Thursday, September 20, 2018

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូយុវជនកម្ពុជានៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ &ជប៉ុន (SSEAYP)

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ &ជប៉ុន (SSEAYP) លើកទី៤៥ នៅទីស្តីការក្រសួង។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះមានរយៈពេល៥២ថ្ងៃ ដែលប្រតិភូ យុវជនកម្ពុជា នឹងត្រូវចេញដំណើរការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ និងត្រលប់មកដល់កម្ពុជាវិញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ យុវជនអាស៊ាន និងជប៉ុនទាំងអស់៣៣០នាក់ នឹងត្រូវជួបគ្នាមុនដំបូង នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមកម្មវិធីបើកជាផ្លូវការ។ យុវជនទាំងអស់ នឹងត្រូវបែងចែងជាក្រុមដែលមានប្រទេសទាំង១១ ចូលរួមគ្នា ហើយធ្វើទស្សនកិច្ចទៅតំបន់ផ្សេងៗ នៅក្នុងប្រទេសជប៉ុន។ ពេលត្រឡប់ពីទស្សនកិច្ច ប្រតិភូយុវជនទាំងអស់ នឹងត្រូវបន្ដដំណើរ តាមនាវា១គ្រឿង ដែលមានឈ្មោះថា Nippon Maru ដើម្បីទៅកាន់ប្រទេសចំនួន៤ទៀត គឺប្រទេសប្រ៊ុយណេ, ប្រទេសហ្វីលីពីន, ប្រទេសថៃ និងប្រទេសវៀតណាម។
សូមជម្រាបថា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ត្រូវបានបង្កើត ឡើងនៅក្នុងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៤ ដោយសមាជិក ដែលជាអតីត ប្រតិភូយុវជនមួយចំនួន ក្រោមការជួយជ្រោមជ្រែងពីក្រសួង អប់រំយុវជន និងកីឡា។ សមាជិកសរុបរួមទាំង ឆ្នាំ២០១៨នេះ មានចំនួន៥៦៩នាក់ និងសមាជិកទាំង១១ប្រទេស មានអាស៊ាន និងជប៉ុន សរុបចំនួន ១៣,៧០៣នាក់។
សមាគមនេះ បង្កើតឡើងក្នុងគោលបំណង៤ សំខាន់ៗរួមមាន៖
ទី១៖ ជាឆ័ត្រមួយដែលថែរក្សា និងពង្រឹងទំនាក់ទំនងមិត្ដភាព សាមគ្គីភាព រវាងអតីតប្រតិភូទាំងអស់។
ទី២៖ រៀបចំវគ្គបណ្ដុះបណ្ដាលមុនពេលចេញដំណើរ ដើម្បីជាការចែករំលែក ចំណេះដឹង និងបទពិសោធន៍ គ្រប់ជ្រុងជ្រោយជូនប្រតិភូយុវជន ជំនាន់ក្រោយឱ្យចូលរួមកម្មវិធីប្រកបដោយប្រសិទ្ធភាព និងជោគជ័យ។
ទី៣៖ ប្រមូលផ្ដុំកម្លាំង ធនធាន និងបំផុសទឹកចិត្តឱ្យយុវជន ឱ្យចេះផ្ដួចផ្ដើម គំនិតក្នុងការបង្កើត និងចូលរួមគម្រោងជួយសង្គមឱ្យបានកាន់តែសកម្ម។
ទី៤៖ ចូលរួមសម្រេចឱ្យបាននូវគោលបំណងរបស់កម្មវិធីនាវាយុវជនអាស៊ី អាគ្នេយ៍ និងជប៉ុន៕




No comments:

Post a Comment