Thursday, September 20, 2018

លោករដ្ឋមន្ត្រី ថោង ខុន ជួបពិភាគ្សាការងារជាមួយក្រុមហ៊ុនទេសចរណ៍ធំជប៉ុន ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា-ជប៉ុន

ក្នុងឱកាសអញ្ជើញទៅចូលរួមកិច្ចប្រជុំតុមូល ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍លើកទី២ និងក្នុងឱកាសចូលរួមពិព័រណ៌ JATA នៅតូក្យូ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដាច់ដោយឡែកពីគ្នាជាមួយលោក Hiroyuki Takahashi ប្រធាន និង ជាគណប្រតិបត្តិ ក្រុមហ៊ុនទេសចរណ៍ជប៉ុន Japan Travel Bureau JTB និង លោក Kazufumi TAKAI ប្រធាន ក្រុមហ៊ុន Asia Pacific Express Tour APEX និង លោកស្រី Yuko ISHIDA អនុប្រធានសាកលវិទ្យាល័យ សេដ្ឋកិច្ចហីរ៉ូហ្សីម៉ា Hiroshima University of Economics HUE ។
កិច្ចពិភាក្សា បានផ្តោតជាសំខាន់លើការរិះរកវិធីជំរុញទេសចរជប៉ុនមកកម្ពុជា ក៏ដូចជាទេសចរប្រទេសទី៣ ពីជប៉ុនមកកម្ពុជា និងទេសចរ កម្ពុជានិងប្រទេសទី៣ ពីកម្ពុជាទៅជប៉ុន និងការផ្លាស់ប្តូរទស្សនកិច្ច និស្សិតឱ្យបានកាន់តែច្រើនថែមទៀតផងដែរ។ គ្រប់ភាគីបានឯកភាពគ្នាថា ការជំរុញបង្កើតផលិតផលទេសចរណ៍ថ្មីៗ រួមមានការបង្កើតតំបន់ទេសចរណ៍ សម្រាប់សម្រាកកំសាន្ត រួមទាំងការយកចិត្តទុកដាក់ការពង្រឹងការអកិវឌ្ឍន៍សហគមន៍ទេសចរណ៍ស្អាត បៃតង តាមស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន ការអភិវឌ្ឍន៍និងការផ្សព្វផ្សាយគោលដៅទេសចរណ៍ បេតិកភណ្ឌថ្មី ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក ការផ្សព្វផ្សាយគោលដៅទេសចរណ៍ទីក្រុងបាត់ដំបង ការវិនិយោគអោយមានសេវាស្នាក់នៅ សេវាហូបចុកគ្រប់គ្រាន់នៅតាមគោលដៅទេសចរណ៍ បេតិកភណ្ឌពិភពលោកថ្មីៗ សណ្ឋាគារប្រណិត ផ្កាយ៤ ផ្កាយ៥ នៅគ្រប់គោលដៅទេសចរណ៍ធំៗ ការបណ្តុះបណ្តាល ភាសា និងជំនាញ ការជំរុញអោយមានការហោះហើរត្រង់ពីជប៉ុន មកកាន់សៀមរាប ឬ ជប៉ុន ភ្នំពេញ សៀមរាប និង ការសម្រួលបែបបទធ្វើដំណើរ ដែលក្នុងនោះបញ្ហាទិដ្ឋាការក៏ត្រូវបានជជែកពិភាក្សាផងដែរ។
គួរកត់សម្គាល់ផងដែរថា ក្នុងកិច្ចពិភាក្សានេះ ការត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដើម្បី រួមចំណែកអបអរសារទរ ខួបលើកទី៦៥ ថ្ងៃ បង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា- ជប៉ុន ដែលគ្រោងធ្វើចុងឆ្នាំ២០១៨នេះ និងរៀបចំព្រិត្តិការណ៍ Mekong Excahange Year 2018 ក៏ត្រូវបានលោក ថោង ខុន និង ក្រុមហ៊ុនJTB ក្រុមហ៊ុន APEX លើកយកមកពិភាក្សាគ្នាផងដែរ។
សូមបញ្ជាក់ថា ឆ្នាំ២០១៧ ទេសចរជប៉ុន មកកម្ពុជាមានចំនួនជាង២០ម៉ឺននាក់ ស្ថិតលំដាប់ទី៧ ក្នុងកំណើន ៧% រីឯទេសចរកម្ពុជាទៅទស្សនាជប៉ុន មានចំនួនប្រមាណ១ម៉ឺននាក់ផងដែរ៕







No comments:

Post a Comment