លេះ ពោលគឺមកទល់ពេលនេះមានរយៈពេល ២៨ ឆ្នាំ។
លោកស្រីឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តទៀតថា នៅក្នុងក្របខណ្ឌតំបន់ ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” ការបង្កើត “មូលនិធិផ្លូវសូត្រ” និង “ធនា​គារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី” ដើម្បីពង្រឹងភាព​ជាដៃគូ និងជំរុញការអភិវឌ្ឍតាមយុទ្ធសាស្ត្រ “ឈ្នះ ឈ្នះ” រវាងប្រទេសក្នុងរង្វង់តំបន់ខ្សែក្រវ៉ាត់ និងផ្លូវសូត្រ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការតភ្ជាប់ទំនាក់​ទំនង ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន ប្រជាជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និង វិស័យគន្លឹះផ្សេងៗទៀត។ លោកស្រីមានជំនឿយ៉ាងមុតមាំថា សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា ពុង ឃាវសែ រួមជាមួយ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃសមាគមនឹងបន្តការគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តជំរុញការចូលរួមលើកកំពស់ទំនាក់ទំនងកម្ពុជា-ចិន កានតែប្រសើរឡើងបម្ថែមទៀត។

ជាទីបញ្ចប់ លោកស្រី រួមជាមួយ អ្នកឧកញ៉ា និងអ្នកចូលរួម ក៏បានអញ្ជើញទស្សនាបរិវេណក្នុងទីស្នាក់ការ និងបន្តទៅទស្សនាទីតាំងសាងសង់សាកលវិទ្យាល័យពហុបច្ចេកវិទ្យាកម្ពុជា ចិន ដែលមានចំងាយប្រមាណជាង ២គីឡូម៉ែត្រពីទីស្នាក់ការសមាគមនោះផងដែរ៕




No comments:

Post a Comment